ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Benzema ត្រូវ​តុលាការ​កាត់ទោស ពាក់ព័ន្ធ​រឿង​គំរា.ម​ទម្លាយ​វី​ដេ​អូ​រួមរ័.ក្ស​អតីត​មិត្ត​រួម​ក្រុម

2 ឆ្នាំ មុន

បារាំង ៖ Karim Benzema ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង និង​ក្រុម Real Madrid ត្រូវ​បាន​តុលាការ​បារាំង​កាត់ទោស​ជាប់​

បារាំង ៖ Karim Benzema ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង និង​ក្រុម Real Madrid ត្រូវ​បាន​តុលាការ​បារាំង​កាត់ទោស​ជាប់​ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៧៥,០០០​អឺ​រ៉ូ (៨៤,០០០​ដុល្លារ​) ក្រោយ​រក​ឃើញ​ថា បាន​ពាក់ព័ន្ធ​លើ​ការ​គំរា.ម​ទម្លាយ​វី​ដេ​អូ​រួមរ័.ក្ស​របស់​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ គឺ​ខ្សែបម្រើ​ប្រយុទ្ធ Mathieu Valbuena ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្រុម Olympiacos​។

Benzema អាយុ​៣៣​ឆ្នាំ គឺជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​៤​នាក់​ផ្សេង​ទៀត រួម​មាន លោក Axel Angot, Mustapha Zouaoui, Younes Houass និង Karim Zenati ដែល​ត្រូវ​បាន​កាត់ទោស ជុំវិញ​ការ​គំរា.ម​ទារប្រាក់ ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​ទម្លាយ​វី​ដេ​អូ​រួមរ័.ក្ស​របស់ Valbuena ។ ដោយ​រឿងរ៉ាវ​នេះ កើតឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។

ព្រះរាជអាជ្ញា​បាន​និយាយ​ថា Angot គឺជា​អ្នករក​ឃើញ​វី​ដេ​អូ​នៅ​លើ​ទូរស័ព្ទ Valbuena និង​ចម្លង​មក​ទូរស័ព្ទ​ខ្លួន​។ ចំណែកឯ Zouaoui ជា​អ្នក​ចែករំលែក​ខ្សែអាត់​វី​ដេ​អូ​នោះ ប៉ុន្តែ​ខ្លួន​មិន​ដែល​មានគំនិត​ជំរិ.ត​ទារប្រាក់​នោះ​ទេ​។ ខណៈ Houass បាន​ប្រាប់​តុលាការ​ថា Benzema និង Zenati ក៏​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​នេះ Benzema តែងតែ​បដិសេធ​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់​មក​លើ​ខ្លួន ខណៈ​មេធាវី​របស់​កីឡាករ​រូប​នេះ ក៏​បាន​អះអាង​ថា ពួក​គេ​នឹង​បន្ត​ប្តឹង​ឧទ្ធរណ៍ ចំពោះ​ការ​ផ្តន្ទាទោស​នេះ ដោយ​លើក​ឡើង​ថា សាលក្រម​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត​ទាំងស្រុង​តែ​ម្តង​។

គួរ​រលឹក​ថា បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​បឋម​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ កីឡាករ Benzema ត្រូវ​បាន​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ​បារាំង​ដោយ​គ្រូបង្វឹក Didier Deschamps ដែល​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ការ​ប្រកួត Euro 2016 ក៏​ដូច​ជា World Cup 2018 ដែល​បារាំង​ជា​ម្ចាស់​ជើងឯក​។

ប៉ុន្តែ​ទោះ​យ៉ាងណា គ្រូបង្វឹក Deschamps បាន​សម្រេច​កោះហៅ Benzema ចូល​ក្រុម​ជម្រើសជាតិ​វិញ ដោយ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត Euro 2020 ហើយនឹង​ត្រៀម​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​ក្រោយ​ផង​ដែរ​៕ (​ដកស្រង់​ពី BBC និង ESPN)

Benzema និង Valbuena

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ