រាជធានីភ្នំពេញ ៖ មិនត្រឹមតែមានបញ្ហារកលុយមិនសូវបានក្នុងអាជីពជាកីឡាករប្រដាល់ប៉ុណ្ណោះទេ អ្នកជ្រកក្នុងអាជីពមួយនេះមួយចំនួនក៏រងផលប៉ះពាល់ណាស់ដែរ ក្នុងរយៈពេលកូវីដ-១៩ ដែលបណ្ដាលឱ្យសកម្មភាពសេដ្ឋកិច្ចមួយចំនួនត្រូវជាប់គាំង ហើយសកម្មភាពប្រដាល់ក៏ត្រូវផ្អាក និងកាត់បន្ថយធ្វើឱ្យកីឡាករ និងគណៈកម្មការប្រដាល់ ដែលរស់នឹងមុខរបរនេះ ចង់ដាច់បាយកាលពីឆ្នាំមុន ។
ក្នុងស្ថានភាពដែលរកលុយមិនបាននេះ កីឡាករមួយចំនួនក៏មានទុក្ខ ដូចជាទទួលមរណភាព ត្រូវម្ដាយស្លាប់ក្នុងពេលកំពុងរកលុយមិនបាន និង អ្នកខ្លះបែរជាជួបគ្រោះថ្នាក់ចរាចរណ៍រងរបួស និងមួយរូបទៀត ក៏ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអធមផងដែរ។
កាលពីព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០២០ លោក អេ ភូថង ដែលត្រូវគេស្គាល់ថាគឺជាគ្រូបង្វឹក និងជាអតីតកីឡាករល្បីឈ្មោះ មានទុក្ខជាទម្ងន់ព្រោះតែម្ដាយរបស់លោកទទួលមរណភាព ។ អ្វីដែលគួរកត់សម្គាល់ គឺម្ដាយរបស់លោកលាចាកលោកក្នុងពេលដែលលោកខ្វះលទ្ធភាព ។
លោកបានប្រកាសក្ដែងៗថា រកលុយស្ទើរតែមិនបានធ្វើបុណ្យឱ្យម្ដាយនោះផង ។ បើកុំតែបានញាតិមិត្ត និង អ្នករាប់អានលោកជាច្រើន ជួយផ្ដល់ថវិកាឱ្យលោកដើម្បីឱ្យលោកបានធ្វើបុណ្យ គឺអាចនឹងពិបាកសម្រាប់ស្ថានភាពនៅក្នុងពេលនោះ ។ លោក អូត ភូថង ដែលជាប្អូនប្រុសរបស់លោក រឹតតែមានបញ្ហាទៅទៀត នៅពេលម្ដាយរបស់ខ្លួនស្ថិតក្នុងពេលធ្វើបុណ្យនោះ។
លោកបានប្រកាសនៅលើហ្វេសប៊ុកថា ជម្ងឺកូវីដ-១៩ពិតជាធ្វើឱ្យលោកចង់ឆ្កួត ដោយសារតែលុយសម្រាប់ចិញ្ចឹមខ្លួន និងប្រពន្ធស្ទើរមិនគ្រប់នោះផង ស្រាប់តែមកត្រូវបាត់បង់អ្នកម្ដាយ ដែលធ្វើឱ្យលោកចង់យំក៏យំមិនចេញ ព្រោះតែខ្វះខាតលុយ។ លោកអះអាងថា រយៈពេលប៉ុន្មានខែនេះ លោកប្រឈមនឹងបញ្ហារឿងលុយកាក់ណាស់ ខណៈដែលលោកក៏ត្រូវរ៉ាប់រងបំណុលមួយ
ចំនួនក្នុងការដោះស្រាយវិបត្តិផ្សេងៗផង។
លោកថា លោក អេ ភូថង ជាបងប្រុស បើទោះជាមានបញ្ហាលុយកាក់ ក៏ចេះតែមានសប្បុរសជនជួយគ្រាន់បានទប់ៗ ប៉ុន្តែសម្រាប់រូបលោកបើអត់គឺអត់តែម្ដង គឺរកកល់នឹងឆ្កួតម្ដងៗ។ អ៊ីចឹងហើយទើបពេលម្ដាយស្លាប់ហាក់ធ្វើឱ្យលោកកាន់តែស្មុគចិត្ត ព្រោះតែស្ថិតក្នុងស្ថានភាពរកលុយមិនបាន។
កាលពីអំឡុងពាក់កណ្ដាលខែមិថុនា កីឡាករវ័យក្មេង ឡុង ប៊ុនសំណាង បានធ្លាក់ខ្លួនមានបញ្ហាច្រមុះបណ្ដាលមកពីការប្រដាល់បាក់ខ្ទង់ច្រមុះ ហើយគ្មានលទ្ធភាពព្យាបាល ។ លោកមិនត្រឹមតែមានបញ្ហាខ្លួនឯងបណ្ដាលឱ្យបាត់ឱកាសឡើងរេញប៉ុណ្ណោះទេ គឺសូម្បីតែម្ដាយរបស់លោកក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ព្រោះតែគ្មានលុយចូលពេទ្យផងដែរ ។ លោកត្រូវគេឃើញមាន
សប្បុរសជនបរិច្ចាគជួយ បន្ទាប់ពីតារាសម្ដែងលោក ស្រេន វុធថា ប្រកាសអំពាវនាវស្វែងរកជំនួយ ។ លោកមានឱកាសបានជួយម្ដាយ និងជួយខ្លួនឯងពីជំងឺបាក់ខ្ទង់ច្រមុះនាពេលនោះ ដោយសារតែកម្លាំងសប្បុរសជន។
នៅអំឡុងខែមិថុនានោះ កីឡាករមិនសូវល្បីម្នាក់ ក៏ត្រូវភ្លើងឆេះស្លាប់ ព្រោះតែលោកមានគ្រោះថ្នាក់ចរាចរណ៍អត់មានលុយព្យាបាលហើយបណ្ដាលឱ្យមានជំងឺរ៉ាំរ៉ៃរត់ចេញពីភ្លើងមិនផុតផងដែរ។
កីឡាករ ឡុង សុវណ្ណឌឿន ឯណោះវិញ ក៏បានប្រកាសឱ្យដឹងពីទុក្ខសោករបស់ខ្លួននៅក្នុងអំឡុងពេលកូវីដ-១៩ផ្ទុះខ្លាំងផងដែរ ដោយសារតែបាត់បង់ឱកាសរកប្រាក់ដែលធ្លាប់រកបាន។ លោកប្រកាសលក់ផ្ទះដែលបង់រំលស់ចោល ដោយសារតែខ្វះលទ្ធភាពបង់លុយបន្តជូនបុរី ឬជូនធនាគារដែលលោកបានធ្វើកម្ចី។ មកទល់ពេលនេះ លោកនៅតែអះអាងថា ខ្លួនមានបញ្ហាហិរញ្ញវត្ថុដោយសារតែការងារដែលធ្លាប់រកលុយបានគឺនៅតែស្ងាត់។ នៅតែអះអាងថាជម្រើសលក់ផ្ទះនៅគីឡូម៉ែត្រលេខ៦គឺជាដំណោះស្រាយតែមួយគត់ដើម្បីរួចបន្ទុកនៃការជាប់បំណុល។
ឡាករ មឿន សុខហ៊ុច ឯណោះវិញ ក៏ប្រកាសលក់ផ្ទះស្ថិតនៅស្ពានដែកចម្ការដូងផងដែរ ដោយសារតែលោកអះអាងថា រកលុយលែងបានក្នុងការបន្តបង់ធនាគារ ខណៈពេលធនាគារ គ្មានការយោគយល់ ។ លោកនៅតែមានបញ្ហាកើតឡើងគឺដើរទៅមុខបានដោយលំបាក ហើយបើគ្មានការដាច់ចិត្តលក់ផ្ទះនោះ ក៏ផ្ទះគង់តែត្រូវធនាគាររឹបអូសដដែលទេ បើស្ថានភាពហិរញ្ញវត្ថុ នៅតែបន្តដូចបច្ចុប្បន្ន។
កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ កីឡាករប្រដាល់វ័យក្មេងមួយរូបដែលជាកូនសិស្សរបស់លោក ស៊ន អេលីត បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារតែឆក់ខ្សែភ្លើង ហើយរអិលជើងធ្លាក់ បណ្ដាលឱ្យបោកក្បាល ។ សពរបស់លោកត្រូវបានធ្វើបុណ្យនៅស្រុកកំណើតស្ថិតនៅក្នុងភូមិក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយកីឡាករក្នុងក្លិបមិនតិចទេ បង្ហាញការសោកស្ដាយយ៉ាងខ្លាំង។
លោក ស៊ន អេលីត ដែលជាគ្រូបង្វឹក និង ជាប្រធានក្លិបបង្ហាញអារម្មណ៍ស្ទើរតែនិយាយមិនចេញ នៅពេលរំលឹកពីមូលហេតុនៃការស្លាប់របស់អេលីត លីម៉ី ដែលទើបមានវ័យ១៨ឆ្នាំ ដោយលោកចាត់ទុកថា ក្នុងឆ្នាំ២០២០កន្លងទៅ គឺឆ្នាំដ៏អាក្រក់របស់មនុស្ស បូករួមទាំងកីឡាករផ្ទាល់។
លោក ស៊ន អេលីត ដែលជាម្ចាស់ក្លិប ប៉ែន កាក់ គុនខ្មែរ និងជាគ្រូបង្វឹករបស់កីឡាករ អេលីត លីម៉ី បានបញ្ជាក់ថា ដើមចមដែលនាំឲ្យកូនសិស្សរបស់ខ្លួនទទួលមរណភាព គឺដោយសារតែនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្លិបមានរៀបចំកម្មវិធីជប់លៀងមួយ ដើម្បីអបអរដល់កីឡាករ ដែលទទួលបានជ័យលាភី។ ដូច្នេះហើយទើបកូនសិស្សរបស់លោក ឡើងរៀបចំអំពូលភ្លើងប៉ុន្តែត្រូវបានធ្លាក់រងរបួសក្បាលផ្នែកខាងក្រោយយ៉ាងដំណំ បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
តែជាអកុសលគ្រូពេទ្យនៅទីនោះអះអាងថា ឈាមបានចូលកកក្នុងខួរក្បាល លីម៉ី បាត់ទៅហើយជាហេតុធ្វើឲ្យគេស្លាប់នៅទីនោះតែម្តង ។ លោកថា ទំហំនៃការបោកក្បាលទំនងមិនគួរឱ្យកូនសិស្សរបស់លោកឈានដល់មរណភាពនោះទេ ទើបលោកសង្ស័យថា កូនសិស្សត្រូវខ្សែភ្លើងឆក់ច្រើនជាង ៕
ចែករំលែកព័តមាននេះ