ចាំទេ! អតីតតារាដ៏ល្បីល្បាញនាឆ្នាំ៩០ បង្ហើបពីមូលហេតុមិននឹកនាវិលចូលសិល្បៈវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដែលល្បីល្បាញនាទសវត្សរ៍ឆ្នាំ៩០ លោក យុត្ថារា ឆានី បានបង្ហើបមូលហេតុមួយដែលនាំអោយលោកមិននឹកនាវិលមករកអាជីពសម្តែងសាជាថ្មីវិញ ក្រោយចាកចេញអស់ជាច្រើនឆ្នាំមកដល់ពេលនេះ។ មូលហេតុនោះ ត្រូវបានលោកលើកឡើងថា ដោយសារអ្នកសិល្បៈហាក់មិនមានសេរីភាពទូលំទូលាយ ដូចជាបុគ្គលធម្មតានោះឡើយ ពោលគឺការប្រើសេរីភាព គឺត្រូវមានព្រំដែន។

លោក យុត្ថារា ឆានី បានបញ្ជាក់តាមរយៈគណនេយ្យហ្វេសប៊ុករបស់លោកថា កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះ ហើយរងនូវគំនាបផ្លូវចិត្ត ! លោកអ្នកដឹងទេថា មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ ! ។ លោកបន្ថែមថា គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅមិនដែលយកចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ ។

បើតាមលោក យុត្ថារា ឆានី ថា កត្តាទាំងនេះហើយ ដែលធ្វើអោយខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពីបុគ្គលសាធារណៈ ! តើលោកអ្នកយល់ពីអារម្មណ៌មួយនេះទេ ? សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រ និងធ្លាប់បានគាំទ្រ ។
ជាការកត់សម្គាល់លោក យុត្ថារា ឆានី គឺជាអតីតតារាសម្តែងមួយរូបដែលធ្លាប់ឈោងភាពល្បីល្បាញក្នុងពិភពខ្សែភាពយន្តខ្មែរកាលពីអំឡុងឆ្នាំ១៩៩០។ លោកស្ថិតក្នុងចំណោមតារាមួយចំនួនទៀតដូចជា លោក ទេព រិនដារ៉ា, លោក ខៃ ប្រសិទ្ធ, លោក ពេជ្រ ភារុណ, លោក សំ ដារ៉ា និងតារាសម្តែងមួយចំនួនទៀតដែលមានការពេញនិយមពីទស្សនិកជន។

រហូតមកទល់ពេលនេះ គេឃើញមានតែលោក ទេព រិនដារ៉ូ ម្នាក់គត់ ដែលបានបន្តប្រឡូកសិល្បៈយ៉ាងពេញដៃរហូតមកទល់បច្ចុប្បន្ននេះ ខណៈពេលលោក យុត្ថារា ឆានី មិនបានខ្វាយខ្វល់ពីការសម្តែងវិញឡើយ បើទោះបីជាលោកកំពុងរស់នៅស្រុកខ្មែរក៏ដោយ។
ជាការកត់សម្គាល់លោក យុត្ថារា ឆានី បានកសាងគ្រួសារថ្មីមួយទៀតយ៉ាងមានសុភមង្គល ក្រោយលោកបានចែកផ្លូវជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា អស់ជាច្រើនឆ្នាំ។ មិននឹកនាសិល្បៈជាថ្មី ប៉ុន្តែលោក យុត្ថារា ឆានី បានប្រកបរបររកស៊ីមួយចំនួននៅក្នុងដៃ ជាពិសេសគឺមុខរបរលក់ដីឡូតិ៍ ដែលមុខរបរទាំងអស់នោះក៏បានធ្វើអោយជីវភាពរបស់លោកមានភាពសមរម្យផងដែរ៕















ចែករំលែកព័តមាននេះ