ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា គិត ម៉េ​ង ប្រាប់​ពី​គន្លឹះ​សន្សំ​ និង​វិនិយោគ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សន្សំហើយ​វិនិយោគ​ទើប​ទ្រព្យ​រីក​ចម្រើន ប៉ុន្តែ​មនុស្ស​ទាំងអស់​មិនមែន​សុទ្ធតែ​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​នោះ​ទេ ​។ ​រូបមន្ត​ និង​របៀប​សន្សំ​ទំនង​មាន​ច្រើន​ នៅ​ពេល​នេះ​មេរៀន​មួយ​ដែល​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ក «​លុយ» សូម​លើកយក​ពី​ទស្សន​នៃ​ការ​សន្សំ​…

រាជធានីភ្នំពេញ ៖ សន្សំហើយ​វិនិយោគ​ទើប​ទ្រព្យ​រីក​ចម្រើន ប៉ុន្តែ​មនុស្ស​ទាំងអស់​មិនមែន​សុទ្ធតែ​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​នោះ​ទេ ​។ ​រូបមន្ត​ និង​របៀប​សន្សំ​ទំនង​មាន​ច្រើន​ នៅ​ពេល​នេះ​មេរៀន​មួយ​ដែល​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ក «​លុយ» សូម​លើកយក​ពី​ទស្សន​នៃ​ការ​សន្សំ​ និង​វិនិយោគ​របស់ ​អ្នកឧកញ៉ា គិត ម៉េ​ង សេដ្ឋី​កំពូល​ម្នាក់​នៅ​កម្ពុជា ដែលគ្រប់​គ្នា​បាន​មើលឃើញ​ពី​ភាព​ជោគជ័យ​លើ​ជំនួញ​របស់​លោក​ជា​ច្រើន ​។

តាម​បណ្តាញ​ទំនាក់ទំនង​សង្គម សេដ្ឋី​រូប​នេះ​លើក​ឡើង​ថា «​យើង​មិន​មាន​រូបមន្ត​ល្អ​ឥត​ខ្ចោះ​នៅ​ពីក្រោយ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នោះ​ទេ​ ។ របៀប​ដែល​អ្នក​សន្សំ​ប្រាក់ ចំណាយ​ប្រាក់ និង​វិនិយោគ​ទាំងអស់​ គឺ​អាស្រ័យ​លើ​អាទិភាព និង​គោលដៅ​របស់​អ្នកទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​ ។ ជា​ការ​ពិត វិធីសាស្ត្រ​លឿន​បំផុត​ដើម្បី​ទទួល​បាន​កាន់តែ​ច្រើន​គឺ​ការ​វិនិយោគ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា​ការ​ទទួល​បាន​មក​វិញ​ពី​ការ​វិនិយោគ​កាន់តែ​ច្រើន កម្រិត​នៃ​ហានិភ័យ​ក៏​កាន់តែ​ខ្ពស់​តាម​នោះ​ដែរ​» ។

លោក​បាន​បន្ត​ថា ការ​ចំណាយ​ទាំងអស់​មិនមែន​សុទ្ធតែ​ការ​ខ្ជះខ្ជាយ​ប្រាក់​នោះ​ទេ ​។ ពេល​ខ្លះ ការ​ចំណាយ​មួយ​ចំនួន​បង្កើត​នូវ​ភាព​សប្បាយ​ក្នុង​ចិត្ត ដែល​ធ្វើ​ឱ្យ​មាន​តុល្យភាព​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ហើយ​ទាំងនេះ​អាច​ជួយ​ឱ្យ​មានការ​លើកទឹកចិត្ត​ខ្លួនឯង​ឱ្យ​ខិតខំ​ធ្វើការ​បន្ត​ថែម​ទៀត​ ។ វា​សម​ហេតុផល​ណាស់​ដែល​អ្នក​សម​នឹង​ទទួល​បានការ​ចំណាយ​ក្នុង​ការ​ថែទាំ​ខ្លួនឯង​ម្តងម្កាល ​។ សម្រាប់​ខ្ញុំ​ផ្ទាល់​លើកទឹកចិត្ត​ឱ្យ​មាន «ការ​ចំណាយ​ត្រឹមត្រូវ​» នោះ​គឺ​គិត​មុន​ពេល​ការ​ចំណាយ​ធំ​ណាមួយ ហើយ​សូមកុំ​ចំណាយ​ហួស​កម្រិត​លើស​ពី​សមត្ថភាព​ ។

អ្នកឧកញ៉ា​ គិត ម៉េ​ង បាន​លើក​ឡើង​បន្ត​ថា ប្រសិនបើ​គោលដៅ​របស់​អ្នក​ គឺ​ដើម្បី​សន្សំ​ប្រាក់​ ១០ ​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល ​២០ ​ឆ្នាំ អ្នក​គ្រាន់តែ​ត្រូវការ​សន្សំ ១៣.៧ ​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​តែ​ប៉ុណ្ណោះ​ ។ ចំនួន​តិចតួច​ជា​រៀងរាល់ថ្ងៃ​នឹង​កើនឡើង ប៉ុន្តែ «ការ​សន្សំ​» ត្រូវការ​ការ​អត់ធ្មត់ ការ​ខិតខំ​ប្រឹងប្រែង និង​ស្ថិរភាព​ជាប់​ជា​និច្ច​ ។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ២០% ​នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​អ្នក​ គឺជា​ចំនួន​សម​ស្រប​មួយ​ដែល​គួរតែ​បញ្ចូល​ទៅ​ក្នុង​គណនី​សន្សំ​របស់​អ្នក ​។

លោក​បាន​និយាយ​ទៀត​ថា «​ការ​វិនិយោគ​» ទាមទារ​ឱ្យ​មានការ​អត់ធ្មត់​បន្ថែម​ទៀត​ជា​ច្រើន វា​ដូច​ជា​ការ​ដាំ​ដើមឈើ ហើយ​ត្រូវ​រង់ចាំ​ផ្លែផ្កា​របស់​វា ​។ សម្រាប់​អ្នក​ដែល​មិន​ប្រញាប់ប្រញាល់​ក្នុង​ការ​រក​ប្រាក់​ចំណេញ​នោះ ការ​វិនិយោគ​លើ​អ្វី​ដែល​អ្នក​ជឿជាក់ និង​បាន​ធ្វើការ​ស្រាវជ្រាវ​ហ្មត់ចត់ អាច​ជា​ជំហាន​បន្ទាប់​ដ៏​ល្អ​បំផុត ក្នុង​ការ​បង្កើត​ចំណូល​អកម្ម​របស់​អ្នក ​។ អ្នក​អាច​ទុក​ដោយឡែក​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​អ្នក​ចំនួន​ពី​ ១០-១៥% ក្នុង​ការ​ប្រើប្រាស់​សម្រាប់​គោលបំណង​វិនិយោគ​ទៅ​អនាគត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ