រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យឆ្នាំសាកលទើបតែកន្លងផុតទៅក៍ពិតមែន កន្លងមកពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជិត ៤៦ម៉ឺននាក់ ។

តាមលោករដ្ឋមន្ត្រីថា តួលេខខាងលើមានការកើនឡើងប្រមាណ ១៨៥.២៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដោយក្នុងនោះគ្រាន់តែថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧ មករា មានភ្ញៀវសរុបប្រមាណជិត ១៦ ម៉ឺននាក់បានដើរកម្សាន្តតាមគោលដៅទេស ចរណ៍នានាទូទាំងប្រទេស ។ ការដើរកម្សាន្តរបស់ពលរដ្ឋស្របពេលដែលកម្ពុជាកំពុងមានវត្តមានវីរុសកូវីដ ១៩ បំប្លែងថ្មី អូមីក្រុងបានចូលដល់សហគមន៍ ។

នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ បាត់ដំបង-សិរីសោភ័ណ នៅព្រឹកថ្ងៃទី ១០ មករានេះ សម្តេច ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ ថ្ងៃទី ០៩ ខែមករា កម្ពុជាបន្តរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ចំនួន ៣ នាក់ បន្ថែមទៀត ។

ប្រមុខរដ្ឋាភិបាល បានអំពាវនាវឲ្យប្រពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ចប់ខ្ជួន និងបន្តចាក់វ៉ាក់សាំងដូសជំរុញដូសទី ៤ បន្តទៀត ។ ទោះយ៉ាងណាអ្នករកទទួលទាននៅក្នុវិស័យទេសចរណ៍ និងវិស័យនានា បានកំពុងបារម្ភពីការផ្ទុះឡើងវិញរបស់កូវីដ ១៩ ដែលនឹងអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ និងប្រទេសជាតិម្តងទៀត ៕
ចែករំលែកព័តមាននេះ