រាជធានីភ្នំពេញ ៖ «តិចទៀតឈប់ច្រៀងហើយ» នេះជាសារដែលតារាចម្រៀងនាង វី ឌីណែត បានប្រកាសនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ដែលសារនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់តារារូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ការប្រកាសបែបនេះពីកូនស្រីតារាចម្រៀងជើងចាស់លោក ហ៊ួរ ឡាវី គឺនាង វី ឌីណែត នាពេលនេះ ជាការលេងសើច ឬជាការពិត ខណៈពេលដែលមានការជជីកសួរពីអ្នកគាំទ្រ ប៉ុន្តែតារារូបនេះនៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេ។

ប៉ុន្តែគេបានដាក់ការសង្ស័យថា វី ឌីណែត ទំនងជាអាចបញ្ចប់អាជីពសិល្បៈចម្រៀងរបស់នាងនាពេលខាងមុខនេះ ដោយសារនាងអាចនឹងកសាងគ្រួសារ ហើយការសម្រេចយកគ្រួសារនេះ បានបង្ខំចិត្តឲ្យនាងត្រូវដើរចេញពីអាជីពសិល្បៈ ក្រោយប្រឡូកអស់ប៉ុន្មានឆ្នាំមកនេះ។
ជាការកត់សម្គាល់ បើក្រឡេកទៅមើលការខំមិនពីតារាចម្រៀងរួមទ្រនំនាង ឈិន ម៉ានិច ដែលបានសរសេរក្រោមសារដែល វី ឌីណែត បានបង្ហោះ គឺបានពោលពាក្យយ៉ាងចាក់ដោតថា «ចា៎ លោកជំទាវ មិចមិចមើលឯងផងណាស់ ណប់» ក្នុងពេលដែល វី ឌីណែត ត្រឹមតែបានឆ្លើយតបយ៉ាងខ្លីថា «ចេះថាម៉ង»។ ទាំងនេះហើយដែលធ្វើអោយគេសង្ស័យថា តើ វី ឌីណែត ពិតមានគម្រោងកសាងគ្រួសារឆាប់ៗ ហើយបញ្ចប់អាជីពសិល្បៈចម្រៀងរបស់នាងនាពេលដ៏ខ្លីខាងមុខនេះឬយ៉ាងណា? ក្នុងពេលដែលកន្លងមក តារារូបនេះក៏ត្រូវបានគេធ្លាប់ឃើញបង្ហាញភាពស្និតស្នាលជាមួយបុរសប្លែកមុខម្នាក់ តាមបណ្តាញសង្គមផងដែរ។

ជុំវិញបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីតារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង វី ឌីណែត បាននៅឡើយទេ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ដោយសារការសួរនាំមិនមានការឆ្លើយតប។
យ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្រហាក់មិនបានបង្ហាញការគាំទ្រនូវការបញ្ចប់ចម្រៀងរបស់ វី ឌីណែត នាពេលនេះឡើយ ខណៈពេលពួកគេខ្លះបានចាត់ទុកអ្វីដែលតារាចម្រៀងរូបនេះបានបង្ហោះខាងលើនេះ គ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។

ជាការកត់សម្គាល់ វី ឌីណែត គឺជាតំណក់ឈាមកូនស្រីរបស់តារាចម្រៀងជើងចាស់លោក ហ៊ួរ ឡាវី តែមួយគត់ ដែលបានបន្តស្នងតំណែងជាតារាចម្រៀងពីលោក ក្នុងពេលតារាចម្រៀងរូបនេះក៏បានចាប់ឈោងភាពល្បីល្បាញមិនចាញ់ឪពុករបស់នាងឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕









ចែករំលែកព័តមាននេះ