ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មាន​យន្តហោះ​ប្រភេទ​ស្រាល​មួយ​គ្រឿង​សម្រាប់​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ី​វិល!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ កម្ពុជា​មាន​យន្តហោះប្រភេទស្រាល (single-engine) មួយគ្រឿងសម្រាប់ហ្វឹកហ្វឺន ដំបូង​គេ​បង្អស់​ សម្រាប់​ការ​បណ្តុះបណ្តាល​ថ្នាក់​អាកាស​ចរ​ស៊ី​វិល​។ វា​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អាកាសចរណ៍​ស៊ី​វិល​នៅ​កម្ពុជា​។ នា​ឱកាស​សម្ពោធ​ជើងហោះហើរ​លើក​ដំបូង នៃ​យន្តហោះហ្វឹកហ្វឺន នៅ​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​មាន​យន្តហោះប្រភេទស្រាល (single-engine) មួយគ្រឿងសម្រាប់ហ្វឹកហ្វឺន ដំបូង​គេ​បង្អស់​ សម្រាប់​ការ​បណ្តុះបណ្តាល​ថ្នាក់​អាកាស​ចរ​ស៊ី​វិល​។ វា​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អាកាសចរណ៍​ស៊ី​វិល​នៅ​កម្ពុជា​។

​ពិធីសម្ពោធ​ជើងហោះហើរ​លើក​ដំបូង នៃ​យន្តហោះហ្វឹកហ្វឺន។ រូបថត៖ ស្រី គំនិត

នា​ឱកាស​សម្ពោធ​ជើងហោះហើរ​លើក​ដំបូង នៃ​យន្តហោះហ្វឹកហ្វឺន នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ខាន់ វ​ណ្ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​មាន​ប្រសាសន៍​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​និង​សេចក្តី​រីករាយ​បំផុត ក្នុង​ការ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ហោះហើរ​សាកល្បង​របស់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡាន​ម៉េ សហការ​ជាមួយ​មូលដ្ឋាន​ទ័ពអាកាស ក្នុង​គោលបំណង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អ្នក​បើក​យន្តហោះ ។ ដោយ​មាន​ទីតាំង​បច្ចេកទេស​ត្រឹមត្រូវ និង​ស្រប​តាម​តម្រូវការ​នៃ​ច្បាប់​អាកាសចរណ៍​ស៊ី​វិល​និង​ស្តង់ដារ ICAO ខ្ញុំ​ជឿជាក់​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ នឹង​មានកម្ម​វិធី​ជាក់លាក់​ដើម្បី​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល និង​កសាង​ធនធានមនុស្ស​ឱ្យ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត ដែល​កំពុង​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក ផង​ដែរ​»​។

ឯកឧត្តម ខាន់ វ​ណ្ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល។ រូបថត៖ ស្រី គំនិត

ឯកឧត្តម ខាន់ វ​ណ្ណា បាន​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​នេះ​គោលដៅ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​មជ្ឈមណ្ឌល ឡាន​ម៉េ និង​កងទ័ពអាកាស មិន​ត្រឹមតែ​ជា​ការ​បណ្តុះបណ្តាល អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​វិស័យ​វិស្វករ​យន្តហោះ ដែល​របស់​ប្រទេស​យើង​កំពុង​មាន​តម្រូវការ​ច្រើន​។ តាម​ពិត​ទៅ​ទាក់ទង​នឹង​សេវាកម្ម​ជួសជុល និង​ថែទាំ​យន្តហោះ វិស្វករ​បរទេស​ជា​ច្រើន បាន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់​យើង ដោយសារ​តែ​ធនធានមនុស្ស​របស់​យើង​នៅ​មាន​កម្រិត​។ ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​នេះ គឺជា​មូលដ្ឋាន​អាទិភាព ដ៏​មុត​ស្រួច​បំផុត ដើម្បី​ព​ន្លឿ​ន​នៃ​ការ​កសាង​ធនធានមនុស្ស លើ​គ្រប់​វិស័យ​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​អាកាសចរណ៍​ស៊ី​វិល សម្រាប់​ពេល​បច្ចុប្បន្ន​និង​អនាគត​»​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការ​រង​កងទ័ព​ជើង​អាកាស ។ រូបថត៖ ស្រី គំនិត

ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការ​រង​កងទ័ព​ជើង​អាកាស បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ដែល​មាន​មូលដ្ឋាន​កងទ័ព​ជើង​អាកាស ក្នុង​គោលបំណង​បណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​ជំនាញ​អាកាសយានិក​។ រូប​ខ្ញុំ​ផ្ទាល់​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​នឹង​មានកម្ម​វិធី​ជាក់លាក់ ក្នុង​ការ​រៀបចំ​ផែនការ យុទ្ធសាស្ត្រ សម្រាប់​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល ធនធានមនុស្ស​ក្នុង​វិស័យ​ហោះហើរ ក៏​ដូច​ជា​វិស័យ​សំខាន់​ៗ ​ក្នុង​សេវាកម្ម​អាកាសចរណ៍ មាន​ដូច​ជា វិស្វករ និង​អ្នកបច្ចេកទេស​យន្តហោះ នៅ​ក្នុង​ប្រទេស ដើម្បី​បណ្តុះបណ្តាល​ពួក​គាត់​ឱ្យ​មាន​បរិមាណ និង​គុណភាព​ប្រហាក់ប្រហែល​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ និង​លើ​ពិភពលោក ដែល​កំពុង​អភិវឌ្ឍន៍​ជឿ​លឿន​នៅ​ក្នុង​សាក​លលោក​យើង​»​។

លោក ចាន់ ជី​សេង ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល សាកលវិទ្យាល័យ​ឡាន​ម៉េ ។ រូបថត៖ ស្រី គំនិត

ក្រោម​កិច្ច​សំភាសន៍​ជាមួយ​កោះសន្តិភាព លោក ចាន់ ជី​សេង ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល សាកលវិទ្យាល័យ​ឡាន​ម៉េ បាន​មាន​ប្រសាសន៍​ថា​៖ «​កន្លង​មក​ខាង​សាលា បាន​យល់​ឃើញ​ថា សិស្ស​និស្សិត​ជា​ច្រើន​នៅ​ក្នុងស្រុក ដែល​ចង់​សិក្សា​ផ្នែក​អាកាសយានិក បាន​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​រៀន ពួក​គេ​ចេញ​ទៅ​សិក្សា​នៅ​បណ្តា​ប្រទេស​ជិតខាង​ឬ​ប្រទេស​ដែល​នៅ​ឆ្ងាយ​ៗ ដូច​ជា​ចក្ខុវិស័យ​របស់​សាលា គឺ​អាកាសយានិក​អាច​សិក្សា​ផ្នែក​នេះ​នៅ​ក្នុងស្រុក​យើង​បាន មិន​ចាំបាច់​ចេញ​ទៅ​ក្រៅប្រទេស​ទៀត​ទេ​»​។

ការហោះហើរសាកល្បង ។ រូបថត៖ ស្រី គំនិត

លោក​បន្ថែម ដោយ​យល់​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កង្វះខាត​អ្នកបើកបរ​យន្តហោះ​ដែល​ជា​ជនជាតិ​ខ្មែរ ហើយ​សាលា​ចង់​ផ្តល់​ឱកាស​ទៅ​ដល់​និស្សិត​កូន​ខ្មែរ កុំឱ្យ​ពិបាក​ដូច​មុន​ក្នុង​ការ​ទៅ​រៀន​នៅ​ស្រុក​គេ​។ ហើយ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ក្នុង​វិស័យ​អាកាសចរណ៍​ក្នុងស្រុក​របស់​យើង ព្រោះថា​អាកាសយានិក អ្នក​ជួសជុល​យន្តហោះ វិ​ស្វ័ករ​យន្តហោះ និង​ពហុ​និ​ការ សុទ្ធតែ​ជា​ជនជាតិ​បរទេស​ភាគច្រើន ដូចនេះ​សាលា​បើក​ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យ​មាន​ជំនាញ​ទាំងនេះ ដើម្បី​បំពេញ​នូវ​តម្រូវការ​ក្នុងស្រុក​នា​ពេល​អនាគត ដូចនេះ​នា​ពេល​អនាគត​យើង​ចង់ឱ្យ​មានកូន​ខ្មែរ​ធ្វើការ​ផ្នែក​នេះ​ច្រើន​ជាង​បរទេស​។

ការហោះហើរសាកល្បង ។ រូបថត៖ ស្រី គំនិត

លោក ចាន់ ជី​សេង បាន​បន្ត​ថា​៖ «​បច្ចុប្បន្ន​នេះ មានកូន​ខ្មែរ​ជា​ច្រើន​បាន​ដាក់​ពាក្យសុំ​ចូល​រៀន​ផ្នែក​ជួសជុល​យន្តហោះ និង​អ្នកបើកបរ​យន្តហោះ ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​សិស្ស​បាន​ច្រើន​នោះ​ទេ ពីព្រោះ​មាន​បញ្ហា​កូ​វី​ដ​១៩ ដូចនេះ​វគ្គ​នេះ​យើង​ទទួល​ត្រឹម​តិចតួច ចំណែក​អ្នក​ដែល​គាត់​បាន​ចុះ​ឈ្មោះ​ហើយ ត្រូវ​រង​ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ​» ៕

អត្ថបទសរសេរ ដោយ