ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែធ្នូ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានប្រកាសត្រៀមខ្លួនសហការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
ក្រសួងការបរទេស បានប្រកាស នៅល្ងាចថ្ងៃទី៣០ ខែធ្នូនេះថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ លោកស្រីបណ្ឌិត Noeleen Heyzer បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធាន អាស៊ាន ឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។
លោកស្រីបណ្ឌិត Noeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រ ឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្ត្រស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាព ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមក ហើយដោយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមុន។
លោក ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយក៏ដោយ ដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។
ក្រសួងការបរទេស បានប្រកាសថា ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌ សម្រាប់ប្រជាជន ដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំង ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ