រាជធានីភ្នំពេញ ៖ អ្នកនាងខៀវ សានសាណា បានចូលរោងការជាមួយលោកសេរ៉ាស់ សាត់ធីន ជាអ្នកជំនួញអចលនទ្រព្យ កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០១៦នៅសណ្ឋាគារឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ ។ ពិធីរៀបមង្គលការនោះមានវត្តមានភ្ញៀវកិត្តិយសច្រើនរូបក្នុងនោះមានអ្នកនាងស្រីតូច ចំណាន ផងដែរ ។
បុរសជាស្វាមីបានបំពាក់ចិញ្ចៀនតម្លៃមួយម៉ឺនដុល្លារ ខណៈឈុតរ៉ូបកូនក្រមុំជាឈុតសម្រាប់ពិធីកាត់នំ សម្រិតសម្រាំងមានតម្លៃយ៉ាងពិសេសនាំពីទីក្រុងហុងកុង ។ កម្មវិធីនោះមានការចាប់រង្វាន់ជូនភ្ញៀវកិត្តិយសញ៉ាំងកម្មវិធីឲ្យរឹតតែរីករាយខ្លាំងឡើង ។
អ្នកនាងខៀវ សានសាណារៀបរាប់ក្នុងទឹកមុខញញឹមស្រស់ស្រាយថា «នាងខ្ញុំរំភើបដែលបានសម្រេចគោលដៅសំពះផ្ទឹមបាចផ្កាស្លា បានពរជ័យពីចាស់ទុំ មិត្តភក្តិ ពិសេសបានពរជ័យពីឪពុកម្តាយជាអ្នកមានគុណដោយនាងខ្ញុំបានសងគុណតាមរយៈរូបភាពនេះ គឺនាងខ្ញុំនិយាយលេងចង់ចេញទេ ។ នាងខ្ញុំនឹងខិតខំថែរក្សាចំណងស្នេហ៍នេះឲ្យបានល្អពេញមួយជីវិតស្របពេលដែលគាត់ផ្តល់កិត្តិយសជូននាងខ្ញុំ ស្រឡាញ់នាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំ ពិសេសចូលចិត្តកូននាងខ្ញុំទាំងពីរនាក់ ផ្តល់ភាពកក់ក្តៅដូចជាឪពុក។
យ៉ាងណាមិញចំពោះការចង់បានកូនជាចំណងដៃជូនស្វាមីនេះ គឺនាងខ្ញុំពិតជាឯកភាពមិនមានអ្វីលាក់លៀមឡើយ ព្រោះនាងខ្ញុំបានគាត់ជាស្វាមីហើយដោយអត់ពន្យារពេលទេមានពេលណាគឺពេលហ្នឹងតែម្តង ។
ចំពោះអាជីពសិល្បៈរបស់នាងខ្ញុំ គឺនៅតែធ្វើតាមលំដាប់លំដោយមិនបោះបង់ចោលឡើយ ណាមួយស្វាមីក៏គាត់ពេញចិត្តស្រឡាញ់អាជីពនេះដែរ » ។
មង្គលការអ្នកនាងខៀវ សានសាណា ជាមួយស្វាមីជាជនជាតិអូស្ត្រាលីលោកសេរ៉ាស់ សាត់ធីន ការរៀបចំមួយចប់កិច្ចនេះចំណាយប្រាក់ជិត៦ម៉ឺនដុល្លារ ។
បុរសជាស្វាមីសម្តែងទឹកចិត្តសប្បាយរីករាយដែលបានរៀបការជាមួយភរិយារាងតូចច្រឡឹង និងឆ្លាតវៃ ។ «ខ្ញុំមានមោទនភាពដែលបានគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរដែលខ្ញុំស្រឡាញ់ណាស់ ហើយប៉ងយូរមកហើយ គឺពិតជាស្រស់ស្អាតមើលទៅគួរឲ្យចូលចិត្តទើបខ្ញុំសម្រេចចិត្តចូលរោងការតាមបែបបុរាណខ្មែរបំពេញទឹកចិត្តភរិយារបស់ខ្ញុំផងដែរ» ៕
ចែករំលែកព័តមាននេះ