រាជធានីភ្នំពេញ ៖ ឆ្នាំ២០២១គឺជាឆ្នាំដែលត្រូវត្រៀមខ្លួនហ្វឹកហាត់ឱ្យបានខ្លាំងបំផុត ដើម្បីឆ្ពោះទៅដណ្ដើមយកមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។ នេះជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានអញ្ជើញចូលរួមបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១៩ មករា ឆ្នាំ២០២១។
លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាសុីហ្គេមលើកទី៣២ឆ្នាំ២០២៣
ហៅកាត់ថា CAMSOC បានមានប្រសាសន៍ថា ឆ្នាំ២០២១គឺជាឆ្នាំដែលត្រូវធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីយើងហើយ ធ្វើយ៉ាងណាត្រូវធានាឱ្យបានយ៉ាងហោចណាស់ពី៧០% ទៅ៨០%ដែរទាំងការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ទាំងការបណ្ដុះបណ្ដាលគ្រូបង្វឹក ចៅក្រមនិងអាជ្ញាកណ្ដាលជាដើម ហើយក៏ជាឆ្នាំដែលយើងត្រូវចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាមដែរ មុននឹងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣មកដល់ ។
ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជា បានត្រៀមខ្លួនតាមផែនការមេ បានកំណត់យកប្រភេទកីឡាចំនួន៣៥រួចហើយ។ប៉ុន្តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងនឹងកំណត់យកតែប្រភេទកីឡាណាដែលមានសក្ដានុពលប៉ុណ្ណោះ ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមយកមេដាយ។
លោកបណ្ឌិត ថោង ខុន បានបន្តឱ្យដឹងទៀតថា ភាគីចិនបានត្រៀមទទួលយកកីឡាករកីឡាការិនីជម្រើសជាតិចំនួន១០០នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីជម្រើសជាតិកាយសម្ព័ន្ធចំនួន១០នាក់ផងដែរ ដែលត្រូវទៅហ្វឹកហាត់រយៈពេលវែង ។ លោកបានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី គ្រូបង្វឹក ឱ្យហ្វឹកហាត់បានល្អដើម្បីប្រជែងយកមេដាយឱ្យបានច្រើនក្នុងនាមជាម្ចាស់ផ្ទះ ៕
ចែករំលែកព័តមាននេះ