រាជធានីភ្នំពេញ ៖ តារាកំប្លែងជើងចាស់លោកតា ប៉ិគក់ បានចំណាយពេលវ័យចាស់ជរារបស់ខ្លួនបើកលក់ម្ជូរតាមចិញ្ចើមផ្លូវ ក្នុងពេលដែលតារាកំប្លែងស្ងួតរូបនេះ បានបាត់បង់សមត្ថភាពសម្តែងទាំងស្រុង ដោយសារជរាពាធ និងការញាំញីដោយជំងឺជាច្រើនមុខ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងលោកតា ប៉ិគក់ បានបាត់វត្តមានពីការសម្តែងនានា ដែលនោះជាហេតុផលនាំឲ្យមានមហាជនមួយចំនួនបានសន្និដ្ឋានថា លោកទំនងជាទទួលមរណៈទៅហើយ ក្នុងពេលដែលលោកមានអាយុកាន់តែច្រើនហើយនោះ។
តែយ៉ាងណា តារាកំប្លែងរូបនេះមិនទាន់បានទៅណាចោលទស្សនិកជននៅឡើយទេ ពោលគឺលោកនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ ខណៈដែលលោកបានចំណាយពេលភាពចាស់ជរារបស់លោកបើកតូបលក់ម្ជូរថែមទៀតផង។
បើយោងតាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកពីតារាសម្តែងលោក អ៊ឹម ជីវ៉ា ដែលបានទៅជួបផ្ទាល់ជាមួយតារាកំប្លែងរូបនេះ នៅតូបលក់ម្ជូរនោះបានឲ្យដឹងថា តារាកំប្លែងជើងចាស់ លោកតាប៉ិគក់ ជួលតូបគេលក់ម្ជូនៅម្តុំសាលាទួលគោក ! ថ្ងៃនេះ មកសួរសុខទុក្ខ និងជូនថវិការខ្លះដល់គាត់»។
លោកបញ្ជាក់ថា «លោកតាប៉ិគក់ គាត់គឺជាតាសម្តែង និងកំប្លែងជើងចាស់ ដែលមានវ័យ ៧៨ឆ្នាំ គាត់ធ្លាប់ថតឱ្យផលិកម្មជាច្រើន និងជាពិសេសគឺធ្លាប់ថតកំប្លែងឱ្យទូរទស្សន៍នានាផងដែរ…! សព្វថ្ងៃ ដោយគាត់មានវ័យចាស់ណាស់ហើយ គាត់មិនអាចចេញសម្តែងបានទេ គឺគាត់បានតែត្រឹមនៅផ្ទះជួយលក់ម្ជូតិចតួចនៅតាមចិញ្ចឹមផ្លូវ ដោយជួលតូបគេ១ខែ២០០$ ! មានលក់កាហ្វេ និងម្ជូរជាមួយកូនស្រី» ។
លោក អ៊ឹម ជីវ៉ា បញ្ជាក់ថា « លោកតា ប៉ិគក់ បានប្រើប្រាស់ពេលទំនេររបស់គាត់ ដើម្បីមកជួយលក់ម្ជូរកូនរបស់គាត់ប៉ុណ្ណោះ ដោយសារកូនរបស់គាត់បានជួលតូបលក់កាហ្វេផង និងម្ជូរនេះផង»។
លោក អ៊ឹម ជីវ៉ា បានធ្វើការអំពាវដល់មហាជន ជាពិសេសប្រិយមិត្តដែលនិយមគាំទ្រការសម្តែងរបស់លោកតា ប៉ិគក់ បើសិនជិះកាត់ផ្លូវ 307 កែងផ្លូវ 566 សូមមេត្តាជួយទិញម្ជូរគាត់ផង ដើម្បីបានថវិកាខ្លះគ្រាន់ចិញ្ចឹមជីវិតរបស់លោកតាដែលនៅសេសសល់នាពេលនេះ។
គួរបញ្ជាក់ថា តារាកំប្លែងលោកតា ប៉ិគក់ មានឈ្មោះពិតថា ស៊ុយ ចាន់ ហើយលោកមានស្រុកកំណើតនាឯខេត្តបាត់ដំបង បានចូលប្រឡូកអាជីពសិល្បៈតាំងពីទស្សវត្សរ៍ឆ្នាំ៦០ ខណៈពេលបច្ចុប្បន្នលោកមានកូនស្រីចំនួន៣នាក់។
លោកតាបានបន្សល់នូវស្នាដៃសម្តែងជាច្រើនមិនថា ការសម្តែងភាពយន្ត និងវីដេអូសំណើចនោះឡើយ ក្នុងពេលដែលលោកត្រូវបានគេដាក់រហ័សនាមជាតារាកំប្លែងស្ងួតមួយរូប ព្រោះលោកតែងតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចតាមរយៈពាក្យសម្តីកំប្លុកកំប្លែង។ លោកតា ប៉ិគក់ ក៏តែងតែទទួលបានការជួយឧបត្ថម្ភពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលមានលោក ហេង ឡុង ជាប្រធាន មានអង្ករ និងថវិកាជាប្រចាំខែផងដែរ៕
ចែករំលែកព័តមាននេះ