ចង់​ជោគជ័យ​ត្រូវ​មើល​ទម្លាប់​ការងារ​របស់​មនុស្ស​ជោគជ័យ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ជោគជ័យ​ត្រូវ​មើល​ទម្លាប់​ការងារ​របស់​មនុស្ស​ជោគជ័យ !

2 ខែ មុន
  • Phnom Penh

ភាគ​ទី​ ១២ ៖ ក្រ​ជា​វាសនា ? មាន​ជា​វាសនា ? ខ្ញុំ​គិត​ថា មនុស្ស​យើង​មិន​អាច​ជ្រើសរើស​បានថា ​តើ​គួរ​កើតនៅ​ក្នុង​គ្រួសារ​របស់​អ្នកមាន…

ភាគ​ទី​ ១២ ៖ ក្រ​ជា​វាសនា ? មាន​ជា​វាសនា ? ខ្ញុំ​គិត​ថា មនុស្ស​យើង​មិន​អាច​ជ្រើសរើស​បានថា ​តើ​គួរ​កើតនៅ​ក្នុង​គ្រួសារ​របស់​អ្នកមាន ឬ ​ក៏​អ្នកក្រ​នោះ​ទេ ​។ ដូច្នេះ​ពេល​យើង​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ​ ឬ ​អ្នកមាន វា​អាច​ជា​វាសនា​របស់​យើង ​។ ប៉ុន្តែ​ទោះបីជា​យ៉ាង ណា​ក៏​ដោយ​ចុះ បើសិនជា​យើង​ចាស់ជរា​ទៅ​ ឬ​ ក៏​ពេល​ស្លាប់​ទៅ​នៅ​ជា​អ្នកក្រ នោះមិន មែនមក​ពី​វាសនាទេ ​គឺ​មក​ពី​ខ្លួន​យើង​ផ្ទាល់​ដែល​មិន​បាន​ប្រឹងរៀន​សូត្រ ប្រឹង​ធ្វើការ ឬ​ប្រឹង​រកស៊ី ដោយ​ប្រើខួរក្បាល ប្រើ​ដៃ​ពីរ និងជើង​ពីរ​ជាដើម ​ដើម្បី​បង្កើត​អនាគត​មួយ​ដែល​យើង​ចង់បាន ​។

ខ្ញូំ​ទទួលស្គាល់​ថា ​អ្នកមាន​ និង​មនុស្ស​ជោគជ័យ​ទាំងអស់ ពួក​គេ​សុ​ទ្ឋ​តែ​ជា​មនុស្ស​ប្រឹងប្រែងទាំង​កម្លាំងកាយចិត្ត និងប្រាជ្ញា​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ពួក​គេ​ ។ ដោយ​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ ខ្ញុំ​បាន​តាំងចិត្តថា ​ត្រូវ​ប្រឹងរៀន ប្រឹង​ធ្វើការ និងប្រឹង​រកស៊ី​តាម​សមត្ថភាព ​ដើម្បី​បង្កើត​អនាគត​មួយ​ដែល​ខ្ញុំ​ចង់បាន ​។

ខ្ញុំ​បាន​ស្គាល់​មនុស្ស​ទាំង​អ្នកមាន​ និង​អ្នកក្រ ទាំង​អ្នក​ជោគជ័យ ​និង​បរាជ័យ​ក្នុង​ជីវិត ​។ អ្វី​ដែល​ខ្ញុំ​កត់សម្គាល់​នោះ ​គឺ​អ្នកមាន​ និង​មនុស្ស​ជោគជ័យ ពួក​គេ​ប្រឹងប្រែង​ខ្លាំង​ណាស់​ ។ ពួក​គេ​ធ្វើការ​មិនចេះ​នឿយ​ហត់​ឡើយ ចាប់តាំងពី​ក្រោកពីតំណេក​តាំងពី​ព្រឹក​ព្រលឹម​មក ​។ នៅ​ពេល​ដែល​ឃើញ​អំពីទម្លាប់រស់នៅ របៀប​ធ្វើការ និងរបៀប​រកស៊ី​របស់​អ្នកមាន​នោះ ខ្ញុំ​គិត​ថា ​ពួក​គេ​មានបាន​មិនមែន​ដោយភាព​ចៃដន្យ​ទេ ប៉ុន្តែ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​សម្រេច​ជៅ​គ​ជ័យ​ ។

Picture

ឧកញ៉ា​ ឬ​ ក៏​ពពួក​អ្នកមាន ធ្វើការ​ជាប់​រហូត​តាំងពី​ក្រោកពីដំណេក​មក ​។ ពេល​ខ្លះ​ពួក​គេ​ធ្វើការ​មិន​គិតយប់​ថ្ងៃ សៅរ៍​ អាទិត្យ​ និង​ពេលបាយ​ទឹក​ឡើយ ​។ ខ្ញុំ​បាន​ព្យាយាម​ចាប់​យក​ទម្លាប់​ការងារ​តាម​ពួក​គេ ហើយ​ក្នុងកម្រិត​ណា​នោះវា​បាន​ជួយ​ខ្ញុំ​អោយ​បង្កើត​អនាគត​មួយ​ដែល​ខ្ញុំ​ចង់បាន ​គឺ​ជីវភាពសមរម្យ​ក្នុង​សង្គម​ ។

ប៉ុន្តែ ខ្ញុំ​សូម​ប្រកាស​ថា ​សម្រាប់​រូប​ខ្ញុំ ខ្ញុំ​មិន​ចង់​ដល់​គោលដៅ​ជីវិត​ជា​អ្នកមាន​ស្តុកស្តម្ភ​ឡើយ​ ។ ខ្ញុំ​គ្រាន់តែ​ចង់បាន ជីវិត​រស់នៅ​ដ៏​សមរម្យ សប្បាយ​រីករាយ និងមាន​ន័យ​ក្នុង​សង្គម​ប៉ុណ្ណោះ​ ។ ខ្ញុំ​សារភាព​ថា ខ្លួន​ខ្ញុំ​ផ្ទា​ល់ត​ស៊ូ​មិន​ទាន់​ដល់​ឧកញ៉ា​ និងអ្នកមានជា​ច្រើន​ឡើយ​ ។ ខ្ញុំ​ពិតជា​គោរព​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទម្លាប់​ការងារ​ និង​រកស៊ី​របស់​ពួក​គេ ​។

តើ​អ្នក​អាច​ទទួល​បាន​អ្វី​ពី​បទ​ពិសោធន៍​ជីវិត​នេះ ?

បើ​ចង់​ក្លាយជា​អ្នកមាន ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​នោះ យើង​ត្រូវ​តែ​ចាប់​យក​ទម្លាប់​របស់មនុស្ស​អ្នកមាន ​និង​មនុស្ស​ជោគជ័យ ។ សៀវភៅ​ដែលមានចំណង​ជ៉​ង​ថា «​ទម្លាប់​ជោគជ័យ​របស់​មហាសេដ្ឋី​» ឬ ​ភាសា​អង់គ្លេសហៅថា Millionaire Sucess Habits បាន​សរសេរ​ថា ជោគជ័យ​មិនមែន​ទាក់ទង​នឹង​សំណាង​ទេ ​។ មនុស្ស​ជោគជ័យ មិនមែន​គ្រាន់តែ​អង្គុយ​រង់ចាំ​សំណាង​មក​ដល់​ឡើយ ​។ ពួក​គេ​ស្វែងរក​ និង​ចាប់យក​ភាព​រុងរឿង ​។ ពួក​គេ​ជា​មនុស្ស​មាន​ចក្ខុវិស័យ ដែល​ហ៊ាន​ប្រថុយ និងពុះពារ​ឧបសគ្គ​គ្រប់​ស្ថានភាព ​។

ដូច្នេះ បើសិនជា​អ្នក​ចង់​ជោគជ័យ​ និង​ក្លាយជា​សេដ្ឋី​នោះ អ្នក​ត្រូវ​យល់​អោយ​ច្បាស់​អំពី​ទម្លាប់​ការងាររបស់​មនុស្ស​ប្រភេទ​នេះ​ ហើយ​ធ្វើ​តាម​ពួក​គេ​អោយ​បាន​ ។ ពេល​នោះ ជោគជ័យ​នឹង​នៅ​ខាង​អ្នក​ហើយ បរាជ័យ​ និង​ភាព​ក្រីក្រ​នឹង​មិន​ហ៊ាន​មក​ជិត​អ្នក​ឡើយ​ ៕