រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសបញ្ឈប់ផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើចាប់ពីថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០២១ នេះ ។ ការបញ្ឈប់ផ្តល់អាជ្ញាបណ្ណនេះត្រូវបានអ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុមិនជំទាស់នោះឡើយ មិនជំទាស់ដោយសារគេយល់ថា គ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើនោះមានចំនួនសមរម្យហើយនៅពេលនេះ និងថានៅពេលនេះគេគួរនាំគ្នាគិតដល់ការអប់រំ ផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងពីអត្ថប្រយោជន៍នៃការសន្សំប្រាក់ ពិសេសការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ វិញ ។
![Picture]()
លោក កាំង តុងងី មន្ត្រីទំនាក់ទំនងសាធារណៈ របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុចំនូន ៨០ ស្ថាប័ននៅក្នុងនោះមានគ្រឹះស្ថានចំនួន ៦ ធ្វើអាជីវកម្មទទួលប្រាក់បញ្ជើ ដែលបានទទួលប្រាក់បញ្ជើពីពលរដ្ឋជាង ២ លាន ៨ សែននាក់ ក្នុងទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារ ។
![Picture]()
លោកបានបញ្ជាក់ថា យើងយល់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាបណ្ណក្នុងវិស័យនេះច្រើនដើម្បីផ្តល់អត្ថប្រយោ ជន៍ដល់ពលរដ្ឋ ប៉ុន្តែនៅពេលវិស័យនេះមានចំនួនមួយសមរម្យហើយនោះ ការផ្តល់អាជ្ញាបណ្ណបន្តទៀតក៍វានឹងមិនបានផ្តល់អត្ថប្រយោជន៍អ្វីលើសនេះ ដល់ពលរដ្ឋឡើយ ។ ដូច្នេះយើងយល់ថា ពេលនេះយើងគួរនាំគ្នាអប់រំ ផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីការដាក់ប្រាក់បញ្ជើផ្លូវការ ។
![Picture]()
នៅក្នុងសេចក្តីជូនដំណឹងពីការបញ្ឈប់ផ្តល់អាជ្ញាបណ្ណអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួននៅតែស្វាគមន៍វិនិយោគិនចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានស្រាប់ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន ។
![Picture]()
ពលរដ្ឋកម្ពុជា ពិសេសអ្នកនៅតាមទីជនបទត្រូវគេដឹងថា នៅមិនទាន់មានទម្លាប់ដាក់ប្រាក់បញ្ញើតាមធនាគារនោះទេ ពួកគាត់នៅបន្តទុកដាក់លុយកាក់តាមទម្លាប់ដូចជាទុកជាប់ខ្លួន យកប្រាក់ដែលមានទៅឱ្យគេខ្ចីក្រៅប្រព័ន្ធជាដើម ដែលប្រការទាំងនេះគេដឹងថា មានហានិភ័យ ។ ទោះយ៉ាងណាបើតាមការរបាយការណ៍ពីធនាគារមានគណនីចំនួន ៩ លានជាគណនីបញ្ញើ ៕
ចែករំលែកព័តមាននេះ