រាជធានីភ្នំពេញ ៖ មិនខុសពីប្រជាពលរដ្ឋទូទៅអ្នកសិល្បៈជាច្រើនបានបង្ហាញវត្តមានចូលរួមកាន់បិណ្ឌទី១ ដោយយកចង្ហាន់ប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានានា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់។ បើទោះបីកម្ពុជា កំពុងជួប្រទះនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋ និងអ្នកសិល្បៈខ្មែរជាច្រើននាក់ហាក់មិនបានមើលរំលង និងខកខាននៅក្នុងការយកចង្ហាន់ទៅប្រគេនព្រះសង្ឃនោះឡើយ ខណៈពេលរាជរដ្ឋាភិបាលក៏បានអនុញ្ញាតអោយមានការរៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។
ទាំងសិល្បករ សិល្បការិនីផ្នែកសម្តែង និងចម្រៀងត្រូវបានគេមើលឃើញមានការស្លៀកពាក់យ៉ាងសមរម្យតាមក្បួនប្រពៃណីខ្មែរ យួរចានស្រាក និងទ័យទានមួយចំនួន ទៅវត្តជាលក្ខណៈគ្រួសារចូលរួមកាន់បិណ្ឌទី១ យ៉ាងសប្បាយរីករាយ។
តារាទាំងអស់នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលដែលពួកគេ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេសដែលត្រូវរាជរដ្ឋាភិបាលអនុញ្ញាតអោយរៀបចំពិធិកាន់បិណ្ឌភ្ជុំបិណ្ឌ បើទោះបីជាកម្ពុជា នៅតែបន្តការរកឃើញពីការឆ្លងរាលដាលនូវជំងឺកូវី១៩ក៏ដោយ។
យ៉ាងណា បើទោះជាការប្រារព្ធពិធីកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ត្រូវបានរៀបចំជាធម្មតាក៏ដោយ ប៉ុន្តែអ្នកសិល្បៈ និងប្រជាពលរដ្ឋដែលបានទៅវត្តនោះ បានគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាត។
អ្នកសិល្បៈ និងប្រជាពរដ្ឋទូទៅបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់ញាតិការដែលបានចែកឋាន និងរាប់បាត្រទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃរាជពិធីទា្វរទសមាស។ ហើយប្រជាជនកម្ពុជា បាននាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥ រោច មានរយៈពេល១៥ថៃ្ង ដែលយើងហៅថា បិណ្ឌ១, បិណ្ឌ២… និងថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។
បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។
ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកប្រេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិជាច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ម្យ៉ាងទៀត ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំ និងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថា សាច់ញាតិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូន កូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។
ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យ គេដោះលែងឲ្យមកទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថា ព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយទទួលការផ្ដល់ជូនពីសាច់ញាតិ ឬកូនចៅរបស់ពួកគេតាមរយៈការអធិដ្ឋានដោយព្រះសង្ឃ។
ម្យ៉ាងទៀត គេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដាសាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាតិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀត គេសង្ឃឹមថា កុសលផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ៕



















ចែករំលែកព័តមាននេះ