ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះមួយដើម្បីបញ្ឈប់បញ្ហា «ប្រាក់ខែចាយមិនគ្រប់»

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធ្មេចបើកដាច់ខែទៀតហើយ មនុស្សមិនតិចទេ ដែលបានត្អូញថា ប្រាក់ខែចាយសល់ថ្ងៃ ។ អ្នកខ្លះថាដាច់ខែដាច់ខ្យល់ ។ អ្នកខ្លះទៀតថា…

រាជធានីភ្នំពេញ ៖ ធ្មេចបើកដាច់ខែទៀតហើយ មនុស្សមិនតិចទេ ដែលបានត្អូញថា ប្រាក់ខែចាយសល់ថ្ងៃ ។ អ្នកខ្លះថាដាច់ខែដាច់ខ្យល់ ។ អ្នកខ្លះទៀតថា ចេញធ្វើការយូរឆ្នាំហើយនៅតែមិនសល់លុយ ។ ទំាងនេះជាការត្អូញត្អែររបស់មនស្សជាច្រើននៅក្នុងសង្គម ។ អ្នកជំនាញហិរញ្ញវត្ថុមួយរូបបានលើកហេតុផលមួយចំនួន ដើម្បីដោះស្រាយបញ្ហាដែលថាធ្វើការយូរឆ្នាំនៅតែមិនសល់លុយនេះ ។  ដោះស្រាយបញ្ហានេះ គឺត្រូវធ្វើការ ហើយចេះសន្សំ បន្ទាប់ពីសន្សំបានត្រូវចេះប្រើលុយបង្កើតលុយ ។

Picture

លោក ង៉ែត ជូ អ្នកប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ និងជាអ្នកវិនិយោគមួយរូបអះអាថា ប្រភពចំណូលតែមួយមុខ គឺមិនគ្រប់គ្រាន់នឹងការចំណាយទេ ជាពិសេសការពឹងតែប្រាក់ខែវានឹងប្រឈមបញ្ហាហិរញ្ញវត្ថុបើសិនជាមានវិបត្តិអ្វីមួយកើតឡើង ដូចជាករណីកូវីដ ១៩ នេះជាដើម ។

អ្នកជំនាញអះអាងថា «អ្នកធ្វើការដែលពឹងផ្អែកលើតែប្រភពចំណូលប្រាក់ខែ គឺងាយរងគ្រោះជាងអ្នកធ្វើការតែចេះសន្សំយកទៅវិនិយោគ ឬយកលុយទៅបង្កើតលុយបន្ត ។ អ្នកធ្វើការដែលមានប្រភពចំណូលតែមួយមុខ គឺត្រូវការពេលវេលាយូរណាស់ដើម្បីសន្សំសម្រាប់ទុកពេលចូលនិវត្តន៍ ។ ពេលខ្លះដល់ចូលនិវត្តន៍ក៏មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះអ្នកធ្វើការក៏អាចឆ្លៀតរកប្រភពចំណូលផ្សេងទៀតសម្រាប់ត្រៀមទុកពេលចូលនិវត្តន៍ ឬអាចបង្កើនចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ» ។

បើតាមលោក ង៉ែត ជូ ការសន្សំជារឿងចាប់ផ្តើម ប៉ុន្តែដើម្បីកើនទ្រព្យដើម្បីធានាឲ្យការចាយវាយគ្រប់គ្រាន់ ដាច់ខាតគេត្រូវយកថវិកាសន្សំទៅវិនិយោគ ។ ការវិភោគភាសាសេដ្ឋកិច្ចហៅថា «យកលុយបង្កើតលុយ    ។ លោកថា ៖ «ដូចយើងបានដឹងហើយ ការវិនិយោគតែងតែមានហានិភ័យ ប៉ុន្តែវាក៏អាចផ្ដល់ផលចំណេញដល់យើងច្រើនមកវិញដែរបើសិនជាយើងវិនិយោគត្រូវ» ។

ទោះយ៉ាងណាមានហេតុផលជាច្រើនដែលបណ្តាលឲ្យអ្នកធ្វើការ មានលុយចាយមិនគ្រប់  ឬមិនសល់ប្រាក់ទោះធ្វើការច្រើនឆ្នាំហើយក្តីនោះ ក្នុងនោះអាចថា ប្រាក់ខែតិច ទំនិញលើទីផ្សារថ្លៃពេក ប្រាក់ខែតិចចាយច្រើន ឬអាចបណ្តាលមកពីការមិនចេះសន្សំជាដើម ។

Picture

ដើម្បីដោះស្រាយបញ្ហានេះ គេគួរនាំគ្នាសន្សំជាចំបង ។ ចំណែកការវិនិយោគវិញ ការវិនិយោគដែលគ្រប់គ្នាអាចធ្វើបានគឺ ក្នុងវិស័យអចលនទ្រព្យ ។ ការវិនិយោគក្នុងវិស័យនេះ បុគ្គលកខ្លះបានជោគជ័យ ដោយមិនមិនប្រើដើមទុននោះផង ហើយក៏មិនបាច់ត្រូវចំណាយពេលច្រើននោះដែល ។ គេអាចធ្វើការស្នូលជាធម្មតា ប៉ុន្តែឆ្លៀតពេលវិនិយោគ ឬធ្វើជាឈ្មួញកណ្តាលទិញលក់អចលនទ្រព្យក៏បាន ។

លោក ង៉ែត ជូន បានមើលឃើញថា នៅក្នុងស័យនេះឱកាសវិនិយោគមានច្រើន ។ ក្រៅពីដីធ្លី ទីផ្សារមូលបត្រក៏ជាការវិនិយោគមួយដែរ ។ ជាមួយគ្នានេះមានយុវជនជាច្រើនបានចូលហ៊ុនគ្នាក្នុងការបង្កើតអាជីវកម្មដើម្បីរកប្រាក់ចំណូលបន្ថែមពីប្រាក់ចំណូលគោល ដែលជាឱកាសក្នុងការរកប្រភពចំណូលបន្ថែមរបស់ពួកគេ ហើយនឹងធ្វើឱ្យទទួលបានផលចំណេញ បើសិនជាពួកគេកែច្នៃនូវអាជីវកម្មនោះ ៕