ច័ន្ទ្ររត់មកស្ទាក់ផ្លូវមីងលក់តាប៉ែមុខភ័យ
ច័ន្ទ្រ៖ មីងៗ! មានឃើញអ្នកណាជិះម៉ូតូចាស់មួយតាមផ្លូវនេះទេមីង ?
មីងលក់តាប៉ែគ្រវីក្បាល
មីងលក់តាប៉ែ៖ អញមិនបានចាប់ភ្លឹកទេអាច័ន្ទ្រអ៊ើយ! អញគិតតែរឿងអញលក់តាប៉ែមិនដាច់ឯណោះ! មនុស្សជិះកង់ជិះម៉ូតូតាមផ្លូវឲ្យគគោកអញធ្វើម៉េចដឹងម៉ូតូណាចាស់ម៉ូតូណាថ្មី !
ច័ន្ទ្ររត់ទៅមុខទៀតយំបណ្តើរ
ច័ន្ទ្រ៖ អាចោរចង្រៃ! អាចោរថ្លើមខ្មៅ! ម៉េចក៏វាមិនទៅលួចអ្នកមានទៅ ! វាមកលួច អ្នកក្រ ! ម៉ូតូឯងខ្ចីគេសោះវាឆ្លៀតមកលួចឯងឲ្យពិបាកសងគេអញ្ចឹងកើត! កុំឲ្យអញទាន់ឱ្យសោះ! តែអញតាមទាន់អញចាប់ញាត់គុកឲ្យជ្រុះសក់ខ្ទេចម្តងចាំមើលចុះ !
ច័ន្ទ្ររត់ហួសកន្លែងផ្ទះលក់ចាប់ហួយបន្តិច។ វ៉ាន់ជិះកង់មកឈប់ង៉ក់ពីមុខច័ន្ទ្រ ។ ច័ន្ទ្រស្ទុះគេចទៅម្ខាងបើកភ្នែកធំៗ ជូតទឹកភ្នែកបណ្តើរ ជូតសំបោរបណ្តើរស្រែកដាក់វ៉ាន់ទាំងអណ្តើតអណ្តក់
ច័ន្ទ្រ៖ ណែ! នាយវ៉ាន់! ឆ្កួតទេហ្អី! ផ្លូវប៉ុនផ្លូវចេះជិះមករកបុកមនុស្សទៅកើត! ផ្លូវនេះ វ៉ាន់ឯងទិញដាច់ហ្អី ?
វ៉ាន់ធ្វើមុខហួសចិត្ត
វ៉ាន់៖ អឺ! កំពុងតែយំស្រែកហើយនៅឆ្លៀតឆ្នាស់ឆ្នើមបានទៀតហ្ន៎! មិនកែចរិតមែន !
ច័ន្ទ្រសម្លក់វ៉ាន់ ចាប់រុញដៃកង់វ៉ាន់វិះដួល
ច័ន្ទ្រ៖ ខ្ញុំយំខ្ញុំស្រែកជារឿងរបស់ខ្ញុំ! ចេះដឹងស្អីដែរ! យើងចង់យំគឺយំហើយគ្មានទើសក្បាលអ្នកណាទេ !
វ៉ាន់៖ អូហ៍! បើចូលចិត្តយំ យំឲ្យអស់ចិត្តទៅ! សម្តីពូកែអញ្ចឹងទោះជាខ្ញុំឃើញចោរលួចម៉ូតូយកទៅតាមផ្លូវណាក៏ខ្ញុំមិនប្រាប់ដែរ !
ច័ន្ទ្របើកភ្នែកធំៗស្ទុះមកចាប់ដៃកង់វ៉ាន់ជាប់ ទឹកមុខរីករាយ
ច័ន្ទ្រ៖ ថាម៉េចហ្នឹង ? វ៉ាន់ឃើញចោរលួចម៉ូតូខ្ញុំមែនទេ ? ពិតមែនហ្អី ? អត់កុហកទេមែនទេ ? ណែៗ! និយាយតាមត្រង់មកកុំនិយាយលេង! បានឃើញមែនឬអត់ ?
វ៉ាន់ធ្វើឫកក្រអើតដាក់ច័ន្ទ្រ
វ៉ាន់៖ មនុស្សស្អីនិយាយស្តីមិនចេះគួរចេះសម! បើទោះជាខ្ញុំឃើញក៏ខ្ញុំមិនប្រាប់ដែរ ព្រោះវាគ្មានប្រយោជន៍ស្អីដល់ខ្ញុំផង !
វ៉ាន់ជិះកង់ទៅមុខទៀត ។ ច័ន្ទ្ររត់តាមក្រោយ ចាប់ទាញកង់វ៉ាន់ជាប់មិនឱ្យជិះទៅមុខរួច
ច័ន្ទ្រ៖ ឈប់សិន! យើងនិយាយគ្នាសិន! វ៉ាន់ប្រាប់មកតើចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទើប ប្រាប់ខ្ញុំពីចោរលួចម៉ូតូនោះ! ម៉ូតូខ្ញុំខ្ចីគេផង! ខ្ញុំអត់មានប្រាក់សងគេទេ! ប្រាប់ខ្ញុំផង ទៅថាចោរនោះវាជិះម៉ូតូទៅតាមផ្លូវណា !
វ៉ាន់យកដៃញីច្រមុះធ្វើមុខឌឺដាក់ច័ន្ទ្រ
វ៉ាន់៖ ចង់ពឹងពាក់គេឲ្យជួយចេះប្រើពាក្យល្អពាក្យផ្អែមពិរោះដូចស្រីគេដទៃទៀតដែរទេ ? យល់ដល់យើងជាអ្នកភូមិស្រុកជាមួយគ្នា ! ខ្ញុំមិនចិត្តអាក្រក់ដូចមនុស្សខ្លះនោះទេ! ព្យាបាទគេសូម្បីតែជីវិតគេត្រូវស្លាប់រស់ក៏មិនគិតផង! តែមុននឹងចង់ឲ្យគេជួយត្រូវចេះរៀបចំឫកពារពាក្យសម្តីឲ្យឱនលំទោនខ្លះទៅ !
ច័ន្ទ្រទន្ទ្រាំជើងតិចៗរបៀបក្នាញ់
ច័ន្ទ្រ៖ រវល់តែនៅកាច់រាងនៅហ្នឹងហើយ! ចោរវាជិះម៉ូតូទៅដល់ស្រុកក្រៅបាត់ហើយក៏មិនដឹង ! ឥឡូវចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចឆាប់និយាយមក !
វ៉ាន់ញាក់ចិញ្ចើម
វ៉ាន់៖ ចង់ឲ្យច័ន្ទ្រចេះនិយាយសុភាពរាបសារដឹងខ្ពស់ដឹងទាបជាងនេះបន្តិច ! ត្រូវគោរពហៅខ្ញុំថាបងវ៉ាន់ ! មិនមែនអន្ទិតវ៉ាន់ឬក៏តាប៉ិវ៉ាន់ស្អីទេ ! ចាប់ពីថ្ងៃនេះទៅត្រូវហៅខ្ញុំបងវ៉ាន់ ! ហើយឥឡូវនេះត្រូវនិយាយឲ្យផ្អែមល្អែមថា ! បងវ៉ាន់ ! ជួយអូនច័ន្ទ្រម្តងទៅ! អូនច័ន្ទ្រដឹងខុសហើយ ! ពីថ្ងៃនេះទៅអូនច័ន្ទ្រនឹងគោរពបងវ៉ាន់ទុកស្មើនឹងឪពុក ! មិនហ៊ានធ្វើអ្វីលើសលួសលើបងវ៉ាន់ទៀតទេ! ម៉េច ? ត្រឹមនិយាយពាក្យប៉ុណ្ណឹងធ្វើបានដែរទេ ? ច័ន្ទ្រខាំមាត់ក្តាប់ដៃសម្លក់សម្លឹងវ៉ាន់ទាំងក្នាញ់មិនឆ្លើយ។ វ៉ាន់ធ្វើជាជិះកង់ទៅមុខ
វ៉ាន់៖ អូហ៍ ! បើមិនអាចនិយាយបានទេខ្ញុំលាសិនហើយ !
ច័ន្ទ្ររត់តាមទៅស្ទាក់ពីមុខកង់ លាតដៃទាំងពីរឃាំងផ្លូវ
ច័ន្ទ្រ៖ ឈប់សិន! ឈប់! បានៗ! ខ្ញុំយល់ព្រម! ខ្ញុំនិយាយក៏បានដែរ !
ច័ន្ទ្រធ្វើអេះអុញបន្តិច និយាយទាំងសោះអង្គើយ
ច័ន្ទ្រ៖ បងវ៉ាន់! ឲ្យខ្ញុំសូមទោស! ខ្ញុំខុសហើយ! ថ្ងៃក្រោយខ្ញុំមិនហ៊ានល្មើសលើបងទៀតទេ! ខ្ញុំនឹងគោរពបងឲ្យស្មើនឹងឪពុក!
វ៉ាន់រាដៃ
វ៉ាន់៖ ឈប់ៗ! ពេលនិយាយធ្វើមុខញញឹមឲ្យផ្អែមផង ! កុំនិយាយធ្វើមុខដូចគេយកទៅចងបាញ់អញ្ចឹង ! វាមិនទំនងទេ! បំណាច់នឹងដើរតួសម្តែងហើយត្រូវតែសម្តែងឲ្យបានសមផង !
ច័ន្ទ្របើកភ្នែកធំៗក្តាប់ដៃចង់ដាក់មុខវ៉ាន់។ វ៉ាន់ចង្អុលមុខបើកភ្នែកធំៗដាក់វិញ
វ៉ាន់៖ ណែៗ! ចង់យ៉ាងម៉េចហ្នឹង ? អត់ចង់បានម៉ូតូវិញទេហ្អី ?
ច័ន្ទ្រទម្លាក់ដៃចុះខំសើចទៅដូចជាចង់ពេបទៅវិញ
ច័ន្ទ្រ៖ ច៎ាៗ! បងវ៉ាន់! ឲ្យខ្ញុំសូមទោស! ឈប់ប្រកាន់ខឹងនឹងខ្ញុំទៅ ! វ៉ាន់សើច សប្បាយចិត្ត !
វ៉ាន់៖ ត្រឹមត្រូវៗ ! ធ្វើអញ្ចឹងបានហៅថាត្រឹមត្រូវ !
(នៅមានត)
ចែករំលែកព័តមាននេះ