ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរាសាស្ត្រ​ល្បី​នៅ​ស្រុក​ថៃ ទស្សន៍​ទាយ​ជា​ថ្មី​អំពី​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា « ជួប​គ្រោះ​ធំ បាក់ឆ្អឹង​ខ្នង ! »

8 ឆ្នាំ មុន

សារព័ត៌មាន​មៈ​ទិ​ឆុ​ន ឆ្នាំ​ទី​៣៨ លេខ​១៣៦០០២ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ស​ប្តា​ហ៍​ទី​១ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ ពុទ្ធសករាជ​២៥៥៩ បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា

សារព័ត៌មាន​មៈ​ទិ​ឆុ​ន ឆ្នាំ​ទី​៣៨ លេខ​១៣៦០០២ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ស​ប្តា​ហ៍​ទី​១ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ ពុទ្ធសករាជ​២៥៥៩ បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា កំពុង​ស្ថិត​ក្នុង​សភាព​ដួល​ដាំ​ក្បាល​ចុះ និង​ដាច់​សរសៃ​ជើង​ទាំងអស់ គឺ​ជួប​គ្រោះ​ធំ «​បាក់ឆ្អឹង​ខ្នង​» ទៅ​មុខ​លែង​រួច ថយក្រោយ​មិនកើត ហេតុនេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ខំប្រឹង​តាម​គ្រប់​មធ្យោបាយ និង​ប្រើ​គ្រប់​យុទ្ធវិធី​ទាំង​ត្រដរខ្យល់ ស្រវា​ក្រោក​ងើប​ៗ ហើយ​ដួល​ទៅ​វិញ​យ៉ាង​ត្រដាបត្រដួស​បំផុត និង​ទាំង​ភ័យ​ព្រលឹង​ចុង​សក់​ដើម្បី​បន្ត​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​បាត់បង់​ម្ចាស់​ការ ។

ខាងលើ​នេះ គឺជា​សម្តី​នៃ​ការ​ទស្សន៍​ទាយ​ដ៏​ខ្លាំងក្លា និង​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​របស់​ហោរាសាស្ត្រ​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​បាន​អ្នកនយោបាយ និង​អ្នកជំនួញ​ជា​ច្រើន​នាក់​ស្ងើចសរសើរ និង​ប្រសិទ្ធ​នាម​ឲ្យ​ថា ជា​ហោរា​មាត់ទិព្វ គឺ​លោក ភិន​យ៉ូ ភុង​ចា​រ៉ឺ​ន ដែល​មាន​អាយុប្រមាណ​៥០​ឆ្នាំ ឆ្លើយ​ទៅ​កាន់​ស្ត្រី​ម្នាក់​ដែល​ទំនងជា​ធ្លាប់​ចេញចូល​ប្រទេស​ថៃ​ញឹកញាប់ និង​បាន​បង្ហាញ​នូវ​អត្ត​ចរិត​ប្រឆាំង​ជាមួយ​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​នៃ​ក្រុម​បណ្តាញ​ព័ត៌មាន​សេរី ផ្តល់​ជូន​សារព័ត៌មាន ម៉ៈ​ទិ​ឆុ​ន ។

ក្នុង​ភាព​រហ័សរហួន និង​សំឡេង​ខ្លាំង​ៗ ច្បាស់​ៗ ប៉ុន្តែ​មាន​ទឹកមុខ​ញញឹម​ស្រស់ស្រាយ លោក ភិន​យ៉ូ ភុង​ចា​រ៉ឺ​ន បាន​និយាយ​ទៅ​កាន់​មនុស្ស​ប្រមាណ​ពី​៥-៧​នាក់​ជា​ជនជាតិ​ខ្មែរ តាម​រយៈ​ការ​បកប្រែ​ពី​យុវជន​ជំទង់​១​រូប ទំនងជា​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​រង់ចាំ​នៅ​រាន​ខាងក្រៅ ក្នុង​បរិវេណ​ផ្ទះ​ដ៏​ស្កឹមស្កៃ​មួយ​របស់​លោក ភិន​យ៉ូ ក្នុង​ទីក្រុង​បាងកក ។

លោក ភិន​យ៉ូ បាន​បញ្ជាក់​ថា គណបក្សប្រឆាំង​នៅ​កម្ពុជា ខុស​ពី​គណបក្សប្រឆាំង​នៅ​ស្រុក​ថៃ និង​ក៏​មិន​អាច​ធ្វើ​ដូច​ស្រុក​ថៃ​បាន​ឡើយ​នូវ​គោលបំណង​ប៉ុនប៉ង​កាន់កាប់​អំណាច​ដ៏​ឆាប់រហ័ស​តាម​វិធី​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល និង​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​ការ​យក​បញ្ហា​ព្រំដែន​ដើម្បី​កេង​ចំណេញ​នយោបាយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គាំង​គ្រប់​ច្រក​ទាំងអស់ ពេលវេលា​មិន​អំណោយផល​ដូច​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ​ទេ ។

ស្ត្រីជន​ជាតិខ្មែរ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នោះ​ហាក់ដូចជា​ខឹងសម្បា បាន​ចោទសួរ​ទៅ​លោក ភិន​យ៉ូ ដោយ​រំឭក​អំពី​ការ​ប្រមូលផ្តុំ​កម្លាំង​គាំទ្រ​ពី​មហាជន ជា​ពិសេស​ក្រុម​យុវជន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​មក​ថា មាន​ហ្វូង​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​មិន​សុខចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដោយ​ចោទ​ថា មានការ​កិបកេង​បន្លំ​ជាដើម ។ ការ​លើក​បញ្ហា​នេះ​ឡើង អាច​ជា​អ្វី​ដែល​ស្ត្រី​រូប​នោះ​ចង់​បញ្ជាក់​ថា បក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង និង​អាច​សង្ឃឹមថា ផ្លាស់​ប្តូរ​រដ្ឋាភិបាល​បាន​នៅ​ពេល​ណាមួយ បើ​ពួក​គេ​មានឱកាស និង​កម្លាំង​គ្រប់គ្រាន់ ។

លោក ភិន​យ៉ូ  បាន​និយាយ​ថា ពេលវេលា​នេះ​អាក្រក់​បំផុត​សម្រាប់​គណបក្សប្រឆាំង​របស់​លោក សម រ​ង្ស៊ី ដូច​អ្នក​លេងអុក​អ​ញ្ចឹ​ង គឺ  «​អស់​ផ្លូវ អស់​ក្រឡា​ដើរ ទាល់ច្រក និង​គេ​ព័ទ្ធ​ជិត​» ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​បោះ​ទូក បោះ​សេះ ឲ្យ​សត្រូវ​ស៊ី ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។

លោក ភិន​យ៉ូ បាន​មាន​ប្រសាសន៍​បន្ត​ថា «​ល្បែង​អុក​» គឺ​ដូច​គ្នា​នឹង​សកម្មភាព​របស់​អ្នកនយោបាយ​ដែរ សំខាន់​ត្រង់​គំនិត​ដឹកនាំ ការ​សម្រេចចិត្ត​ច្បាស់លាស់​បាន​លឿន រហ័ស និង​ចេះ​ប្រើប្រាស់​ឱកាស ជា​ពិសេស​បំផុត​នោះ គឺ​ភាព​ឈ្លាសវៃ​ក្នុង​ផ្លូវ​ដើរ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ។ ប៉ុន្តែ លោក ភិន​យ៉ូ ថ្លែង​បញ្ជាក់​ថា ទាំង​លោក សម រ​ង្ស៊ី ទាំង​លោក កឹ​ម សុខា គ្មាន​ផែនការ​យុទ្ធសាស្ត្រ​ដឹកនាំ​ច្បាស់លាស់ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ដែល​ជា​កម្លាំង​ស្នូល​ក្នុង​គណបក្សប្រឆាំង​ត្រូវ​បាន​គេ​វាយបំបាក់​ឆ្អឹងខ្នង ហើយ​ក្នុង​នោះ​សំបូរ​ដោយ​មនុស្ស​អសមត្ថភាព ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​តាមតែ​គំនិត​ឯកជន​រៀងខ្លួន ផ្ទុយ​ទៅ​វិញ​បែរជា​លេចធ្លោ​នូវ​ការ​គិតតែ​ពី​ផលប្រយោជន៍ លាភ​សក្ការ មុខ​តំណែង និង​ការ​អែបអប រុកកួន​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រៅពី​នេះ ពួក​គេ​ច្រើន​តែ​មាន​អំនួត​ក្អេងក្អាង អាង​មេ​រៀង​ៗ​ខ្លួន​នៅ​ក្នុង​គណបក្ស​ដែល​ចែក​ជា​ច្រើន​ក្រុម គ្មាន​មេកោយ​ច្បាស់លាស់ ហើយ​អ្វី​ដែល​ជា​គ្រោះថ្នាក់​បំផុត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ គឺ​ផ្ទៃក្នុង​គណបក្សប្រឆាំង​នៅ​កម្ពុជា បាន​និង​កំពុង​រង្គោះរង្គើ​ពេញបន្ទុក ដោយសារ​បុគ្គល​ជា​អ្នកដឹកនាំ​រួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មានចិត្ត​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ក្បត់ប្រជាជន​ខ្លួនឯង ចូល​ចិត្ត​ប្រថុយ​តែ​ជាមួយនឹង «​ល្បែង​យក​ក​ទៅ​ល​អន្ទាក់​» ។

លោក ភិន​យ៉ូ និយាយ​បន្ថែម​ដោយ​សម្តី​ខ្លាំង​ៗ​ទៀត​ថា ទាំង​លោក សម រ​ង្ស៊ី និង​លោក​អនុប្រធាន កឹ​ម សុខា មើល​ស្រាល​លើ​សមត្ថភាព​ដ៏​ខ្លាំងក្លា​ប្រកបដោយ​ថាមពល និង​ភាព​ប៉ិន​ប្រសប់​របស់​លោក ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ។ មាន​ពេល​ខ្លះ ពួក​គាត់ (​សម រ​ង្ស៊ី កឹ​ម សុខា​) ចង់​ប្រើ​ស្នៀត​បំភ័ន្ត បំផ្លើស ដោយ​លើកយក​បញ្ហា​ជា​ច្រើន​មក​បន្លំ និង​ផ្លាស់​ប្តូរ​ស្នៀត​ពី​មួយ​ទៅ​មួយ ប៉ុន្តែ​លោក ហ៊ុន សែន ងាយ​នឹង​មើលឃើញ​ពី​ការ​បង្វែរ​សាច់​រឿង​នោះ និង​ដឹង​ពី​ចំណុចខ្សោយ​របស់​ពួក​គេ ក៏​វ៉ៃ​បំបាក់​បាន​មុន បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​គ្មាន​អ្វី​ក្រៅពី​ទទួល​រង​នូវ​ភាព​បរាជ័យ​ផ្ទួន​ៗ ងើបមុខ​មិន​រួច ។

ហោរា​ដ៏​ល្បី​រូប​នេះ បាន​បញ្ជាក់​ថា ជំហាន​របស់​លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ គឺជា​ជំហាន​គីង្គក់ ប៉ុន្តែ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន គឺ​លោក​ប្រើ​ទម្ងន់​ដំរី ។ លោក ភិន​យ៉ូ ភុង​ចា​រ៉ឺ​ន បាន​ដាស់តឿន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​ស្ត្រី​ដែល​បាន​មក​ទស្សន៍​ទាយ​ថា សូម​សម្លឹង​មើល​បញ្ហា​ជុំវិញ​ខ្លួន តើ​មាន​អ្វីខ្លះ​បាន​កើតឡើង​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្តាំ​ថា សូមកុំ​នាំ​គ្នា​ផ្គើន និង​យកដៃ​ទៅ​ចាប់​ភ្លើង ប្រយ័ត្ន​រលាក ឬ​ក៏​អាច​មានទុក្ខ​ដាក់ខ្លួន​កាន់តែ​ខ្លាំង​ជាង​នេះ ។ លោក​បន្ត​ថា ភាព​បរាជ័យ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កើត​ចេញពី​សកម្មភាព​ផ្ទាល់​របស់​ពួក​គេ​ម្នាក់​ៗ ដែល​បំពាន​លើ​ភាព​ស្មោះត្រង់ គ្មាន​សច្ចធម៌ និង​បំពាន​គោលការណ៍​ច្បាប់ បន្ថែម​ពីលើ​គុណវិបត្តិ​ជា​ច្រើន​ដែល​អ្នកតំណាង​រាស្ត្រ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ចំពោះ​ជាតិ គឺ​ប្រាសចាក​ពី​ការ​ពិត​ទាំងស្រុង ។

លោក ភិន​យ៉ូ បាន​សង្កត់ធ្ងន់​ថា ការ​បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បញ្ចប់​ត្រឹមហ្នឹង​ទេ គឺ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ចរន្ត​នៃ​ការ​ផ្តាច់ខ្លួន​ដើរ​ចេញពី​បក្ស​បាន​កើត​ឡើងជា​បន្តបន្ទាប់​ទៀត​ដែល​ប្រៀប​ដូច​ទឹកបាក់​ទំនប់​។ លោក ភិន​យ៉ូ បាន​និយាយ​ចំ​ៗ​ថា ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដូច​អ្វី​ដែល​រូប​គាត់​បាន​ទស្សន៍​ទាយ​កាលពី​ចុងឆ្នាំ​២០១៤​កន្លង​ទៅ​ប្រាកដ​មែន គឺ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​មក​ម្ល៉េះ គណបក្សប្រឆាំង​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួប​គ្រោះ​ធំ ប្រៀប​ដូច «​ពស់​ដាច់​ក្បាល និង​ដាច់​ដងខ្លួន​» ដូច្នេះ អ្វី​ដែល​ជា​ការ​ពិត​នៅ​ពេល​នេះ គឺ​១០០​ភាគរយ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទៀត​ទេ ។ បក្ស​ប្រឆាំង​ត្រូវ​តែ​ទទួលស្គាល់​ការ​ពិត​ថា សព្វថ្ងៃ​កំពុង​រស់នៅ​ដូច​ពស់​ដាច់​ក្បាល ដាច់​ដងខ្លួន និង​កន្ទុយ​។ ក្នុង​បក្ស​គឺ​ដូច​សត្វ​ឥត​មេបា មេ​បក្ស និង​តំណាងរាស្ត្រ​មួយ​ចំនួន​នាំ​គ្នារ​ត់ទៅ​ក្រៅប្រទេស សកម្មជន​របស់​ខ្លួន​កំពុង​ជាប់​ឃុំ ជួប​អាសន្ន​គ្មាន​អ្នក​ជួយ​សង្គ្រោះ ។ ក្នុង​បញ្ហា​ប្រឈម​បែប​នេះ មេ​បក្ស​ខិតខំ​បង្វែរ​សភាពការណ៍ ខំ​សំដែង​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង និង​ខិតខំ​រិះរក​វិធី​លុបលាង​កំហុស​ដើម្បី​កសាង​គុណសម្បត្តិ​ទាំង​បំភ័ន្ត​ភ្នែក​គេ ប្រើ​ស្នៀត​ថ្មី​ៗ​ប៉ុនប៉ង​ដាក់​គំនាប​លើ​លោក ហ៊ុន សែន ប៉ុន្តែ​អំពើ​បោកប្រាស់​បាន​អស់លក្ខណ៍​ដោយសារ​ត្រូវ​បាន​លោក​ហ៊ុន សែន ដឹង​ច្បាស់ និង​មិន​អាច​អនុគ្រោះ​តទៅ​ទៀត​បាន ក៏​សង្កត់ក​ថែម ។ លោក ភិន​យ៉ូ បាន​បញ្ជាក់​ថា​នៅ​ពេល​នេះ បក្ស​ប្រឆាំង​ស្ទើរតែ​អស់​សន្លឹក​បៀរ​លេង​ទៅ​ហើយ ហើយនឹង​អាច​ជួប​គ្រោះ​ខ្លាំង​ជាង​នេះ​លើ​បញ្ហា​ជា​ច្រើន​ទៀត បើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅ​តែ​បន្ត​ប៉ុនប៉ង​លេងល្បែង​អ​សីលធម៌​ក្នុង​ការ​ដាក់​គំនាប​លើ​បក្ស​ម្ខាង​ទៀត ឬ​ក៏​ប្រើ​ឧបាយកល​ភូត​កុហក ដើម្បី​កេង​ចំណេញ​ប្រជាប្រិយភាព​ដ៏​ជ្រុល​ហួសហេតុ​នោះ​។ ម្យ៉ាងវិញទៀត ម៉ោង​នេះ វប្បធម៌​និយាយ​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក ភិន​យ៉ូ អះអាង​ថា ផ្លូវ​នោះ​កំពុង​ជួប​ឧបសគ្គ ហើយ​ល្បែង​មិន​ស្មោះត្រង់​នឹង​គ្នា​នេះ បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយសារ​ការ​លាក់​កាំបិត​ពីក្រោយ​ខ្នង​របស់​មេ​បក្ស​សង្គ្រោះ​ជាតិ ។ សម្តី​របស់​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា នៅ​ពេល​នេះ​សាប​ដូច​ទឹក​ត្រពាំង ស្អុយ​ដូច​គម្រង់​និង​មិន​មាន​តម្លៃ​អ្វី​ចំពោះ​លោក ហ៊ុន សែន ដូច​ពី​មុន​ទៀត​ឡើយ ។

លោក ភិន​យ៉ូ បាន​និយាយ​ថា បក្ស​ប្រឆាំង​មិន​ត្រូវ​យក​ភាព​ទុច្ចរិត​របស់​ខ្លួន​ទៅ​បោកប្រាស់​ដៃគូ​ម្ខាង​ទៀត​ដែល​គេ​កំពុង​មាន​ប្រៀប​នោះ​ទេ ហើយ​បាន​សង្កត់ធ្ងន់​ថា អ្នកនយោបាយ មិនមែន​ជា​អ្នកទេសចរ​ឡើយ ហើយ​ក៏​ពុំគប្បី​កាឡៃ​ប្រវត្តិសាស្ត្រ គុំកួន ញុះញង់​អុជអាល បង្កជម្លោះ​ដើម្បី​កេង​ចំណេញ​នយោបាយ​ប្រជា​ភិ​ថុ​តរបស់​បក្ខពួក និង​ក្រុម​ខ្លួន​នោះ​ដែរ ។

សូម​រំលឹក​ថា លោក ភិន​យ៉ូ ភុង​ចា​រ៉ឺ​ន បច្ចុប្បន្ន គឺជា​នាយក​សមាគម​ហោរាសាស្ត្រ​អន្តរជាតិ នៃ​រាជាណាចក្រ​ថៃ ។ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ លោក​ក៏​ធ្លាប់​បាន​ទស្សន៍​ទាយ​អំពី​ជោគវាសនា​របស់​គណបក្សប្រឆាំង​ម្តង​មក​ហើយ ដោយ​និយាយ​ថា នៅ​ដើមឆ្នាំ​២០១៥ ឬ​យ៉ាង​យូរ​បំផុត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ ប្រៀប​ដូច​ពស់​ដាច់​ក្បាល និង​ដាច់​ដងខ្លួន ហើយ​ថា​នឹង​កើត​មាន​វិបត្តិ​បែកបាក់​ផ្ទៃក្នុង អាប់អួ ច្របូកច្របល់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងធ្ងន់ធ្ងរ ៕