រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង សុខ ពិសី បានពោលពាក្យយ៉ាងចាក់ដោតមួយពាក់ព័ន្ធទៅនឹងរឿងគូស្រករ ក្នុងពេលដែលមហាជន ជាពិសេសប្រិយមិត្តគាំទ្រកំពុងទន្ទឹងរង់ចាំមើលអន្ទះសារ ចង់ឃើញតារារូបនេះបង្ហាញមុខគូស្នេហ៍ពិតប្រាកដ និងដឹកដៃគ្នាចូលរោងការឆាប់ៗនេះ។
បើយើងក្រឡេកទៅមើលមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនរូប ដែលបានចូលសិល្បៈជំនាន់ៗគ្នា និងមានអាយុស្របាលៗនឹង សុខ ពិសី វិញ ដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា និងមិត្តក្នុងសិល្បៈជាច្រើនរូបនេះ បានបើកចំហជីវិតឯកជនពីរឿងមានគូស្នេហ៍ ហើយខ្លះក៏បានរៀបការមានប្ដី មានកូនប្រលែងលេងជិតអស់ទៅហើយក្ដី ប៉ុន្ដែងាកទៅនាងវិញ ហាក់មិនទាន់លេចឮដំណឹងចូលរោងការទាល់តែសោះ បើទោះបីជាអាយុខ្ទង់៣០ឆ្នាំហើយក្ដី។

យ៉ាងណា ឆ្លើយតបបញ្ហាខាងលើនេះ សុខ ពិសី បានពោលពាក្យយ៉ាងចាក់ដោតទៅកាន់មហាជនមួយចំនួនដែលតែងតែចោទសួរសំណួរនេះជារឿយៗលើបណ្តាញសង្គមហ្វេសប៊ុកថា «កុំភ័យរឿងគូរស្រករ ដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ ត្រូវខ្វល់រឿងខំរកលុយអោយបានច្រើនៗទុកពេលចាស់ទៅដើរលេងអោយណាណី»។
តាមរយៈការលើកឡើងខាងលើរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្ររូបនាងមួយចំនួនហាក់ស្រងាកចិត្ត ប៉ុន្តែក៏មានអ្នកគាំទ្ររបស់នាងមួយចំនួនក៏គាំទ្រផងដែរ ក្នុងពេលដែលគេគិតថា សុខ ពិសី មិនមែនខ្វល់ពីរឿងបញ្ហាគូអនាគតនោះឡើយ គ្រាន់មិនទាន់ដល់ពេលប៉ុណ្ណោះ ព្រោះបច្ចុប្បន្ននាងក៏មានវ័យកាន់តែជ្រេហើយនោះ។
ជាការកត់សម្គាល់ ចាប់តាំងពីឈោងភាពល្បីល្បាញក្នុងពិភពសិល្បៈចម្រៀងនោះអស់រយៈពេលជាច្រើនឆ្នាំមកនេះ សុខ ពិសី ហាក់មិនដែលបានបញ្ចេញអត្តសញ្ញាណគូស្នេហ៍ពិតប្រាកដណាមួយឡើយ ប៉ុន្តែនាងក៏ធ្លាប់ពើបប្រទះរឿងអាស្រូវមួយចំនួនពាក់ព័ន្ធទៅបញ្ហាស្នេហានេះផងដែរ។

គេនៅចាំថា សុខ ពិសី ធ្លាប់បានត្រូវបានគេដាក់ការសង្ស័យថា នាងបានបង្កើតទំនាក់ទំនងក្រៅឆាកជាមួយថៅកែក្មេងផលិតកម្មសាន់ដេ ជាច្រើនឆ្នាំមកហើយ តែរហូតមកដល់ពេលនេះ ទាំងពីរនៅតែមិនហ៊ានសារភាពស្នេហ៍នោះទេ ដោយព្យាយាមមិនចង់និយាយរឿងនេះដូចគ្នា។ ជាពិសេសអ្វីដែលគេធ្វើការកត់សម្គាល់ទៀតនោះ រយៈពេលប្រមាណជិត១០ឆ្នាំ ដែល សុខ ពិសី ចូលផលិតកម្មសាន់ដេនោះ គឺផលិតកម្មមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយផ្តល់ទាំងបទចម្រៀងល្អៗ និងតំណែងជាតួឯកជាបន្តបន្ទាប់ ខណៈពេលដែលគេក៏តែងតែឃើញតារាស្រីរូបនេះ មានភាពស្និទ្ធស្នាលជាមួយកូនថៅកែផលិតកម្ម ដោយពេលខ្លះបានជិះរថយន្តជាមួយគ្នា ដូចក្រុមគ្រួសាតែមួយផងដែរ។
ប៉ុន្តែរឿងរ៉ាវខាងលើនេះ សុខ ពិសី ធ្លាប់បញ្ជាក់ថា ទំនាក់ទំនងពួកនាងទាំងពីរ គឺមិនមានអ្វីលើសពីកូនចៅ និងថៅកែនោះឡើយ។ យ៉ាងណាកន្លងមក សុខ ពិសី ធ្លាប់លើកឡើងថា បុរសណាដែលនាងជ្រើសជាគូស្នេហ៍ គឺទាល់តែពេលនាងចែកធៀបការ ទើបដឹងទាំងអស់គ្នា តែពេលនេះនាងសូមផ្តោតលើការច្រៀងសម្តែងឱ្យបានល្អជាងនេះ មិនចាំបាច់បង្ហាញមុខគូស្នេហ៍ឡើយ៕








ចែករំលែកព័តមាននេះ