រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាស និងការងារក្នុងវិស័យទេសចរណ៍បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយពី “នីតិវិធី និងលក្ខខណ្ឌ ដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យ បញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា” ដែលជាយន្តការបន្ថែមក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក។
ឯកឧត្តម មានប្រសាសន៍ថា កម្មវិធីធានាឥណទាន (Credit Guaranteed Scheme) បានដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បីផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នកម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូង សមមូលនឹងទឹកប្រាក់ ២០០លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្ថែមថា កម្មវិធីធានាឥណទាននេះ នឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះ ម្ចាស់អាជីវកម្មទេសចរណ៍ អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមា រហូតដល់៤០០,០០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទានប្រចាំឆ្នាំ ៦.៥% ដោយមាន ឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។
លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជា បានបញ្ជាក់ថា អាជីវកម្មទេសចរណ៍ ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួន ដូចជា៖ ១).អាជីវកម្ម ដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ ភាគហ៊ុនលើសពី៥០%), ២).អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរព័ន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទយលបានការធានាឥណទាននិង ៣).អាជីវកម្មដែលមានលទ្ធភាពសងត្រលប់វិញ។ លោកបាន បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន (Letter of Guarantee-LG) អាជីវកម្ម ទេសចរណ៍អាចធ្វើការទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្ប ទានស្តារនិងជំរុញកំណើនទេសចរណ៍ ដោយគ្រាន់តែបញ្ជាក់ថា អាជីវកម្មមានតម្រូវការស្នើសុំលិខិតធានា ឥណទានឬទេ? ក្រោមការអនុម័តកម្ចី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនឹងដាក់ពាក្យស្នើសុំមកសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់លិខិតធានាឥណទានជាការស្រេច។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១,១៩៦ទីតាំង ដែលបានបិទ/ផ្អាកដំណើរ ក្នុងនោះ មូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៤៩៨ទីតាំង បានបិទទ្វារ និង៦៩៨ទីតាំង បានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន ២១,៩៩៨នាក់។
ឯកឧត្តម សុង តុងហាប់ បានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះ នឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ ក្នុងការជំរុញកតាលីករនៃវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង ១១លាននាក់ នៅឆ្នាំ២០២៣៕ សុខ សារ៉ាយ


ចែករំលែកព័តមាននេះ