រាជធានីភ្នំពេញ ៖ ធ្លាប់តែមានភ្ញៀវជាតិ និងអន្តរជាតិដើរទិញម្ហូបពីតូបមួយទៅតូបមួយទៀត ខ្លះក្នុងដៃមានកាន់មាន់អាំង ឬត្រីអាំង ឬក៏ជ្រក់គ្រប់ប្រភេទ ក្នុងរមណីដ្ឋានកៀនស្វាយ អង្គុយក្នុងកញ្ចុះ ឬក៏គ្រែលើទឹកកម្សាន្តយ៉ាងសប្បាយក្អាកក្អាយ តែនាថ្ងៃចុងសប្តាហ៍នេះ ស្ថានភាពហាក់ខុសប្លែកខ្លាំង ខណៈអ្នកលក់ដូរថ្ងូរដូចព្រាប ព្រោះខ្សត់ភ្ញៀវសឹងតែ៩០ភាគរយ ។
អង្គុយអាំងមាន់ និងត្រីនៅលើតូបរបស់ខ្លួននៅរមណីយដ្ឋានកៀនស្វាយ អ្នកស្រីចាន់ និមល អាយុ៤៥ឆ្នាំ ហាក់មិនសូវរីករាយក្នុងចិត្តប៉ុន្មានឡើយ អ្នកស្រីចាន់ និមល អាយុ៤៥ឆ្នាំ និយាយឲ្យដឹងថា ៖ នៅថ្ងៃអាទិត្យនេះ មានភ្ញៀវខ្លះៗគេចូលមកទិញម្ហូបអាហារខ្ចប់យកទៅ គេមិនបានជួលតូបអង្គុយហូបបាយដូចមុននោះទេ ទំនងពួកគេខ្លាចរអារការឆ្លងជំងឺកូវីដ១៩ ។
អ្នកស្រីបានបន្តថា បើតាមការសង្កេតឃើញរបស់អ្នកស្រីចំនួនភ្ញៀវបានធ្លាក់ចុះប្រមាណជា៩០%ឯណោះ ចាប់តាំងពីមេរោគកូវីដ១៩ បានរាតត្បាតពិភពលោក ជាពិសេសគឺចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ តែម្តង ។
មិនមែនតែអ្នកស្រី ចាន់ និមល ទេ ដែលជួបប្រទះនូវបញ្ហាបាត់បង់ចំណូលនោះ អ្នកស្រីយឹម រ៉ែន អាយុ៤៥ឆ្នាំ ឯណេះវិញ អង្គុយអាំងត្រី និងគ្រឿងក្នុងមាន់បណ្តើរនៅលើរបស់ខ្លួនស្ថិតក្នុងរមណីយដ្ឋានកៀនស្វាយ ពោលទាំងទឹកមុខក្រៀមក្រំបណ្តើរ ថា កូវីដ-១៩ ពិតជាធ្វើបាបអ្នកស្រី និងបងប្អូនអាជីវករ ខ្លាំងណាស់ លក់មិនដាច់ ហើយត្រូវបង់លុយធនាគារទៀត ។
អ្នកស្រីបានបន្តថា « ទោះបីជាមានការព្រួយបារម្ភខ្លាច ឆ្លងវីរុសកូវីដ១-៩ យ៉ាងណាក៏ដោយ ក៏ត្រូវបន្តការលក់ដូរ រាល់ថ្ងៃ ព្រោះត្រូវរកប្រាក់សងធនាគារ « ចង់ឈប់ដែរ »។ បើធនាគារគេមិនយកលុយខែនោះ ខ្ញុំអាចឈប់បាន តែបើគេនៅតែយក ខ្ញុំមានលុយឯណាបង់ឱ្យគេ ។ ខ្ញុំចេះតែការពារខ្លះទៅ ។ ទោះបីកូវីដ-១៩ បន្តរាលដាលក្ដី បើធនាគារមិនពន្យាពេលបង់ការប្រាក់ទេ ខ្ញុំនៅតែអង្គុយលក់អ៊ីចឹង ។
រមណីយដ្ឋានកៀនស្វាយ ស្ថិតក្នុងឃុំកៀនស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចំងាយប្រហែលជា២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ហើយក៏ជារមណីយដ្ឋានមួយដ៏ពេញនិយមសម្រាប់ភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ នាំគ្នាមកកំសាន្ត និងហូបម្ហូបអាហារដ៏មានរសជាតិឆ្ងាញ់ពិសារដូចជា ៖ មាន់ដុត មាន់អាំង ត្រីរ៉ស់ ត្រីអណ្តែង កង្កែបបោក ទិញផ្លែឈើដែលអ្នកស្រុកដាំ បង្អែមគ្រប់មុខ និងបន្លែផ្សេងៗជាច្រើនមុខទៀត ដែលធ្វើផ្ទាល់ដោយដៃរបស់អ្នកស្រុកកៀនស្វាយតែម្តង ។
ប្រាកដណាស់ រមណីយដ្ឋានកៀនស្វាយ មួយទេ ដែលរងផលប៉ះពាល់ គេឃើញមានតំបន់រមណីយដ្ឋានជាច្រើនកន្លែងផ្សេងទៀត ក៏បាត់បង់ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តផងដែរ ។ «ព្រឹត្តិការសហគមន៍២០កុម្ភៈ» ក៏បានធ្វើឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនដែលរំពឹងចំណូលពីការលក់ដូរបន្តិចបន្តួចជូនភ្ញៀវមកកម្សាន្តនៅរមណីយដ្ឋានកៀនស្វាយ ព្រោះស្ថានភាពប្រែទៅជាស្ងាត់ភ្ញៀវមានតែអ្នកលក់ ។
រមណីយដ្ឋានកៀនស្វាយ ទើបតែបើកឲ្យមានការលក់ដូរវិញក្នុងរយៈពេលប៉ុន្មាន ២ សប្តាហ៍ចុងក្រោយនេះ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទផ្លូវឆ្លងកាត់ពីខេត្តទៅខេត្តមួយ និងបិទបញ្ចប់ការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។ បើទោះបីជាអ្នកស្រុករស់នៅជុំវិញរមណីយដ្ឋានកៀនស្វាយគ្មានឆ្លងជម្ងឺកូវីដមែន តែអាជ្ញាធរស្រុកបានបិទជាបណ្តោះអាសន្ន រមណីយដ្ឋានមិនឲ្យមានការលក់ដូរនោះទេកន្លងមក ។ បញ្ហានេះហើយវាបានធ្វើឲ្យប៉ះយ៉ាងធ្ងន់ធ្ងរដល់មុខរបរលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅរមណីយដ្ឋានកៀនស្វាយ ។ ក្រោយពីអាជ្ញាធរបើកឲ្យលក់វិញបានប៉ុន្មានសប្តាហ៍នេះ គឺមិនសំបូរភ្ញៀវចូលមកកំសាន្តនោះទេ ហើយចូលមកតិចតួច តែពួកគេទិញម្ហូបហើយនាំគ្នាចេញទៅវិញមិនដឹងទៅលេងខាងណាទេ ។
លោកយ៉ន់ កក្កដា អាយុ៦០ឆ្នាំ ដែលមានតូបជួលអង្គុយលេង និងហូបបាយប្រហែល៦០កន្លែងបាននិយាយសុំមិនបញ្ចេញឈ្មោះហាងបានរៀបរាប់ឲ្យដឹងថា ៖ រមណីយដ្ឋានកៀនស្វាយបាត់បង់ភ្ញៀវបរទេស ក៏ដូចជាភ្ញៀវជាតិចូលមកកំសាន្តតាំងពីចុងខែមករា មកម្ល៉េះ ក្រោយពីប្រទេសកើតជំងឺកូវីដ១៩ ហើយបច្ចុប្បន្នបាត់ភ្ញៀវស្ទើរ១០០ភាគរយទៅហើយ។ ដោយសារជំងឺនេះ បានរាលដាលដល់រាជធានីភ្នំពេញ ធ្វើឲ្យប៉ះដល់ជីវភាពរស់នៅរបស់គាត់ ដែលសង្ឃឹមលើមុខរបរជួលតូបអង្គុយកំសាន្តក្នុងរមណីដ្ឋានកៀនស្វាយ តែពេលនេះបានប៉ះពាល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរ ។
សំខាន់ជាងនេះ គឺការសង់តូបរបស់គាត់ គាត់បានខ្ចីប្រាក់ពីធនាគារអស់រាបពាន់ដុល្លារយកមករកស៊ីបានប្រាក់បង់រំលស់ទៅឲ្យធនាគារវិញ ហើយពេលនេះខ្សត់ភ្ញៀវ បើទោះជាអាជ្ញាធរបើកឲ្យដំណើរការឡើងវិញក៏ដោយរយៈពេលប៉ុន្មានថ្ងៃនេះ មិនមានមកតូបអង្គុយនោះទេ ។ បើសិនបើស្ថានភាពនៅតែបន្តទៅមុខទៀតគាត់ត្រូវប្រឈមមុខជាមួយធនាគារមិនខានឡើយ ។
ដោយឡែកអ្នកស្រីទូច រដ្ឋា អាយុជាង៥០ឆ្នាំ ដែលមានតូបជួលនៅរមណីយដ្ឋានកៀនស្វាយនិយាយទាំងដកដង្ហើបធំមួយៗឲ្យដឹងថា ៖ មុនកើតជំងឺកូវីដ១៩ នៅរមណីយដ្ឋានកៀនស្វាយមានភ្ញៀវប្រុស ស្រី មកជាក្រុមគ្រួសារបានជួលតូបរបស់អង្គុយហូបបាយ និងនាំគ្នាលេងកំសាន្ត សប្បាយរីករាយហ៊ោកញ្ជៀវ តែពេលនេះស្ងាត់ដូចចោរលួចសេះអីចឹង ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលធ្លាប់តែអ៊ូរអរ មនុស្សម្នាលនាំគ្នាដើរទិញម្ហូបមាន់ត្រីអាំង និងបន្លែផ្លែឈើ ពេលនេះចប់ហៅលេង ឮតែម្តង ។
ដូចគ្នា អ្នកស្រី ខួច ស្រីលក្ខ អាយុ៣២ឆ្នាំមាន ស្រុកកំណើត នៅ ស្រុកគៀនស្វាយ ខេត្តកណ្តាល ដែលមានមុខរបឈរហៅភ្ញៀវចូលផ្លូវរមណីយដ្ឋានកៀនស្វាយ ក៏ត្អូញត្អែរថា ៖ អស់រយៈពេលជាច្រើនខែមកដែលរមណីយដ្ឋានកៀនស្វាយបានបិទ ក្រោយពីនៅភ្នំពេញបានកើតជំងឺកូវីដមិនថមថយ បញ្ហានេះបានធ្វើឲ្យភ្ញៀវលេងមកកំសាន្តធ្វើឲ្យបាត់ចំណូលប្រចាំថ្ងៃដែលពីដើមគាត់អាចរកបានចាប់ពី ២ ម៉ឺន ឡើងទៅ បច្ចុប្បន្នគឺចប់មិនដឹងពេលណាជំងឺកូវីដ១៩រលាយផុតពីកម្ពុជាយើងនោះទេ ។
រីឯអ្នកលក់ពោតស្ងោរនៅតាមបណ្តោយផ្លូវជាតិលេខ១ នាំគ្នាលើកឡើងថា ៖ កើតជំងឺកូវីដ១៩នេះ មិនមែនប៉ះពាល់តែអ្នកលក់ដូរនៅរមណីយដ្ឋានកៀនស្វាយនោះទេ វាបានរាលដាលដល់ការលក់ដូរពួកគាត់ផងដែរ ។ និយាយជារួម គឺមិនមានភ្ញៀវចូលមកអង្គុយហូបដូចកាលពីមុនឡើយ រាល់ថ្ងៃនះលក់ពោតទិញអង្ករហូបមិនគ្រប់នោះទេ ។
មន្ត្រីក្រុមប្រឹក្សារឃុំកៀនស្វាយមួយរូបបានជួបដោយចៃដន្យបាននិយាយថា ៖ រមណីយដ្ឋានកៀនស្វាយនាពេលនេះ មិនថាភ្ញៀវបរទេស ឬខ្មែរនោះទេ គឺមានការថយចុះយ៉ាងខ្លាំង វាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកលក់ដូរយ៉ាងខ្លាំង តែយើងធ្វើម្តេចបើសភាពការជួបបែបនេះទៅហើយ មិនមែនមានតែរមណីយដ្ឋានកៀនស្វាយឯណា គឺនៅទូទាំងប្រទេស តែកុំភ្លេចអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាផង ៕
ចែករំលែកព័តមាននេះ