អន្តរជាតិ ៖ សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានច្រានចោលការរិះគន់ចំពោះការសម្រេចចិត្តរបស់ពួកគេ ក្នុងការជ្រើសរើសទីក្រុងប៉េកាំង របស់ប្រទេសចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឆ្នាំក្រោយ។

អង្គការប្រមាណជាង១៨០នៅទូទាំងពិភពលោក បានអំពាវនាវដល់រដ្ឋាភិបាលពួកគេដើម្បីធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ទីក្រុងប៉េកាំងឆ្នាំ ២០២២ ដោយសារតែការរំលោភសិទ្ធិមនុស្ស បានកើតឡើងលើជនជាតិអ៊ូហ្គួរក្នុងតំបន់ស៊ីនជាំងរបស់ចិន។ខណៈដែលមហាសន្និបាតអ៊ូហ្គួរពិភពលោកបានហៅព្រឹត្តិការណ៍ឆ្នាំ ២០២២ ខាងមុខថាជា «ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រល័យពូជសាសន៍»។

ជុំវិញបញ្ហានេះ លោក Dick Pound ដែលជាសមាជិកបម្រើការយូរបំផុតរបស់ IOC បានប្រាប់ BBC ឱ្យដឹងថា «ហ្គេមនេះមិនមែនជាហ្គេមរបស់ចិននោះទេ។ វាគឺជាហ្គេមរបស់ IOC ។ ការសម្រេចចិត្តលើការផ្តល់សិទ្ធិជាម្ចាស់ផ្ទះ មិនត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីសញ្ញាយល់ព្រម ឬស្របតាមលើគោលនយោបាយរដ្ឋាភិបាលរបស់ប្រទេសនោះឡើយ»។

ក្រុមសិទ្ធិមនុស្សបាននិយាយថា រដ្ឋាភិបាលចិនបានបណ្តេញចេញជាបណ្តើរៗនូវសេរីភាពខាងសាសនារបស់ជនជាតិអ៊ូហ្គួរ ដែលជាក្រុមជនជាតិភាគតិចមូស្លីម នៅភាគពាយព្យប្រទេសចិន។ ដែលឈានដល់ការបង្ក្រាប, គាបសង្កត់ រួមទាំងការឃុំឃាំងថែមទៀតផង៕ (ដកស្រង់ចេញពី BBC)


ចែករំលែកព័តមាននេះ