រាជធានីភ្នំពេញ ៖ ក្នុងដំណើរឈានទៅរកការចូលរួមកម្មវិធីកញ្ញាឯកពិភពលោកនាពេលអនាគតនោះ ក្រុមគ្រួសាររបស់យុវតី ល្អ ហួស បាននិងកំពុងហ្វឹកហាត់នូវជំនាញផ្សេងៗសម្រាប់រូបនាង ដើម្បីអោយនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតសម្រស់ដ៏ធំរបស់ពិភពលោកមួយនេះ។
ជាមួយនឹងការសម្រេចមហិច្ជតាខាងលើនេះ ក្រុមគ្រួសាររបស់ ល្អ ហួស ក៏បានបង្ហាញបំណងចង់អោយរូបនាងចូលរួមប្រកួតកម្មវិធី Miss Teen Cambodia នៅពេលដែលនាងមានអាយុ១៤ឆ្នាំ។ គោលបំណងនេះ ត្រូវបានលោក គីម សាន ដែលជាពូរបស់ ល្អ ហួស បានប្រកាសតាមគណនេយ្យហ្វេសប៊ុករបស់លោក ក្នុងនោះលោកក៏ចង់អោយមានការគាំទ្រពីមហាជនផងដែរ។
លោក គីម សាន បានបង្ហោះសារថា «បើសិនជាឆ្នាំក្រោយ កូនស្រី «ល្អហួស» គ្រប់អាយុ១៤ឆ្នាំ ចូលរួមក្រកួត Miss Teen Cambodia តើបងប្អូនជួយគាំទ្រដែរឬទេ?»។
តាមរយៈសារខាងលើនេះ គេបានឃើញមហាជនជាច្រើនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ព្រោះការចូលរួមនេះ គឺជំហានដំបូងសម្រាប់ដុះខាត់សមត្ថភាព ល្អ ហួស មុនឈានឆ្ពោះទៅកាន់កម្មវិធីលំដាប់ពិភពលោកនាពេលអនាគត។
ជាការកត់សម្គាល់ កូនស្រីតែម្នាក់គត់របស់តារាសម្តែង ដេនី ក្វាន់ គឺកុមារី ល្អ ហួស បាននិងកំពុងវិវឌ្ឃន៍ខ្លួនលើការសិក្សាផ្នែកសិល្បៈជាច្រើនទម្រង់ និងចំណេះដឹងទូទៅជាច្រើនទៀត ក្នុងដំណើរឈានឆ្ពោះទៅកាន់ការចូលរួមប្រឡងក្នុងកម្មវិធីណាមួយនៃកញ្ញាឯកលំដាប់ថ្នាក់ពិភពលោក។
កុមារី ល្អ ហួស ត្រូវបានគេមើលឃើញថា នាងមានរូបសម្រស់ស្រស់សោភា បូករួមជាមួយនឹងដុងសិល្បៈផងនោះ ទើបក្រុមគ្រួសាររបស់នាងបានដាក់គោលដៅឲ្យនាងសិក្សាលើជំនាញសិល្បៈគ្រប់ទម្រង់ ដើម្បីនាំនាងឲ្យចូលរួមប្រឡងកញ្ញាឯកនាពេលអនាគត។
ក្នុងវ័យប្រមាណជា១៣ឆ្នាំ កុមារី ល្អ ហួស កំពុងតែសិក្សាជំនាញសិល្បៈជាច្រើនទម្រង់នៅផ្ទះរបស់នាង ដោយមានការបង្ហាត់បង្រៀនយ៉ាងត្រឹមត្រូវពីអ្នកគ្រូសិល្បៈដែលមានជំនាញ ដោយនៅក្នុងនោះ នាងក៏កំពុងតែសិក្សាភាសាបរទេសចំនួន៣ផងដែរ។
លោក គីម សាន ដែលត្រូវជាពូរបស់ ល្អ ហួស បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា «មកទល់បច្ចុប្បន្ននេះ ល្អ ហួស កំពុងតែវិវឌ្ឃន៍ខ្លួនបានយ៉ាងល្អ ក្នុងការទទួលយកការហាត់រៀនពីទម្រង់សិល្បៈខ្មែរជាច្រើនប្រភេទ ដោយនាងមានគ្រូមកពីសាលាវិចិត្រសិល្បៈមកជួយបង្ហាត់បង្រៀន»។
លោកបញ្ជាក់ថា «ល្អ ហួស នាងមានទេពកោសល្យច្រើន ដោយនៅក្នុងនោះនាងអាចរាំចំនួនប្រហែល៦របាំដែលស្ទាត់ជំនាញមានដូចជា របាំអប្សរា របាំរាំជាជួរ បួងសួង និងថ្វាយព្រះពរ ក្នុងនោះនាងក៏អាចចេញជំនាញសិល្បៈច្រៀង សម្តែង និងដើរបង្ហាញម៉ូតផងដែរ»។
បើតាមលោក គឹម សាន ថា «រៀងរាល់ថ្ងៃ ល្អ ហួស គឺមានការខិតខំរៀនយ៉ាងខ្លាំងផងដែរ ទៅលើជំនាញភាសាចំនួន៣មានដូចជា ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ប៉ុន្តែសម្រាប់ការហាត់រៀនជំនាញរបាំខ្មែរនោះ គឺនាងមិនភ្លេចឡើយ ព្រោះនាងចូលចិត្តហាត់របាំខ្មែរជាងជំនាញណាៗទាំងអស់»។
លោកបន្ថែមថា «ក្នុងមួយសប្តាហ៍ គឺ ល្អ ហួស ទទួលការហាត់រៀនពីការដើរម៉ូតចំនួន១លើក និងការរៀបចំខ្លួនឲ្យបានសាកសម ព្រោះនាងមានក្តីស្រមៃចង់ក្លាយជាកញ្ញាឯកចក្រវាទ្យនាពេលអនាគត ហេតុនេះនាងត្រូវតែខំប្រឹងហាត់រៀនចាប់ពីពេលនេះទៅ»។
លោកថា «ទម្រាំដល់ពេលមួយដែលនាងអាចចូលរួមនៅក្នុងកម្មវិធីប្រឡងកញ្ញាឯកណាមួយលក្ខណៈពិភពលោកនាពេលអនាគតនោះ គឺនាងអាចយល់យ៉ាងច្បាស់ពីចំណេះដឹងទូទៅទាំងភាសា និងការបង្ហាញពីចំណេះជំនាញលើការដើរម៉ូត និងសម្តែងទម្រង់សិល្បៈរបស់ខ្មែរយើង»។
លោក គឹម សាន បានឲ្យដឹងទៀតថា «សព្វថ្ងៃ ល្អ ហួស បាននិងកំពុងសិក្សាចំណេះទូទៅថ្នាក់ទី៦ នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ ហើយឆ្លៀតពេលទំនេរពីការសិក្សានាងក៏ទទួលថតជាភាពយន្ត និងស្ពតពាណិជកម្មនានាផងដែរ តាមពេលវេលាដែលអំណោយផល»។
លោកថា «ល្អហួស អាចសម្តែងតួបានគ្រប់ទម្រង់មិនថា តួស្លូត តួកាចនោះឡើយ ហើយនៅពេលដែលនាងសម្តែងម្តងៗ គឺនាងតែងតែទទួលបានការលើកសរសើរពីម្ចាស់ផលិតករជាបន្តបន្ទាប់ ពោលគឺនាងអាចសម្តែងបានទាំងអស់តាមការចង់បានពីផលិតករ»។
លោកបញ្ជាក់ថា «ក្រុមគ្រួសាររបស់ ល្អ ហួស នៅតែរំពឹងខ្ពស់ថា នាងនឹងអាចចូលរួមកម្មវិធីប្រឡងកញ្ញាឯកណាមួយនាពេលអនាគត ដោយសំអាងទៅលើទេពកោលស្យសិល្បៈគ្រប់ទម្រង់របស់នាងមិនថា បុរាណ ឬសម័យ ហើយបូករួមចំណេះដឹងភាសាបរទេស និងលក្ខណៈសម្បត្តិរូបរាងដែលនាងមាននាពេលនេះ»៕


















ចែករំលែកព័តមាននេះ