ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ថោង ខុន ៖ ព័ត៌មាន គឺជាអំណាច និងបានបង្ហាញការគាំទ្រកិច្ចសហការជាមួយ កោះសន្តិភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ព័ត៌មាន គឺជាអំណាច ហើយអំណាចនៃព័ត៌មាន គឺធំធេងណាស់» នេះជាប្រសាសន៍របស់ ឯកឧត្តម ថោង ខុន…

រាជធានីភ្នំពេញ ៖ «ព័ត៌មាន គឺជាអំណាច ហើយអំណាចនៃព័ត៌មាន គឺធំធេងណាស់» នេះជាប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសអនុញាតឱ្យលោកស្រី ថុង សុវណ្ណរង្សី ប្រធានក្រុមហ៊ុនសារព័ត៌មានកោះសន្តិភាព និងក្រុមការងារចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានទេសចរណ៍កម្ពុជា និងអាស៊ាន ក៏ដូចជាការផ្សព្វផ្សាយអំពី ព្រឹត្តិការណ៍ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ (Sea Game 2023) នាពេលខាងមុខនេះ ។

កិច្ចពិភាក្សានេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ។

លោកស្រី ថុង សុវណ្ណរង្សី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា ការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា គឺពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទសកម្ពុជា ។ ជាក់ស្តែង ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ក្នុងឆ្នាំ ២០២២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិតជាមានសារៈសំខាន់នៃការបើកទំព័រទេសចរណ៍អាស៊ាន ។

លោកស្រីបានបន្តថា បន្ថែមពីលើនេះ ឆ្នាំក្រោយកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ (Sea Game 2023) ផងនោះ សារព័ត៌មានកោះសន្តិភាព មានគោលបំណងធ្វើការផ្សព្វផ្សាយព័ត៌មានអំពីទេសចរណ៍កម្ពុជា និងអាស៊ាន ក៏ដូចជា វិស័យកីឡា ឱ្យកាន់តែច្រើន និងខ្លាំងក្លា ដើម្បីជាការយល់ដឹងដល់សាធារណជនទូទៅ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកីឡានៅកម្ពុជា និងតំបន់អាស៊ានផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានកោះសន្តិភាពនៅមានការគាំទ្រច្រើនពីអ្នកអាន ហើយអ្វីដែលពិសេសនោះឯកឧត្តម ថែមទាំងចាប់អារម្មណ៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានអំពីទេសចរណ៍ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរចំពោះសារព័ត៌មានកោះសន្តិភាព ដែលបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងកីឡានាពេលកន្លងមក ទាំងលើទំព័រកាសែតបោះពុម្ភ និងគេហទំព័រ ។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសកម្ពុជា មានការធ្លាក់ចុះប្រមាណ ៨៥% ក្នុងឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ ដោយសារតែប្រទេសនិមួយៗមានគោលការណ៍ អនុវត្តការចាក់វ៉ាក់សាំងខុសៗគ្នា និងប្រទេសខ្លះមិនអនុញាតឱ្យជនជាតិខ្លួនធ្វើដំណើរទេសចរណ៍នៅឡើយ ។

ទោះជាយ៉ាងណាក៏ដោយឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ទន្ទឹមនឹងការមានវិបត្តិនៃការធ្លាក់ចុះទេសចរបរទេសមកកម្សាន្តនៅកម្ពុជា វាក៏បានបង្កើតឱកាសថ្មីផងដែរ នោះគឺចលនាទេសចរក្នុងស្រុកបានកំរើកឡើងគួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើឱ្យសារព័ត៌មានកោះសន្តិភាព សហការជាមួយមន្ត្រីពាក់ព័ន្ធរបស់ក្រសួងទេសចរណ៍ និងអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការគ្នាផ្តល់ និងផ្សព្វផ្សាយព័ត៌មាន ។ ជាពិសេសជួយផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ