រាជធានីភ្នំពេញ ៖ ថ្វីត្បិតតែមានប្រវត្តិទទួលបានមេដាយពីការប្រកួត តែគេចាប់អារម្មណ៍កីឡាវាយកូនឃ្លីលើតុ នៅមិនទាន់សាងភាពលេចធ្លោឱ្យមហាជនទទួលស្គាល់ពីភាពខ្លាំងរបស់ខ្លួននៅឡើយ ស្របពេលកម្ពុជាក៏ជិតមានព្រឹត្តិការណ៍ស៊ីហ្គេមដែលតម្រូវឱ្យសហព័ន្ធមួយនេះ ប្រឹងសាងស្នាដៃដណ្ដើមយកមេដាយពីការប្រកួតអន្តរជាតិនានានោះផង ។ មន្ត្រីនៅក្នុងសហព័ន្ធនេះ ក៏បង្ហាញពីការដុតដៃដុតជើងផងដែរ ដើម្បីកុំឱ្យមានការរិៈគន់ ក្នុងករណីដែលសហព័ន្ធផ្សេងទៀតគេបានមេដាយអន្តរជាតិហើយស្រាប់តែសហព័ន្ធកីឡាវាយកូនឃ្លីលើតុភ្លាត់មិនបានមេដាយដូចការគ្រោងទុកនោះ។
យោងតាមការទម្លាយ ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ក៏កំពុងបុកពោះមិនខុសពីបណ្ដាសហព័ន្ធដទៃទៀតផងដែរ ដោយសារតែថ្នាក់ដឹកនាំខាងលើ កំពុងដាក់កំហិតឱ្យសហព័ន្ធដែលមិនធ្លាប់បានមេដាយមាសពីការប្រកួតលើឆាកអន្តរជាតិ ត្រូវតែដណ្ដើមឱ្យបានយ៉ាង
ហោចមួយ ។ ថ្នាក់ដឹកនាំមួយចំនួនបានទាំងប្រឹងប្រែងអនុវត្តគោលដៅ ដោយខ្លះប្រកាសថានឹងលាលែងតំណែងចេញផង ប្រសិនបើកីឡាករនៅក្រោមឱវាទរបស់ខ្លួននៅតែរកមេដាយនៅលើទឹកដីខ្លួនឯងមិនឃើញ ដូចពេលឡើងទៅប្រកួតលើឆាកអន្តជាតិកន្លងមកទៀត។
សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ក៏បញ្ចេញគោលការណ៍របស់ខ្លួនផងដែរ ។ យុទ្ធសាស្ត្រដែលគេបានឃើញ គឺសហព័ន្ធនេះ បានប្រកាសពីការបញ្ជូនសមាសភាពឆ្នើមៗយ៉ាងហោច៨នាក់ឱ្យទៅហ្វឹកហាត់នៅឯក្រៅប្រទេស ដែលនេះគឺជាការត្រៀមខ្លួនពីចម្ងាយដើម្បីមុខមាត់កម្ពុជា នៅលើសង្វៀនស៊ីហ្គេម ដោយមកទល់ពេលនេះ សមាសភាពទាំងនោះ បានត្រៀមខ្លួនយ៉ាងច្បាស់លាស់។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអះអាងថា លោកក៏ស្ថិតក្នុងការប្រយ័ត្នប្រយែងផងដែរ ដោយសហព័ន្ធបានគិតគូរ និងត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ស៊ីហ្គេមដែលធ្វើឡើងនៅក្នុងប្រទេសវៀតណាម នៅចុងឆ្នាំ២០២១។
នេះជាជំហានដំបូង និងសុីហ្គេមនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខជាជំហានបន្ទាប់ ។ លោកថា សហព័ន្ធកំពុងរៀបចំបញ្ជូនកីឡាករដែលសម្រាំងចេញពីការប្រកួតជ្រើសរើសជើងឯកឱ្យទៅហ្វឹកហាត់ នៅប្រទេសចិន ដោយការបញ្ជូនទៅហ្វឹកហាត់នេះ គឺនឹងដំណើរការនៅដើមឆ្នាំ២០២១នេះ ។
ការហ្វឹកហាត់នៅប្រទេសចិន គឺអាចនឹងមានរយៈពេលវែងផង ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតក្នុងពេលខាងមុខ ។ លោកអះអាងថា ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្នុងប្រទេសចិននេះ គឺមិនមែនគ្រាន់តែធ្វើឡើងដោយការនឹកឃើញនោះទេ ពោលគឺមានការត្រៀមខ្លួនយ៉ាងច្បាស់លាស់ ស្របពេលដែលកីឡាករទាំងនោះ ក៏មានការហ្វឹកហាត់ច្រើនផងដែរក្នុងស្រុក ។
លោកថា បើគ្មានបញ្ហាកូវីដ-១៩ ប៉ះពាល់ កីឡាករផ្នែកវាយកូនឃ្លីលើតុទៅហ្វឹកហាត់នៅក្រៅប្រទេសតាំងពីយូរនោះផង ដូច្នេះហើយទើបគ្រាន់តែស្ថានភាពកូវីដ-១៩នេះមានភាពធូរស្រាល ក៏ដាក់ផែនការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅឯក្រៅប្រទេសតែម្ដង ។
លោកជឿជាក់ថា ការត្រៀមខ្លួនដែលកំពុងរៀបចំនេះ នឹងជួយបង្កើនសមត្ថភាពដល់កីឡាករ-កីឡាការិនីកម្ពុជាឱ្យទទួលបានលទ្ធផលល្អ ក៏ដូចជាដើម្បីត្រៀមខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពីរ ។ លោកនឹងចាត់ទុកថាគឺជារឿងអាម៉ាស់ ប្រសិនបើសហព័ន្ធរបស់លោកគ្មានមេដាយសម្រាប់បង្អួតមហាជន។
លោក ស៊ុន សុទ្ធារិទ្ធ បានបញ្ជាក់ពីយុទ្ធសាស្ត្រនេះថា ដ្បិតតែពិភពលោក និង ប្រទេសកម្ពុជា មានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ តែសហព័ន្ធមិនមានការធ្វេសប្រហែសនោះទេ គឺនៅតែមានការត្រៀមខ្លួនដោយក្នុងអំឡុងពេលក្រសួងអនុញ្ញាតឱ្យមានការហ្វឹកហាត់ឡើងវិញ ក៏សហព័ន្ធបង្កើននូវការហ្វឹកហាត់នៅក្នុងសហព័ន្ធផងដែរ ដោយការហ្វឹកហាត់នាពេលកន្លងមក ក៏ចាត់ទុកថា នោះគឺជាការត្រៀមខ្លួនរបស់សហព័ន្ធផងដែរ ។ លោកបានទាំងរំពឹងថា អ្វីដែលខាងសហព័ន្ធត្រៀមខ្លួន នឹងជួយឱ្យសហព័ន្ធមានទំនុកចិត្តជាងមុន ។ លោកថា កីឡាករកម្ពុជា នឹងទៅហ្វឹកហាត់នៅក្នុងប្រទេសចិនរហូតដល់៩ខែ ដើម្បីពង្រឹងសមត្ថភាព ។ លោកសង្ឃឹមថា ការហ្វឹកហាត់៩ខែក្នុង១ឆ្នាំ និង៩ខែក្នុង១ឆ្នាំនៅប្រទេសចិន យើងនឹងអាច ទទួលបានលទ្ធផលល្អប្រសើរនៅស៊ីហ្គេមឆ្នាំ២០២១ហើយ រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣ ក៏កាន់តែល្អប្រសើរ ។
លោកលើកឡើងកាលពីគ្រាមុនថា នៅក្នុងពេលនេះ កីឡាករ-កីឡាការិនីមកពីក្លិប និងសមាគមនានា ក៏កំពុងស្ថិតក្នុងការបម្រុងជើងការយ៉ាងខ្លាំងសម្រាប់ការប្រកួត ឬបញ្ជូនចេញទៅចិនបន្តបន្ទាប់ដើម្បីកុំឱ្យងាប់ក្រឡា។
លោក ស៊ុន សុទ្ធារិទ្ធ បានសរសើរចំពោះសន្ទុះឈានឡើងរបស់កីឡាករ កីឡាការិនី មកពីតាមខេត្តជាច្រើនរូប ដែលអាចនឹងមានសមត្ថភាពគ្រប់គ្រាន់ អាចឱ្យសហព័ន្ធជ្រើសរើសបានកីឡាករឆ្នើមៗទម្រាំស៊ីហ្គេម២០២៣ ខណៈដែលលោកបញ្ជាក់ថា កីឡាករ-កីឡាការិនីឆ្នើមៗដែលមានស្រាប់ ក៏ជាក្ដីរំពឹងខ្ពស់ ។ លោកនិយាយថា សហព័ន្ធកំពុងគៀគរកីឡាករមកពី ខេត្តច្រើនជាងនៅភ្នំពេញ ពីព្រោះអ្នកនៅខេត្ត មានលទ្ធភាពគេងនៅហ្នឹង ហាត់នៅហ្នឹង ដែលធ្វើឲ្យការហ្វឹកហាត់បំពេញបានល្អជាង បើធៀបនឹងអ្នកនៅភ្នំពេញទៅហូបបាយនៅផ្ទះ គេង នៅផ្ទះ ។
លោកបានបញ្ជាក់ដូច្នេះថា ដើម្បីឲ្យ កីឡាករអាចមានភាពរីកចម្រើន ទាមទារឲ្យ ពួកគេហ្វឹកហាត់ ចន្លោះពី៨ទៅ១០ម៉ោងក្នុង ១ថ្ងៃជាមួយការរៀបចំកន្លែងស្នាក់នៅ និង អាហារហូបចុកឲ្យបានត្រឹមត្រូវ ។ លោកថាការបញ្ជូនកីឡាករទៅចិន នឹងធ្វើមិនយូរនោះទេ ដើម្បីជួយឱ្យកីឡាករវាយកូនឃ្លីតុទទួលបានការហ្វឹកហាត់ឱ្យបានច្រើន មុនចូលស៊ីហ្គេមនៅវៀតណាម នាឆ្នាំ២០២១៕
ចែករំលែកព័តមាននេះ