រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់បោះ Yuetai Mekongers ប្រជែងបានតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Extra Joss Fightersនៅវគ្គផ្តាច់ព្រ័ត្រ ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជាក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍន៍កីឡាបាល់បោះកម្ពុជាសម្រាប់ត្រៀមការប្រកួត SEA GAMES 2021 និង SEA GAMES 2023។
យប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតបាល់បោះលីគ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ចំណែកក្រុមបាល់បោះABA Dragon បានត្រឹមចំណាត់ថ្នាក់លេខ៣បន្ទាប់ពីយកឈ្នះក្រុមបាល់បោះ MasterTapsi នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ការប្រកួតនេះមាន៧ក្រុមចូលរួមដែលបានចាប់ផ្តើមជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២០ ។ ប៉ុន្តែដោយសារតែមេរោគCOVID-19ការប្រកួតត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ទើបបញ្ចប់ការប្រកួតជាផ្លូវការ។
លោក ឈី សម្បត្តិ ប្រសាសន៍ថា តាំងនាមប្រធានសហព័ន្ធនិងរូបលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ចំពោះការប្រកួតដែលប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌របស់ក្រុមកីឡាករដែលចូលរួមការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
ការប្រកួតនេះធ្វើឡើងសម្រាប់មន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតក្នុងការអភិឌ្ឍសមត្ថ
ភាពរបស់ខ្លួនដើម្បីត្រៀមរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ជាផ្ទះ ៕
ចែករំលែកព័តមាននេះ