សហរដ្ឋអាមេរិក ៖ បណ្ដាសារព័ត៌មានអាមេរិក រាយការណ៍នាថ្ងៃទី២៥កុម្ភៈថា ឆ្កែ២ក្បាលរបស់តារាចម្រៀងអាមេរិក នាងឡេឌីហ្គាហ្គា បានត្រូវគេប្លន់យកបាត់ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅហូលីវូដ ហើយបុរសដែលតារាចម្រៀងរូបនោះជួលឲ្យមើលថែឆ្កែនាង រងរបួសដោយសារតែគ្រាប់កាំភ្លើងក្នុងពេលប្លន់យកឆ្កែទាំង២ក្បាលនោះ។

តាមវេបសាយ TMZ មានឯកទេសខាងផ្នែកតារា ហើយជាអ្នកចេញផ្សាយមុនគេ ពីព័ត៌មាននោះថា នាងឡេឌីហ្គាហ្គា បានសន្យាផ្ដល់ប្រាក់រង្វាន់ដល់ទៅ៥០០.០០០ដុល្លារ សម្រាប់ការនាំយកឆ្លែទាំង២ក្បាលនោះត្រឡប់មកវិញ។ ឆ្កែតារារូបនោះទាំង២ក្បាលជាឆ្កែពូជ BULLDOGS បារាំង ដែលមានឈ្មោះថា KOJI និង GUSTAV។

ប៉ូលិសក្រុងឡូសអេនចឹឡេស បានគូសបញ្ជាក់ថា បានចេញធ្វើអន្តរាគមន៍នាយប់ថ្ងៃទី២៤ ខែកុម្ភៈ នៅហូលីវូដ ក្រោយពីជនប្រដាប់អាវុធម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីពាក់កណ្ដាលស្វ័យប្រវត្តិ១ដើម បានបាញ់លើបុរសម្នាក់ មានអាយុប្រមាណជា៣០ឆ្នាំ។
ជនសង្ស័យបានរត់គេចខ្លួន តាមរថយន្តពណ៌ស១គ្រឿង ដោយនាំទៅជាមួយឆ្កែពូជBULLDOGS ២ក្បាល ក្នុងចំណោមឆ្កែពូជនោះ៣ក្បាលរបស់នាងឡេឌីហ្គាហ្គា ដែលបុរសអ្នកមើលថែនាំពួកវាដើរលេង។ ប៉ូលិសពុំបានលាតត្រដាងអត្តសញ្ញាណរបស់ជនរងគ្រោះ ក្រោយរងការបាញ់ប្រហារ ហើយបញ្ជូនទៅមន្ទីរពេទ្យ និងក៏មិនបានអះអាងថា ឆ្កែទាំង២ក្បាលនោះជារបស់នាងហ្គាហ្គាដែរ។

តារាចម្រៀងប៉ុបរូបនោះបានឲ្យបុរសនេះមើលថែឆ្កែនាង ពេលនាងទៅកាន់ទីក្រុងរ៉ូមអ៊ីតាលីដើម្បីថតខ្សែភាពយន្តមួយរបស់លោកRIDLY SCOTT៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo

















ចែករំលែកព័តមាននេះ