រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កញ្ញាស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថា ជាកីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូននាងជាជំទាវ ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារទេ។

សូមបញ្ជាក់ថា វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៥ ក្នុងរាជធានីភ្នំពេញ ដែលមានម្តាយឈ្មោះសួន ចាន់ធី អាយុ៥៩ឆ្នាំ និងឪពុកឈ្មោះស៊ន ម៉េហ៊ាង
(បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍) និងមានបងប្អូនបង្កើតចំនួន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់ ហើយនាងគឺជាកូនស្រីពៅក្នុងគ្រួសារ។
ស៊ន សៀវម៉ី បានចូលប្រឡូកក្នុងវិស័យកីឡាតាំងពីឆ្នាំ២០១០មកម៉្លេះ ដែលកាលណោះនាងគ្រាន់តែចូលទៅលេងក្នុងក្លិបហ្វឹកហាត់ធម្មតាប៉ុណ្ណោះ ដោយមានបងប្រុសឈ្មោះស៊ន អេលីត និងបងស្រីឈ្មោះ ស៊ន ដាវីន កំពុងតែជាកីឡាករ និងកីឡាការិនីនៅទីនោះស្រាប់។

ក្រោយមកទៀត គ្រូបង្វឹកជាជនជាតិកូរ៉េ ដែលបានជួយជ្រោមជ្រែងនាងឱ្យទទួលបានមេដាយមាសបន្តបន្ទាប់ក្នុងបច្ចុប្បន្ននេះ បានឃើញរូបនាងមានកាយសម្បទា(កម្ពស់)សក្ដិសមទៅនឹងប្រភេទកីឡានេះ ជាពិសេសការតស៊ូប្រឹងប្រែង របស់នាងផងទើបធ្វើឱ្យគ្រូបង្វឹក ឆយ យ៉ុងសុក សម្រេចចិត្តជ្រើសរើសរូបនាងឱ្យចូលក្លាយជាអ្នកកីឡាអាជីពតែម្តង។
ក្រោយមកក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនី ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីម៉ាឡេស៊ី ដណ្តើមបានមេដាយមាស និងដណ្តើមបានមេដាយបន្ត
បន្ទាប់ក្នុងព្រឹត្តិការណ៍អន្តរជាតិនានាបន្ថែមទៀត ទើបធ្វើឱ្យនាងក្លាយជាកីឡាការិនីដ៏ឆ្នើមសម្រាប់ប្រទេសជាតិតែម្តង ។

ជាពិសេសមេដាយមាសដែលស៊ន សៀវម៉ី ដណ្តើមបានចំនួន៣គ្រឿងក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗនោះ គឺបានធ្វើឱ្យរូបនាង ក្លាយជាវីរកីឡាការិនីដ៏ឆ្នើមសម្រាប់ប្រទេសកម្ពុជាទាំងមូល ដោយបានលើកមុខមាត់ប្រទេសជាតិក្រោយខកខានអស់ជាង៤០ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់អាស៊ី និង២ព្រឹត្តការណ៍ទៀតដែលរូបនាងធ្លាប់ដណ្តើមបានបានមេដាយមាសដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ានិងព្រឹត្តិការណ៍ Korean Open នៅប្រទេសកូរ៉េខាងត្បូង ៕











ចែករំលែកព័តមាននេះ