ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា គួច ម៉េងលី ៖ នាំយុវជនរៀនពីភាពជោគជ័យជាការបំផ្លាញអនាគតពួកគាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឧកញ៉ា គូច ម៉េងលី ដែលវិនិយោគសំខាន់លើការអប់រំនៅកម្ពុជា បានរិះគន់ចំពោះវគ្គបណ្តុះបណ្តាលពីភាពជោគជ័យដល់យុវជន ។ លោកថា ការដែលគេនាំយុវជនរៀនថ្នាក់វិទ្យាល័យមកបណ្តុះបណ្តាលពីភាពជោគជ័យនោះ…

រាជធានីភ្នំពេញ ៖ ឧកញ៉ា គូច ម៉េងលី ដែលវិនិយោគសំខាន់លើការអប់រំនៅកម្ពុជា បានរិះគន់ចំពោះវគ្គបណ្តុះបណ្តាលពីភាពជោគជ័យដល់យុវជន ។ លោកថា ការដែលគេនាំយុវជនរៀនថ្នាក់វិទ្យាល័យមកបណ្តុះបណ្តាលពីភាពជោគជ័យនោះ ជារឿងខុសទៅនឹងប្រព័ន្ធអប់រំដែលត្រឹមត្រូវហើយ ជាការបំផ្លាញសង្គម ធ្វើឲ្យខូចអនាគតយុវជន ។ «ការអប់រំបែបនេះ ជាការអប់រំបែកឆ្វេង វាប្រៀបដូចជាបេះផ្លែឈើខ្ចីមកបន្ទុំ ទីបំផុតវានឹងរលួយ» ។

ឧកញ៉ា គួច ម៉េងលី បានហៅការអប់រំយុវជនពីភាពជោគជ័យជាការអប់រំ បែកឆ្វេង ។ លោកអះអាងថា នៅស្រុកគេមិនអនុញ្ញាតឲ្យមានកម្មវិធីបណ្តុះបណ្តាលបែបនោះឡើយ ។ ប៉ុន្តែនៅកម្ពុជានៅពេលវិស័យជាច្រើនរបស់រដ្ឋនៅមានភាពខ្វះចន្លោះ បានបង្កើតមានជនឱកាសនិយមកេងចំណេញពីសង្គមទៅវិញ ហើយថា ការកេងចំណេញលើធនធានយុវជននេះប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរណាស់ ។ 

សម្រាប់លោក គូច ម៉េងលី ការអប់រំយុវជនពីភាពជោគជ័យធ្វើឲ្យយុវជនបាត់បងឱកាសកសាងសមត្ថភាព នៅក្នុងការអភិវឌ្ឍន៍ខ្លួន ហើយវាបានបំពាក់មកវិញនូវការយល់ដឹងខុស ។ «យល់ដឹងពីភាពជោគជ័យ ដែលតាមពិតទៅវាមានដំណាក់កាល ។ វាទាមទារការអប់រំ និងពេលវេលា ។ បណ្តុះបណ្តាលភាពជោគជ័យ ដល់យុវជនដែលខ្ញុំសង្កេតឃើញមានច្រើនកាលពី ៥ ឆ្នាំមុន ជាមនោគមន៍បែកឆ្វេងជាការបណ្តុះបណ្តាលមិនពិតប្រាកដ ។ ការជោគជ័យដែលត្រឹមត្រូវទាមទារពេលវេលាដំណាក់កាល ។ ការអប់រំពីភាពជោគជ័យ បានធ្វើឲ្យយុវជនពុះកញ្ជ្រោល ចង់ធ្វើដូចអ្នកដែលបានគេចំណាយពេលច្រើនជំនាន់មកហើយនោះ» ។

ឧកញ៉ា គូច ម៉េងលី បានលើកឡើងដូច្នេះនៅក្នុងកម្មវិធីមួយដែលនិយាយពីបញ្ញវន្តតសតវត្សរ៍ទី ២១ ។ សម្រាប់លោក ដែលមានជំនាញខាងអប់រំ និងសុខាភិបាលនោះ កសាងយុវជនជាបញ្ញវន្តពិតប្រាកដ ត្រូវមានការអប់រំត្រឹមត្រូវ មិនគួរបណ្តោយឲ្យមានការអប់រំខុស បែកឆ្វេងនោះឡើយ ។ លោកថាយុវជនត្រូវសិក្សាស្វែងយកចំណេះដាក់ខ្លួន ។ បើនៅវិទ្យាល័យ ត្រូវទៅរៀន និងដើរកម្សាន្តជាមួយមិត្តភ័កិ្ត ក្នុងវិទ្យាល័យ ដើរកម្សាន្តជាមួយគ្រួសារ និងសិក្សាដោយរីករាយ ។ បើរៀននៅមហាវិទ្យាល័យ គឺត្រូវរៀននៅសាលា រៀនពីសាស្រ្តាចារ្យ និងសង្គមមិនមែនរៀនដើម្បីបានសញ្ញាបត្រឡើយ រៀនដើម្បីបានជំនាញពិតប្រាកដ ទើបរឹងមាំមិនផុយស្រួយដូចការទទួលបានការអប់រំខុសនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ