ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុស្បា​ប៉ាន់ មក​ស្រុក​ខ្មែរ​វិញ ត្រៀម​បណ្ដុះបណ្ដាល​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ឱ្យ​ដូច​ប្រទេស​រីក​ចម្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា បុស្បា​ប៉ាន់ ជា​អ្នក​ចុំ​ក​រៀង​អូ​ប៉េ​រ៉ា​មួយ​រូប​នៅ​កម្ពុជា និង​ជា​អ្នក​ដែល​មាន​ជំនាញ​ខាង​ផ្នែក​និពន្ធ​បទ​ភ្លេង និង​តន្ត្រី​ផង​ដែរ បាន​ទៅ​សិក្សា​រៀនសូត្រ​បន្ថែម​នៅ​សាលា Walnuts School for the Art

រាជធានី​ភ្នំពេញ ៖ កញ្ញា បុស្បា​ប៉ាន់ ជា​អ្នក​ចុំ​ក​រៀង​អូ​ប៉េ​រ៉ា​មួយ​រូប​នៅ​កម្ពុជា និង​ជា​អ្នក​ដែល​មាន​ជំនាញ​ខាង​ផ្នែក​និពន្ធ​បទ​ភ្លេង និង​តន្ត្រី​ផង​ដែរ បាន​ទៅ​សិក្សា​រៀនសូត្រ​បន្ថែម​នៅ​សាលា Walnuts School  for the Art និង​សាលា New England Conservatory នៃ​ទីក្រុង Boston សហរដ្ឋអាមេរិក ។ នៅ​ថ្ងៃ​ទី​១២ កក្កដា ២០១៦ កញ្ញា បុស្បា​ប៉ាន់ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ក្នុង​ទឹកចិត្ត​មួយ​ចង់​ជួយ​ជំរុញ និង​លើក​ស្ទួយ​វិស័យ​សិល្បៈ​របស់​កម្ពុជា ដើរ​ឱ្យទាន់​ប្រទេស​រីក​ចម្រើន​នៅ​លើ​សាកល​លោក។

នៅ​ក្នុង​សន្និសីទ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ២០១៦ កញ្ញា បុស្បា​ប៉ាន់ បាន​និយាយ​ថា អំឡុង​ពេល​ដែល​នាង​មក​លេង​ស្រុក​ខ្មែរ​នាង​នឹង​ទៅ​បង្ហាត់​តែង​ភ្លេង​ដល់​សិស្សសាលា​មួយ​នៅ​ខេត្តសៀមរាប ។ ដោយសារ​តែ​នៅ​សហរដ្ឋអាមេរិក នាង​បាន​រៀន​បន្ថែម​ពី​ជំនាញ​តន្ត្រី​នៅ​សាលា New England Conservatory នៅ​ទីក្រុង Boston ពេល​នេះ​នាង​បាន​បញ្ចប់​ឆ្នាំ​ទី​១​ហើយ ដូចនេះ​នាង​អាច​យក​អ្វី​ដែល​នាង​រៀន​មក​ចែករំលែក​ដល់​កូន​ខ្មែរ​បាន​មួយ​ចំណែក​ដែរ  ។

កញ្ញា​បាន​បន្ត​ថា ដោយសារ​តែ​កាលពី​បួន​ឆ្នាំ​មុន​នៅ​ស្រុក​ខ្មែរ អត់​មាន​សាលា​បង្វឹក​ក្មេង ហើយដោយ​សារ​តែ​នាង​បាន​ជាប់​អាហារូបករណ៍ នាង​ក៏​បាន​ចេញ​ទៅ​រៀន​នៅ​សហ​រដ្ឋ​អាមេរិក ដំបូង​នាង​រៀន​នៅ​សាលា  Walnuts School for the Art ។ សាលា​នោះ គេ​បាន​បង្រៀន​នាង​ពី​សិល្បៈ​បែប​ប​ស្ចឹ​ម​ប្រទេស និង​បែប​អឺរ៉ុប ហើយ​ពេល​នាង​ទទួល​​បានការ​បង្រៀន​ទាំងនោះ​ហើយ បុស្បា​ក៏​មាន​បំណង​ចង់​បកប្រែ និង​ចងក្រង​ជា​សៀវភៅ​មួយ​ជា​ភាសា​ខ្មែរ ដើម្បី​ងាយស្រួល​ដល់​កូន​ខ្មែរ​ដែល​មាន​បំណង​ចង់​សិក្សា​ស្រាវជ្រាវ​សិល្បៈ​បែប​ប​ស្ចឹ​ម​ប្រទេស ។

បុស្បា​ប៉ាន់ បាន​រៀនសូត្រ​ស្រាវជ្រាវ​ពី​វប្បធម៌​ប្រទេស​ដទៃ​តាំងពី​នាង​នៅ​ក្មេង​ម្ល៉េះ ដោយសារ​តែ​នាង​ជា​ក្មេង​ម្នាក់​អាច​និយាយ​បី​ភាសា ហើយ​ក៏​ជា​ក្មេង​ម្នាក់​ដែល​មាន​ជំនាញ​ខាង​សិល្បៈ​នេះ​ដែរ ព្រោះ​នាង​អាច​លេងភ្លេង​ផង ច្រៀង​ផង និង​រាំ​បាន​ទៀត​ផង ។ បុស្បា​និយាយ​ថា នៅ​ស្រុក​ខ្មែរ​មាន​ក្មេង​ៗ​ជា​ច្រើន​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​សិល្បៈ​នេះ ប៉ុន្តែ​ការ​សិក្សា​រៀន និង​ការ​ទទួល​ចំណេះដឹង​ផ្នែក​សិល្បៈ​រវាង​ក្មេង​ៗ​ទាំងនោះ មិន​ដូច​គ្នា​នោះ​ឡើយ ក្មេង​ខ្លះ​បាន​ទទួល​ចំណេះដឹង​ច្រើន ក្មេង​ខ្លះ​ទៀត​មាន​ជំនាញ និង​ទេ​ព្យ​កោសល្យ តែ​បែរជា​មិន​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ជ្រៅជ្រះ​ទៅ​វិញ ។

បុស្បា​និយាយ​ទៀត​ថា នាង​ចង់​ជួយ​ដល់​ក្មេង​ៗ​នៅ​កម្ពុជា​ណាស់ ប៉ុន្តែ​នាង​ដឹង​ច្បាស់​ថា កម្រិត​ចំណេះដឹង​របស់​នាង​នៅ​មិន​ទាន់​អាច​ទៅ​បង្រៀន​ឱ្យ​គេ​ជឿជាក់​លើ​នាង​ទាំង​ស្រុង​ទេ ហេតុនេះ​ហើយ​នាង​ត្រូវការ​រយៈពេល​៨​ឆ្នាំ​ទៀត​នៅ​សហរដ្ឋអាមេរិក ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​សិល្បៈ​ឱ្យ​ដល់​ថ្នាក់បណ្ឌិត ដើម្បី​ចំណេះ​ទាំងនោះ មក​បង្រៀន​ដល់​កូន​ខ្មែរ និង​អ្នក​ជំនាន់​ក្រោយ​ៗ​នាង ។

លោក អ៊ឹ​ង ជិន​ណា​រី ជា​គ្រូ​របស់​បុស្បា​ប៉ាន់​ផ្ទាល់ ក៏​បាន​មាន​ប្រសាសន៍​ថា ក្នុង​ផ្នែក​សិល្បៈ​នេះ ត្រូវការ​ឱ្យ​មានការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក គឺ​យើង​ត្រូវ​រៀន​ពី​គេ ហើយ​គេ​ក៏​បាន​រៀន​ពី​យើង​វិញ​ដែរ ដើម្បី​ឱ្យ​ដឹង​ពី​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ  ។

លោក​បន្ត​ថា គោលបំណង​របស់​លោក​មក​ស្រុក​ខ្មែរ​នៅ​ពេល​នេះ គឺ​ដើម្បី​កសាង​សាលា​តែង​បទ​ភ្លេង​សម្រាប់​អ្នក​ជំនាន់​ក្រោយ ហើយ​ពេល​នេះ​មាន​សិស្ស​១២​នាក់​ហើយ ទាំង​បរទេស និង​ខ្មែរ ដើម្បី​រៀន​តែង​និពន្ធ​បទ​ភ្លេងខ្មែរ ។ លោក​ថា លោក​មក​ស្រុក​ខ្មែរ​តែ​២​ស​ប្ដា​ហ៍ តែ​លោក​នឹង​ចាត់ចែង​សម្រាប់​លោកគ្រូ អ្នកគ្រូ ដែល​ជា​អ្នក​បង្រៀន​នៅ​ក្នុង​សាលា​របស់​លោក ដោយ​ឧបត្ថម្ភ​ដល់​ពួក​គាត់​ផង​ដែរ ដើម្បី​បង្រៀន​បន្ត​ទៀត​ដល់​សិស្ស ៕