ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយពីបទដ្ឋានគតិយុត្តិនានា ក្នុង​ការ​គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

1 ឆ្នាំ មុន
  • កែប

ខេត្តកែប៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបទដ្ឋានគតិយុត្តិនានា ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ សិក្ខាសាលានេះ…

ខេត្តកែប៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបទដ្ឋានគតិយុត្តិនានា ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ សិក្ខាសាលានេះ បានរៀបចំនៅ​សាលប្រជុំ​ធំ​នៃខេត្តកែប ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក រួមទាំងអភិបាលខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរម្លឹកទ្បើងវិញ អំពីសាវតានៃយន្តការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​។

លោកថា ដោយពិនិត្យ និងវាយតម្លៃឃើញពីភាពចាំបាច់ក្នុងការអភិរក្ស និងជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងទេសចរណ៍បានចងក្រង និងរៀបចំឯកសារ​បច្ចេកទេសដើម្បីស្នើដាក់បញ្ចូលបេក្ខភាពតំបន់ឆ្នេរសមុទ្រកម្ពុជា ទៅក្នុងក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោកកាល ក្នុងឆ្នាំ២០០៩ និងទទួលស្គាល់ជាបេក្ខភាព ក្នុងឆ្នាំ២០១០។

លោកបន្តថា ដោយសារភាពទោល (Uniqueness) នៃសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលសម្បូរ​ទៅ​ដោយធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈ​ចំរុះ​ដ៏សំបូរបែបនានា ទាំងក្នុងទឹកសមុទ្រ និងលើ​គោក ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត ត្រូវបានដាក់បញ្ចូលទៅជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុត​លើសកលលោក កាលពីថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេនេហ្គាល ក្រោមឈ្មោះរួមតែមួយ គឺឆ្នេរសមុទ្រកម្ពុជា (Cambodia Bay) និងត្រូវបានប្រសិទ្ធនាមថា ឆ្នេរសមុទ្រកម្ពុជា “តារារៈ នាទិសនិរតី”។

លោកបញ្ជាក់បន្ថែមថា ការបញ្ចូលជាសមាជិកក្លឹបឆ្នេរនេះ ខេត្តនិមួយៗ មានឡូហ្គូដោយឡែកៗ​ពីគ្នា និងការអភិវឌ្ឍឆ្នេរត្រូវគោរពតាមគោលការណ៍ លក្ខខណ្ឌ និងសូចនាករ ដែលបាន​ដាក់ចេញ​ដោយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

លោកអនុប្រធានអចិន្ត្រៃយ័ គ.អ.ឆ.ក ក៏បានថ្លែងឲ្យដឹងអំពីលក្ខខណ្ឌតម្រូវនៃសមាជិកភាព​របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសាកលលោកផងដែរ នោះគឺការគ្រប់​គ្រង​ធនធានធម្មជាតិ និងការធានានូវចីរភាពនៃការអភិវឌ្ឍ ដោយមានយន្តការគ្រប់គ្រងច្បាស់លាស់។ ឆ្លើយតបទៅនឹងលក្ខ័ណ្ឌនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលជាយន្តការអន្តរក្រសួងមួយ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០២១២/០៧៩ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីធានាដល់ការគ្រប់គ្រងធនធានធម្មជាតិតំបន់​ឆ្នេរ ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកដោយចីរភាព ទាំងទិដ្ឋភាពទេសចរណ៍ បរិស្ថាន នគរូបនីយកម្ម និងសង្គម។

លោកបន្ថែមទៀតថា ស្របជាមួយគ្នានោះ ពិធីបុណ្យសមុទ្រត្រូវបានបង្កើតឡើង ដើម្បីធ្វើការផ្សព្វផ្សាយនិងជម្រុញវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយកខេត្តតំបន់ឆ្នេរធ្វើជាម្ចាស់ផ្ទះវិលជុំរៀបចំ៤ឆ្នាំម្តង ហើយឆ្នាំនេះគឺជាជុំទី៤ ដែលនឹងត្រូវរៀបចំឡើងនាខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ អមដោយការរៀបចំមហា​សន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលកម្ពុជាទទួលបានសិទ្ធធ្វើជា​ម្ចាស់ផ្ទះ។ ប៉ុន្តែ​ជាគោលការណ៍ និងជាលក្ខណ្ឌនៃក្លឹបឆ្នេរសមុទ្រ ដែលសម្អាតជាងគេបំផុតលើសាកលលោក ប្រសិនបើសមាជិកឆ្នេរណាមួយ មានការធ្វេសប្រហែសពុំបានគ្រប់គ្រងតំបន់ឆ្នេរ របស់ខ្លួនបានល្អនោះទេ ពិសេសការបំពុលបរិស្ថាន និងជីវចម្រុះ សមាជិកភាពនឹងត្រូវបញ្ចប់។

លោក ថោង ខុន បានថ្លែងបញ្ជាក់ថា ក្រោយចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាត​ជាងគេបំផុតលើសាកលលោក និងការរៀបចំពិធីបុណ្យសមុទ្រប្រកបដោយជោគជ័យ​ជាបន្តបន្ទាប់ តំបន់ឆ្នេរសមុទ្រកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៩ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១លាន ២សែននាក់ កើនឡើង ៣៧.៣% បើធៀបនឹងឆ្នាំ២០១៨ និងភ្ញៀវទេសចរជាតិមកកម្សាន្ត​ក្នុងឆ្នាំ២០១៩ មានចំនួនសរុប ៣លាន ២សែននាក់។

លោកថា ដើម្បីធានាអោយបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចទេសចរណ៍ឥតឈប់ឈរ នៅតំបន់ឆ្នេរសមុទ្រ រដ្ឋាភិបាលបានដាក់ចេញនូវបទដ្ឋានគតិយុត្តជាច្រើន រួមមាន សារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំ ស្តីពី ការអភិវឌ្ឍរមណីយដ្ឋានឆ្នេរ គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងបទដ្ឋានគតិជាច្រើនទៀត។

ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២០មក ស្ថានភាពពិភពលោកបានដើរដល់របត់ថ្មីមួយ ដែលបណ្ដាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ខណនៅក្នុងឆ្នាំ២០២០ ទេសចរតំបន់ឆ្នេរសមុទ្រកម្ពុជាធ្លាក់ចុះ ដោយទទួលបាន ទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ៣៥៦,៨៦៣ នាក់ ថយចុះ ៧០.៤% បើធៀបនឹងឆ្នាំ២០១៩ មានចំនួនសរុប ១,២០៤,៣៧៤ នាក់​។ ចំណែក ទេសចរជាតិមក កម្សាន្តមានចំនួនសរុប ២,៨៧៣,៤៨៣ នាក់ ថយចុះ ៩.៥% បើធៀបនឹងឆ្នាំ២០២០ មានចំនួនសរុប ៣,១៧៥,៧៨០នាក់។

ដោយទ្បែកនៅក្នុងឆ្នាំ២០២១ ទេសចរតំបន់ឆ្នេរសមុទ្រកម្ពុជាធ្លាក់ចុះ ដោយទទួលបាន ទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១០៥,៨៩២ នាក់ ថយចុះ ៧០.៣% បើធៀបនឹងឆ្នាំ២០២០ មានចំនួនសរុប ៣៥៦,៨៦៣នាក់ ។ ទេសចរជាតិមក កម្សាន្តមានចំនួនសរុប ២,០៥០,៨៦៥នាក់ ថយចុះ ២៨.៦% បើធៀបនឹងឆ្នាំ២០២០ មានចំនួនសរុប ២,៨៧៣,៤៨៣នាក់​។

ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ រាជរដ្ឋាភិបាល បាន និងកំពុងដាក់ចេញជាបន្ដបន្ទាប់នូវគោលនយោបាយ យុទ្ធសាស្ដ្រ និងវិធាននានា ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយ​វិបត្តិជំងឺកូវីដ១៩ ដែលត្រូវបានដាក់អោយប្រើប្រាស់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះ យើងសង្កើតឃើញមានការកើនឡើងនៃចំនួនទេចរឡើងវិញ។

ជាក់ស្តែងរយៈពេលបួនខែ ដើមឆ្នាំ២០២២នេះ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបាន ទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១៨០,៦៥២ នាក់ កើនឡើង ៣១០.៥% បើធៀបនឹងឆ្នាំ២០២១ មានចំនួនសរុប ៤៤,០១១ នាក់ ។ ទេសចរជាតិ មក​កម្សាន្តមានចំនួនសរុប ១,៩៤៥,៤០៩ នាក់ កើនឡើង ១១៤.៦% បើធៀបនឹងឆ្នាំ២០២១ មានចំនួនសរុប ៩០៦,៣៧២នាក់​។

តាមការព្យាករណ៍ ដោយមានការអន្តរគមន៍ពីរាជរដ្ឋាភិបាល ស្ថានភាពភ្ញៀវទេសចរ មកកាន់​តំបន់ឆ្នេរសមុទ្រកម្ពុជា រំពឹងថា នឹងវិលត្រលប់មករកស្ថានភាពដូចក្នុងឆ្នាំ​២០១៩ វិញ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិនឹងមានចំនួនប្រមាណ ១.២ លាន នាក់ ក្នុងឆ្នាំ​២០២៣ និងប្រមាណ ២.២លាន នាក់ក្នុងឆ្នាំ​២០២៥៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ