ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ួ​ន បឋម ហៅ​សាយ ក្រោយ​ទទួល​បាន​ពាន ប្រកាស​ជំហាន​ទី​២ ដើម្បី​សប្បុរសធម៌

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២១ មុន​នេះ លោក​អ៊ួ​ន បឋម ហៅ សាយ…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២១ មុន​នេះ លោក​អ៊ួ​ន បឋម ហៅ សាយ បាន​ប្រកាស​បិទ​បញ្ចប់​សកម្មភាព​រត់​ដើម្បី​សប្បុរសធម៌ ដែល​បាន​គៀរគរ​ជំនួយ​ជា​ច្រើន​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្តសៀមរាប​នោះ ។ ការ​ប្រកាស​បិទ​បញ្ចប់​នោះ មិនមែន​មាន​ន័យ​ថា លោក​នឹង​ដើរ​ចេញពី​ការ​ធ្វើ​សកម្មភាព​រៃ​អង្គាស​ជួយ​ដល់​គម្រោង​ដែល​លោក​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ ពោល​គឺ​លោក​បាន​ប្រកាស​គម្រោង​មួយ​ផ្សេង​ទៀត ដែល​គម្រោង​ថ្មី​នេះ គឺ​នឹង​រំពឹង​ថា នឹង​ទទួល​បាន​ជំនួយ​ច្រើន​លើស​ពី​មុន​ទៀត ដើម្បី​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​។

លោក អ៊ួ​ន បឋម ហៅ​សាយ បាន​ថ្លែង​បញ្ជាក់​ថា នៅ​ចុង​ខែមករា កន្លង​ទៅ គឺជា​ការ​បិទ​បញ្ចប់​សកម្មភាព​របស់​លោក ដោយ​សកម្មភាពរ​ត់របស់​លោក​ដែល​បាន​ឆ្លងកាត់​ជា​ច្រើន​ខេត្ត​នោះ បាន​ទទួល​នូវ​បទ​ពិសោធ​យ៉ាងច្រើន​ដែល​លោក​អះអាង​ថា គឺ​រត់​បាន​ចម្ងាយ​ផ្លូវ​រហូត​ដល់​ជាង​២៤០០​គីឡូម៉ែត្រ ជុំវិញ​ប្រទេស​កម្ពុជា ២១​ខេត្ត ។

ក្នុង​សកម្ម​រត់​នេះ លោក​ថា​មិន​នឹក​ស្មានថា​នឹង​មានជីវិត​ត្រឡប់​មក​វិញ​នោះ​ទេ ដោយ​ក្នុង​កាលៈ​ទេសៈ​ខ្លះ គឺ​លោក​ជួប​ប្រទះ​នូវ​ឧបសគ្គ​ជា​ច្រើន​។ លោក​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ជួយ​ផ្ដល់​បាយ​ទឹក​ឱ្យ​លោក ផ្ដល់​កន្លែង​ស្នាក់​នៅ ខណៈ​មន្ត្រី​ប៉ូលិស ក៏​ជួយ​លោក​លើ​ផ្នែក​ចរាចរ ដែល​ធ្វើ​ឱ្យ​សកម្មភាព​រត់​រយៈពេល​៩៩​ថ្ងៃ​លោក​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ។ លោក​កាន់តែ​រំភើបចិត្ត នៅ​ពេល​សកម្មភាព​លោក​ទៅ​ដល់ទី​តាំង​ខេត្ត​ក្រុង​ម្ដង​ៗ គឺ​មាន​ពលរដ្ឋ​និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ស្វាគមន៍​លោក ដែល​ធ្វើ​ឱ្យ​លោក​មាន​ភាព​កក់ក្ដៅ ។

ជាមួយនឹង​បទ​ពិសោធន៍​នេះ​ហើយ ដែល​លោក​ប្រកាស​ថា នឹង​ស្វែងរក​ដៃគូ​ផលិត​ជា​ភាពយន្ត​មួយ ដែល​និយាយ​ពី​ការ​រត់​សប្បុរសធម៌​រយៈពេល​៩៩​ថ្ងៃ​របស់​លោក ដើម្បី​ឱ្យ​ភាពយន្ត​នេះ បាន​រួមចំណែក​កាន់តែ​ច្រើន ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ។ ភាពយន្ត​ដែល​គ្រោង​ផលិត​នោះ គឺ​និយាយ​ពី​ការ​តស៊ូ បង្ហាញ​ពី​រឿងរ៉ាវ​ដ៏​លំបាក​ជា​ច្រើន នៅ​ពីក្រោយ​ការ​រត់ និង បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ច្រើន​ឥត​គណនា​របស់​បងប្អូន​ខ្មែរ ដែល​បាន​ជួយ​យកអាសា​រលោក នៅ​ក្នុង​សកម្មភាព​រត់​។ ភាពយ​ន្ត​នេះ លោក​ប្រកាស​លក់​សំបុត្រ ហើយ​លុយ​ដែល​បាន​ពី​ការ​ឧបត្ថម្ភ និង​បាន​ពី​ការ​ដាក់​បញ្ចាំង​តាម​រោង គឺ​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំងអស់ ដែល​ការ​ប្រកាស​របស់​លោក​បាន​ធ្វើ​ឱ្យ​មានការ​សរសើរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ពី​សកម្មភាព​រត់​នោះ​។

គណៈអធិបតី​ដែល​បាន​ចូលរួម​ក៏​បង្ហាញ​នូវ​ការ​ស្ងើចសរសើរ​ចំពោះ​ទឹកចិត្ត​លះបង់​របស់​លោក​ផង​ដែរ ដោយ​ការ​ប្រកាស​បង្កើត​ភាពយន្ត​ដើម្បី​បន្ត​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​រ​នេះ នឹង​ក្លាយជា​សញ្ញាណ​ថ្មី​មួយ ដើម្បី​បំផុស​ឱ្យ​សប្បុរសជន​ដែល​មាន​បំណង​ចង់​ជួយ​នឹង​មាន​ឱកាស​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​កាន់តែ​ច្រើន តាម​រយៈ​ការ​ប្រកាស​ផលិត​នូវ​ស្នាដៃ​មួយ​នេះ។

លោក សាយ បន្ត​ថា លោក​នឹង​ប្រើ​អាជីព និង​ជីវិត​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​កុមារ​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ហើយ​ក្រៅពី​គម្រោង​បង្កើត​ភាព​យន្ត​នេះ លោក​ក៏​នឹង​បង្កើត​គម្រោង Let’go with Sai ដើម្បី​រៃ​លុយ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​សម្រាប់​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​៕