ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់ខេត្តសៀមរាប ដូចបិទដង្ហើមទេសចរណ៍ខ្មែរឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការបិទខ្ទប់ខេត្តសៀមរាប ជាមួយខេត្ត ៧ ទៀត ជាប់ព្រំដែនជាមួយប្រទេសថៃ អាចជាសញ្ញាមិនល្អដល់ដង្ហើមវិស័យទេសចរណ៍កម្ពុជា ពិសេសវាអាចបង្អាក់ដល់ផែនការស្តារឡើងវិញមាសប៉ៃតងខ្មែរដែលជាប្រភពចំណូលចិញ្ចឹមជីវិតពលរដ្ឋច្រើនលាននាក់ឲ្យមានជីវិតឆាប់ៗឡើងវិញនោះ ។…

រាជធានីភ្នំពេញ ៖ ការបិទខ្ទប់ខេត្តសៀមរាប ជាមួយខេត្ត ៧ ទៀត ជាប់ព្រំដែនជាមួយប្រទេសថៃ អាចជាសញ្ញាមិនល្អដល់ដង្ហើមវិស័យទេសចរណ៍កម្ពុជា ពិសេសវាអាចបង្អាក់ដល់ផែនការស្តារឡើងវិញមាសប៉ៃតងខ្មែរដែលជាប្រភពចំណូលចិញ្ចឹមជីវិតពលរដ្ឋច្រើនលាននាក់ឲ្យមានជីវិតឆាប់ៗឡើងវិញនោះ ។ វិធានការបិទខ្ទប់ដើម្បីការពារអាយុជីវិតពលរដ្ឋនេះ អាចធ្វើឲ្យផែនការអនុញ្ញាតទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សំាងហើយ នាចុងឆ្នាំនេះ ក៏មិនទទួលបានផ្លែផ្ការដូចការគ្រោងទុកផងដែរ ។ 

ការបិទខ្ទប់ខេត្តសៀមរាបរយៈពេល ១៤ ថ្ងៃ ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ជាមួយខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន បន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ ១៩ ប្រភេទដែលតា (Delta) ។ នេះជាវិធានការដែលគ្មានជម្រើសរើសរបស់រដ្ឋាភិបាលនៅក្នុងការពារអាយុជីវិតប្រជាពលរដ្ឋ ។ ក្រៅពីការបិទខ្ទប់នេះ រដ្ឋាភិបាលបានចេញវិធានការយ៉ាងហ្មត់ចត់បន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសាហាវកូវីដ ១៩ នេះឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងនោះបម្រាមគោលចរណ៍ថ្មី បានកំណត់ឲ្យអនុវត្តនៅទូទំាងប្រទេសផងដែរ ។

វិធានការបិទខ្ទប់ប្រទេស ខេត្ត ឬតំបន់ណាមួយ ជាទូទៅធ្វើឡើងនៅពេលដែលខេត្ត តំបន់ទំាងនោះមានមានករណីឆ្លងរាលដាលច្រើន ហើយការបិទខ្ទប់អាចជាជម្រើសចុងក្រោយ ។ ក្នុងន័យនេះ ការបិទខ្ទប់ខេត្តសៀមរាប ជាសញ្ញាបង្ហាញថា ទឹកអង្គរដែលជាទីប៉ងប្រាថ្នាអ្នកទេសចរជាតិ អន្តរជាតិទៅទស្សនា មានការប្រឈមខ្លំាង ឬអាចថា មានអ្នកឆ្លងច្រើនក៏សឹងថាបាន ។ នៅពេលមានការណីឆ្លងច្រើន ទីដែលមានហានិភ័យខ្ពស់ ពិតណាស់គ្មាននណាចង់ទៅនោះឡើយ មិនថាអ្នកទេសចរបរទេស ឬជាជនជាតិខ្មែរឡើយ ។ 

ជាងពីរឆ្នាំមកហើយដែលទឹកដីខេត្តសៀមរាបបានស្ងប់ស្ងាត់ អ្នករកទទួលទានដែលបានពឹងអាស្រ័យលើភ្ញៀវទេសចរជាច្រើនឆ្នាំមកហើយនោះ ក្នុងចំនួនច្រើនបានបាត់បង់ការងារ បាត់ចំណូល ផ្ទះសំណាក់ សណ្ឋាគារមួយចំនួនធំបានបិទអាជីវកម្ម នេះមិនទាន់រាប់ដល់ការបាត់បង់ចំណូលពីភ្ញៀវទេសចរបរទេសរបស់រដ្ឋផងនោះទេ ។ គ្រប់គ្នាបានរំពឹងថា នៅចុងឆ្នាំ ២០២១ នេះ សៀមរាប នឹងមានសកម្មភាពទេសចរណ៍ឡើងវិញ ប៉ុន្តែការបិទខ្ទប់នាពេលនេះ តិច ឬច្រើនវាបានផ្តល់ក្តីអស់សង្ឃឹមដល់ពលរដ្ឋសារជាថ្មី ។ ជាមួយគ្នានេះការបិទខ្ទប់នេះ បានកាត់បន្ថយការជឿជាក់លើសុវត្ថភាពកូវីដ ១៩ ពីអ្នកទេសចរផងនោះដែរ ។

ទោះយ៉ាងណានេះក្តីគ្មានអ្វីសំខាន់ជាងអាយុជីវិតនោះឡើយ ។ នាំគ្នាគោរពតាមសេចក្តីណែនាំ ការសម្រេចចិត្តរបស់រដ្ឋ វិធានការសុខាភិបាល គឺជាការរក្សាបាននូវសុវត្ថិភាពចៀសឆ្ងាយពីជំងឺកូវីដ ១៩ ។ ពិតណាស់គេអាចនឹងជួបបញ្ហាសេដ្ឋកិច្ចនាពេលនេះ ប៉ុន្តែដរាបណានៅមានជីវិត គឺនៅមានឱកាសនឹងស្តារ កសាងជីវភាពបានឡើងវិញជាក់ជាមិនខាន ហើយថាការស្តារវិស័យទេសចរណ៍ឡើងវិញនោះ គឺជាចំណុចអាទិភាពរបស់រដ្ឋាភិបាលទៅហើយ ។

កាលពីថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ ។ ក្រុមការងារដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្ទាល់ និងមានសមាសភាពពីស្ថាប័នរដ្ឋ និងឯកជន ជាយន្តការជាក់លាក់ដែលបានបង្ហាញថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លំាងក្នុងការជំរុញ និងស្តារមាសប៉ៃតងកម្ពុជាឡើងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ