រាជធានីភ្នំពេញ ៖ តារាសម្តែងជំនាន់ថ្មីមុខស្រស់នាង គឹម ហួរ បានព្រមានចាត់វិធានការចំពោះបុរសម្នាក់ដែលនាងចាត់ទុកថា បានយាយី និងរំខានដល់រូបនាង ត្បិតបុរសរូបនេះតែងតែបង្ហោះសារផ្សេងៗតាមហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតរបស់នាង ទាំងដែរនាងមិនបានដឹងសោះ។
គឹម ហួរ បានចាត់ទុកទង្វើពីបុរសខាងលើនេះថា ជាការមិនសមរម្យ ព្រោះនាងមិនបានស្គាល់ និងជាប់ទាក់ទងអ្វីជាមួយបុរសរូបនេះឡើយ ខណៈពេលដែលនាងក៏បានព្យាយាមពន្យល់បុរសរូបនេះដែរ តែនៅគ្មានលទ្ធផល។
តារាសម្តែងនាង គឹម ហួរ បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពគណនេយ្យប៊ុករបស់បុរសខាងលើនេះថា «បញ្ជាក់បុគ្គលម្នាក់នេះ គាត់តែងតែព្យាយាមរញ៉េរញ៉ៃខ្ញុំជានិច្ចទាំងដែលខ្ញុំមិនដែលស្គាល់សោះ មិនដឹងថាគាត់ចេញមកពីប្រភពណាផង»។

នាងបញ្ជាក់ថា «ខ្ញុំសូមផ្ដាំសម្រាប់អ្នកដែលនៅខេត្តបាត់ដំបង ឬសាច់ញាតិរបស់ម្នាក់ហ្នឹង ជួយប្រាប់គាត់ផង បើពុំដូច្នោះទេ បើនៅតែព្យាយាមរញ៉េរញ៉ៃខ្ញុំបែបនេះទៀត ខ្ញុំជួបលើកក្រោយទៀត ខ្ញុំនឹងចាត់វិធានការទៅតាមច្បាប់»។
នាងបន្តថា «បញ្ជាក់មិនមែនត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានរឿងច្រើនទៀតដែលគាត់ធ្វើឲ្យខ្ញុំឈឺក្បាល ហើយនិយាយជាលើកចុងក្រោយ ពីព្រោះម្នាក់នេះ ខ្ញុំនិយាយជាមួយអត់ដឹងក្បាលដឹងកន្ទុយអីទេ និយាយរួម ស្មាទោសដូចមនុស្សអត់គ្រប់ទឹកចឹង» ។
ជាការកត់សម្គាល់ គណនេយ្យហ្វេសប៊ុកបុរសម្នាក់ដែលដាក់ឈ្មោះថា Yuom Ten NO Cent បានធ្វើការបង្ហោះសារនូវរឿងរ៉ាវផ្សេងៗ ដោយបានភ្ជាប់ជាមួយនឹងរូបភាពរបស់តារាសម្តែងនាង គឹម ហួរ ជាបន្តបន្ទាប់ ជាពិសេសនោះនៅលើ Cover Photo ក៏បានប្រើប្រាស់រូបភាពរបស់នាងផងដែរ។
យ៉ាងណា គេមិនដឹងទេថា បុរសខាងលើនេះ មានចេតនាបែបណាចំពោះតារាសម្តែងរូបនេះឡើយ ក្នុងពេលដែលរាល់ការសរសេរបង្ហោះសារនោះ គឺហាក់គ្មានអ្នកណាមួយយល់ន័យថា តើបុរសរូបនេះចង់និយាយពីអ្វីនោះឡើយ?
គួរបញ្ជាក់ថា ករណីខាងលើនេះ មិនមែនជារឿងរ៉ាវថ្មីនោះឡើយ ដែលបានកើតឡើងចំពោះអ្នកសិល្បៈនៅក្នុងស្រុកខ្មែរ ពោលគឺករណីដូចគ្នានេះក៏បានធ្លាប់បានកើតឡើងទៅលើតារាមួយចំនួនទៀតផងដែរ។ អ្នកសិល្បៈជាច្រើនដែលមានការរកស៊ីតាមអនឡាញ ឬក៏មានឈ្មោះបោះសម្លេងខ្លាំង គឺតែងតែពើបប្រទះនូវការបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ ជាមួយនឹងការផ្ញើសារឲ្យផ្ទេរប្រាក់ ឬក៏ការប្រើប្រាស់សកម្មភាពអវិជ្ជមានមិនល្អមួយចំនួន ក្នុងគោលបំណងទម្លាក់ប្រជាប្រិយភាពរបស់តារារូបនោះតែម្តង៕









ចែករំលែកព័តមាននេះ