ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ៗនៅតែទុកលុយក្រោមខ្នើយ ទិញមាស មិនព្រមដាក់ធនាគារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើទោះបីវិស័យធនាគារកំពុងរីកចម្រើនរហូតដល់មាន E-banking ទៅហើយក្តី ក៏ចាស់ៗជាច្រើន ពិសេសអ្នកនៅតាមទីជនបទ មិនព្រមយកលុយដែលមានទៅដាក់ធនាគារនោះឡើយ ។ ពួកគាត់នៅតែរក្សាប្រាក់ជាប់ខ្លួន…

រាជធានីភ្នំពេញ ៖ បើទោះបីវិស័យធនាគារកំពុងរីកចម្រើនរហូតដល់មាន E-banking ទៅហើយក្តី ក៏ចាស់ៗជាច្រើន ពិសេសអ្នកនៅតាមទីជនបទ មិនព្រមយកលុយដែលមានទៅដាក់ធនាគារនោះឡើយ ។ ពួកគាត់នៅតែរក្សាប្រាក់ជាប់ខ្លួន ទុកតាមទម្លាប់របស់ពួកគាត់តំាងពីដើមមក ដូចជានៅក្នុងហិប ទូ ក្រោមខ្នើយ ឬទិញមាសទុកជាដើម ។ 

អ្នកស្រី ម៉ែន អ៊ីម អាយុ ៦៥ រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាចុងភៅហាងគុយទាវ បានឲ្យដឹងថា តាំងពីដើមមកលុយរបស់គាត់មិនដែល យកទៅដាក់ធនាគារនោះទេ ពីព្រោះគាត់គិតថា គ្មានលុយដាក់ធនាគារទេ លុយគាត់តិចតួច ហើយណាមួយគាត់ត្រូវការប្រើប្រាស់លុយជាប្រចាំ ។ 

«មិនទម្លាប់ទុកនៅធនាគារនោះទេ ។ ទុកដាក់នឹងខ្លួនវាងាយស្រួលជាង បើត្រូវការដកយកមកប្រើតែម្ដង ។ ហើយណាមួយទៀត គាត់មិនសូវជាយល់ដឹងពីរបៀបដាក់ និងដក ផ្ញើអីនោះទេ» ស្រ្តីចំណាស់រូបនេះនិយាយទំាងញញឹម ជាមួយសម្តីថា មិនដែលចូលធនាគារទេ ។

អ្នកស្រី ស៊ីឡាង ជាអាជីវករម្នាក់ បានប្រាប់ពីការទុករបស់គាត់ថា នៅពេលសន្សំបានល្មមអាចទិញមាសបានមួយជីពីរជី គាត់ទៅទិញមាសភ្លាម ។ មិនបានយកទៅដាក់ធនាគារទេ តែយកលុយនោះទៅទិញជាមាស ដូចជាខ្សែក ចិញ្ចៀន ខ្សែដៃ ពាក់ជាប់ខ្លួន ហើយប្រសិនបើត្រូវការលុយពេលណា អាចយកមកប្រើប្រាស់តាមតម្រូវការបានគ្រប់ពេល ។ អ្នកស្រីយល់ថា យកលុយទៅផ្ញើធនាគារ ត្រូវបង់ថ្លៃសេវាកម្មមួយចំនួននាំឲ្យគាត់អស់ប្រាក់ ។ណាមួយដាក់ប្រាក់នៅធនាគារស្មុគស្មាញពិបាកពីព្រោះគាត់មិនសូវចេះដូចក្មេងៗទៀតផង ។

ពលរដ្ឋម្នាក់ទៀត ដែលមានរបរជាអ្នករត់ម៉ូតូកង់បី លោក ឆៀវ អាយុ ៥០ ឲ្យដឹងពីការទុកដាក់លុយរបស់គាត់ថា គាត់មិនយកលុយទៅដាក់ធនាគារទេ ចេះតែខ្លាចថា ពេលណាមួយត្រូវការលុយបន្ទាន់ខ្លាំង បើជាធនាគារមានបញ្ហានោះ នាំឲ្យវីវរមិនខានឡើយ ។ ដូច្នេះទុកលុយជាប់ខ្លួនប្រសើរជាង ។ 

វិស័យធនាគារបានកំពុងរីកចម្រើនៅទូទំាងប្រទេសកម្ពុជា មានស្ទើគ្រប់ស្រុក ចំណែកគ្រឹះស្ថានហិរញ្ញវត្ថុបានចូលដល់ភូមិ ស្រុក ។ ជាទូទៅមានការជំរុញ និងលើកទឹកចិត្តពលរដ្ឋឲ្យយកលុយដាក់ធនាគារដើម្បីជាចរន្តសេដ្ឋកកិច្ច ។ ម្យ៉ាងក្រៅពីសុវត្ថិភាព លុយនៅធនាគារបានការប្រាក់ទៀតផង ។ 

អ្នកស្រី ទូច ស្រីម៉ុច អាយុ ៥០ ឆ្នាំ ជាអ្នកលក់ដូរម្នាក់ទៀត នៅក្នុងខេត្តកណ្តាល ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលបានសម្ភាសដែលគាត់យកប្រាក់ទៅដាក់នៅធនាគារ ។ ស្រ្តីរូបនេះបាននិយាយថា លុយកាក់របស់គាត់មួយចំនួនធំដាក់នៅធនាគារ មួយចំនួនទុកប្រើប្រាស់ចាំបាច់ ទិញរបស់របរ ឥវ៉ាន់ចាំបាច់ផ្សេងៗ ។ អ្នកស្រីថា យកលុយទៅដាក់ធនាគារក៏ព្រោះគិតថា វាងាយស្រួល នឹងមានសុវត្ថិភាពទាំងលុយ និងខ្លួនហើយគាត់អាចប្រើ បង់សេវាកម្មអនឡាញ ទិញទំនិញ និងសេវាកម្មផ្សេងៗទៀតតាមកាតធនាគារ ឬទូទាត់តាមទូរស័ព្ទដៃងាយស្រួលទៀតផង ជាពិសេសដាក់ប្រាក់នៅធនាគារដើម្បីទទួលបានប្រាក់ចំណេញ តាមរយៈការប្រាក់ ជាជាងទុកលុយចោលនៅផ្ទះ ប្រឈមនឹងហានិភ័យខ្ពស់ ។

នៅក្នុងការបូកសរុបវិស័យធនាគាររយៈពេល ៧ ខែក្នុង ឆ្នាំ ២០២១ នេះ ទោះបីក្នុងកាលៈទេសៈការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងណាក្តី តែអត្រាចំនួនប្រាក់បញ្ញើបានកើនឡើងជាង ២០% ខណៈប្រាក់កម្ចីផ្តល់ឲ្យពលរដ្ឋកើនជាង ២៣% ៕ ដោយ ៖ ខៀវ សុវណ្ណដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ