ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ចម្រៀង «​រាហូ​ចាប់​ចន្ទ​» មាន​វិវាទ​គ្នា​ផ្លូវច្បាប់ទាក់ទិន​នឹង​ការ​ប្រកាន់​ចំណងជើង​ជា​កម្មសិទ្ធិ

9 ឆ្នាំ មុន

ប្រវត្តិ​ដើម​នៃ​បទ​ចម្រៀង «​រាហូ​ចាប់​ចន្ទ​» កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និពន្ធ និង​ថត​នៅ​អំឡុង​ឆ្នាំ​១៩៧៣ សម្រាប់​បញ្ចូល​ក្នុង​ប្រលោមលោក​មួយ​ឈ្មោះ «​រាហូ​ចាប់​ចន្ទ​» ហើយ​ត្រៀម​ថត​ទៅ​ជា​ខ្សែភាពយន្ត​ទៀត​ផង ។

ប្រវត្តិ​ដើម​នៃ​បទ​ចម្រៀង «​រាហូ​ចាប់​ចន្ទ​» កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និពន្ធ និង​ថត​នៅ​អំឡុង​ឆ្នាំ​១៩៧៣ សម្រាប់​បញ្ចូល​ក្នុង​ប្រលោមលោក​មួយ​ឈ្មោះ «​រាហូ​ចាប់​ចន្ទ​» ហើយ​ត្រៀម​ថត​ទៅ​ជា​ខ្សែភាពយន្ត​ទៀត​ផង ។ មុន​នឹង​ចាប់ផ្តើម​សរសេរ​រឿង​នេះ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​បាន​យក​សាច់​រឿង​សង្ខេប​ទៅ​សុំ​សេចក្តី​អនុញ្ញាត​ពី​ការិយាល័យ​ព័ត៌មាន​នៃ​ក្រសួង​ឃោសនាការ​ជាតិ ដោយ​ឆ្លងកាត់​សមាគម «​អ្នក​ភាពយន្ត​ខ្មែរ​»​នា​សម័យ​នោះ ហើយ​បាន​ទទួល​លេខ​តម្កល់​ទុក​តាម​ច្បាប់ ដើម្បី​រក្សា​សិទ្ធិ​មិន​ឱ្យ​អ្នក​ណា​យក​ចំណងជើង​រឿង​នេះ​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវជំនួញ​បាន​ទៀត​ឡើយ ។

កាល​ណោះ​មាន​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​មួយ​ដែល​បានឃើញ​ប្រលោមលោក​រឿង​«​រាហូ​ចាប់​ចន្ទ​» ចេញផ្សាយ​ទៅ​មាន​សន្ទុះ​ខ្លាំង​នៅ​លើ​ទីផ្សារ​ក៏​បាន​យកឈ្មោះ​រឿង​នេះ​ទៅ​ដាក់​ជា​ចំណងជើង​រឿង​របស់​គេ​ផ្សេង ។

ពេល​នោះ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ហាម​ជា រឿយ​ៗ​ថា សុំ​កុំ​យក ព្រោះ​ឈ្មោះ​រឿង​នេះ​លោក​បាន​សុំ «​តម្កល់​ទុក​តាម​ច្បាប់​» រួច​ហើយ ប៉ុន្តែ​ចាងហ្វាង​ផលិតកម្ម​នោះ​មិន​ព្រម​ដោយ​សម្អាង​ថា ឈ្មោះ​រាហូ​ចាប់​ចន្ទ​ជា​ឈ្មោះ​បុរាណ អ្នក​ណា​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន ទើប​គេ​ក៏​យក​ចំណងជើង​នោះ​ទៅ​ដាក់​រឿង​របស់​គេ​តាម​ទំនើងចិត្ត ។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ធ្វើ​ពាក្យ​ប្តឹង​នៅ Bureau de  Presse នា​សម័យ​នោះ  ហើយ​គេ​បាន​កាត់សេចក្តី​ឱ្យ​លោក​ឈ្នះ ដោយ​តម្រូវ​ឱ្យ​ចាងហ្វាង​ផលិតកម្ម​នោះ​សង​ជា​ប្រាក់​ជំងឺ​ចិត្ត​ដល់​លោក​ទៀត​ផង ព្រោះ​ច្បាប់​បាន​សម្អាង​ថា ពិតមែនតែ​ពាក្យ​«​រាហូ​ចាប់​ចន្ទ​»​ជា​ពាក្យ​ពី​បុរាណ​តែ​កន្លង​មក​ពុំ​ទាន់​មាន​អ្នក​ណា​ទៅ​សុំ​ច្បាប់​រក្សា​សិទ្ធិ​តម្កល់​ទុកជា​ផ្លូវការ​នៅឡើយ ដូច្នេះ​អ្វី​ដែល​លោក​បាន​ទៅ​សុំ​តម្កល់​ទុក​មុន​គឺ​ចំណងជើង​នេះ​ពិតជា​កម្មសិទ្ធិ​របស់​លោក មិន​អាច​មាន​នរណា​រំលោភ​បំពាន​លួច​យក​ទៅ​ប្រើប្រាស់​បាន​ឡើយ លុះត្រាតែ​មានការ​ព្រមព្រៀង​គ្នា​ជា​ទ្វេភាគី  ។

នេះ​ចង់​បញ្ជាក់​ថា ច្បាប់ទម្លាប់​យើង​នា​សម័យ​នោះ មាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​ការពារ​សិទ្ធិ​ខាង​បញ្ញា​ពលកម្ម ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​នេះ ទោះបី​មានច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​សិទ្ធិ​ខាង​និពន្ធ​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មានការ​លួច​បន្លំ រំលោភសិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ជាប់​ជា​និច្ច ។

បទ​«​រាហូ​ចាប់​ចន្ទ​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​និពន្ធ​ទៅ​តាម​លំ​អាន​សាច់​រឿង​ប្រលោមលោក គឺ​តួ​ប្រុស​ឈ្មោះ​រាហូ បាន​ផ្សងព្រេង​រហូត​ទៅ​ដល់​កោះ​ស៊ូ​ម៉ា​ត្រា កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជួបនឹង​កុលាប​កោះ​បាលី​នៅ​ទីនោះ ហើយ​បង្កើត​ជា​បញ្ហា​ស្មុគស្មាញ​ក្នុង​ឆាក​ស្នេហា​ផ្សងព្រេង ។

បទ «​រាហូ​ចាប់​ចន្ទ​» និង​បទ «​លា​ហើយ​ស៊ូ​ម៉ា​ត្រា​» សុទ្ធតែ​ដកស្រង់​ចេញពី​រឿង​រាហូ​ចាប់​ចន្ទ​ដូច​គ្នា ប៉ុន្តែ​ពេល​នោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​មិន​បាន​ទៅ​ថត​ផ្ទាល់​នៅ​ស្ទូ​ឌី​យោ​ទេ ព្រោះ​មាន​ជំងឺ គឺ​ប្រគល់​ឱ្យ​ប្រពន្ធ​លោក​ជា​អ្នកដឹកនាំ​ចាត់ចែង​ទាំងអស់ ។

សព្វថ្ងៃ​បទ​ទាំង​ពីរ​នេះ​ត្រូវ​ក្រុមហ៊ុន​ផលិត​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​យក​ទៅ​ថត ប៉ុន្តែ​ការ​រៀបចំ​សម្លៀក​បំពាក់ និង​កាយវិការ ត្រូវ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​បញ្ជាក់​ថា​ហាក់​មិន​ត្រូវ​ទៅ​តាម​សាច់​រឿង​ឡើយ ព្រោះ​គេ​មិនដឹង​រឿង​ពិត ចេះ​តែ​ថត​ឱ្យ​តែ​បាន ។ 

បទ​«​រាហូ​ចាប់​ចន្ទ​»​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​ដោយ​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រួល​តន្ត្រី​ដោយ​ហាស់ សាឡ​ន និង​ច្រៀង​ដោយ​ស៊ី​ន ស៊ី​សា​មុត ។ បទ​នេះ​រាយ​ទំនុក​ថា៖
១-​ថ្ងៃ​បង​ជួប​អូន​ជា​ថ្ងៃ​សុបិន ថ្ងៃ​ដែល​មាសឆ្អិន​ចង់​ប្រហារ​បង រាហូ​ចាប់​ចន្ទ អូន​ចាប់​បង​ចង ឥឡូវ​ចំណង​ក្លាយជា​ស្នេហា ។
២-​អធ្រាត្រ​ណាស់​ហើយ​គេង​កើយ​ភ្លៅ​ស្រី  សន្សើម​ជោក​ដី​ប្រោះព្រំ​ចិន្តា ចង្កៀង ប្លុង​ៗ ក្នុង​ខ្ទម​ជរា ប្រវត្តិ​ស្នេហា​ចារ​ដោយ​លោហិត ។ បន្ទរ​-​នេះ​គឺ​ដួង​ចន្ទ​ក្នុង​ដៃ​រាហូ ផែន​ថ្ពាល់​ទាំង​ក្រអូប​ផ្អែម​ឆ្អិត ទឹកភ្នែក​ស្រី​ម៉ុមបង​សូម​ថើប​ផ្តិត ចងក្រង​ដួងចិត្ត​នែបនិត្យ​លុះ​ក្ស័យ ។

៣-​ឥឡូវ​រាហូ​ខ្ជាក់​ចន្ទ​វិញ​ហើយ ឱ​ដួង​ចន្ទ​អើយ​កែវ​កុំ​យំ​អី បើ​ខឹង​នឹង បង​ៗ​ឱ្យ​ប្រល័យ ដក​កាំបិត​ខ្លី​ប្រហារ​បង​ចុះ ៕