សហរដ្ឋអាមេរិក ៖ បណ្ដារូបភាពពិតជាជាគួរឲ្យព្រឹព្រួច ដោយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានបំណែកធ្លាក់រោយដូចភ្លៀងមកលើដី ក្រោយពីដាច់ចេញពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក UNITED AIRLINES ដែលបង្ខំឲ្យយន្តហោះនោះហោះបកក្រោយ បន្ទាប់ពីមានភ្លើងឆេះម៉ាស៊ីនរេអាក់ទ័រខាងស្ដាំមួយ។
បំណែកទាំងនេះ បានធ្លាក់រោយលើតំបន់មានមនុស្សរស់នៅ នៃទីក្រុង DENVER សហរដ្ឋអាមេរិក។ ពិតជាមហាសំណាងដោយគ្រោះថ្នាក់នោះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ទាំងនៅលើដី ទាំងនៅក្នុងយន្តហោះ។
បណ្ដាអ្នកដំណើរជិះយន្តហោះជើងហោះហើរ UA 328 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកUNITED AIRLINES ត្រូវទៅកាន់ទីក្រុងហូណូលូលូ លើកោះហាវ៉ៃ ពេលជួបប្រទះឧប្បត្តិហេតុនោះ។ ពួកគេពិតជាមានការភ័យខ្លាចដល់អាយុជីវិត ក្រោយពេលយន្តហោះ ហោះចេញបានបន្តិចពីព្រលានយន្តហោះក្រុង DENVER រដ្ឋកូឡូរ៉ាដូ ពេលម៉ាស៊ីនរេអាក់ទ័រមួយខាងស្ដាំមានភ្លើងឆាបឆេះ។
យន្តហោះអាចហោះបកក្រោយ និងចុះចតបន្ទាន់ ដោយគ្មានបញ្ហានៅ DENVER។ ក្រុមហ៊ុនអាកាសចរណ៍នោះអះអាងថា ឧប្បត្តិហេតុនោះពុំបណ្ដាលឲ្យមានអ្នករបួសណាម្នាក់ ដោយបណ្ដាអ្នកដំណើរត្រូវបានជួយពីសំណាក់ពួកអ្នកជួយសង្គ្រោះ។ យន្តហោះនោះជាយន្តហោះធុនប៊ូអ៊ីង 777-220 ដឹកអ្នកដំណើរ២៣១នាក់ និងសមាជិកក្រុមយានិក១០នាក់។ បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញម៉ាស៊ីនរេអាក់ទ័រខាងស្ដាំកំពុងត្រូវភ្លើងឆេះ។
ក្រោយចេញពីយន្តហោះនោះ បណ្ដាអ្នកដំណើរបានទៅកាន់ទីក្រុងហូណូលូលូតាមយន្តហោះ១គ្រឿងទៀត។ ឧប្បត្តិហេតុនោះបណ្ដាលឲ្យមានការធ្លាក់បំណែកនានា មកលើដីតាមផ្លូវយន្តហោះហោះបកក្រោយ ដែលទិដ្ឋភាពបែបនោះនាំឲ្យមានការភ្ញាក់ផ្អើល៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo