បិទផ្លូវចំការដូង! កម្មករបន្តទាមទារ១ចំណុចថែមទៀត (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីប្រមាណ៧ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់Y&W ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ជិតផ្សារព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តធ្វើបាតុកម្មឈរបិទផ្លូវលេខ២១៧ ហៅផ្លូវចំការដូងនៅចំណុចមុខរោងចក្រកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយសារតែពុំទាន់មានដំណោះស្រាយទៅតាមលក្ខខណ្ឌការងារដែលពួកគាត់ទាមទារនៅឡើយ ។ ចំណែកអាជ្ញាធរខណ្ឌដង្កោបាននាំយកនូវទឹកសុទ្ធជាច្រើនយួរដែលជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញទៅចែកជូនដល់ក្រុមកម្មករដែលកំពុងធ្វើបាតុកម្មបិទផ្លូវនោះហូបផងដែរ។ គួររំលឹកថា ត្រឹមរសៀលនេះ! ផ្ទុះហិង្សារវាងក្រុមកម្មករតវ៉ានិងក្រុមសមត្ថកិច្ច(វីដេអូ)
មិនតែប៉ុណ្ណោះ នៅព្រឹកនេះក្រុមបាតុករកម្មករក៏ទាមទារបន្ថែមនូវលក្ខខណ្ឌការងារ១ចំណុចថ្មីទៀតគឺសុំឲ្យថៅកែផ្ដល់លុយថ្លៃបាយ ដែលធ្វើឲ្យការទាមទារឡើងដល់៣ចំណុច ហើយនៅព្រឹកនោះខាងមន្ត្រីក្រសួងការងាររួមជាមួយនិងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធព្រមទាំងតំណាងរោងចក្រនិងតំណាងកម្មករបានជួបដោះស្រាយគ្នាហើយ ប៉ុន្តែរហូតដល់វេលារសៀលថ្ងៃដដែលនៅមិនទាន់បានលទ្ធផលនៅឡើយ ។
កម្មកបានឈរកាន់ដបដារបិទផ្លូវមិនឲ្យយានយន្តគ្រប់ប្រភេទបើកឆ្លងកាត់បានឡើយ ប៉ុន្តែភ្លាមៗនោះក៏ពុំមានការកកស្ទះនោះឡើយ ដោយសារតែពេលកម្មករបិទផ្លូវនោះយានយន្តទាំងអស់បានបត់ត្រឡប់ក្រោយហើយធ្វើដំណើរទៅតាមផ្លូវ៦០ម៉ែត្រ ឬផ្លូវជាតិលេខ២វិញជាបន្តបន្ទាប់។
កម្មករបាននិយាយថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែមករា ពួកគាត់បានធ្វើដំណើរចាកចេញពីផ្ទះទៅកាន់រោងចក្រ លុះពេលទៅដល់ពួកគាត់បាននាំគ្នាចូលទៅអង្គុយនក្នុងរោងចក្រជាធម្មតាប៉ុន្តែមិនបានធ្វើការនោះឡើយ ដោយអង្គុយរង់ចាំស្ដាប់ដំណឹងពីតំណាងកម្មករ ។ លុះដល់វេលាម៉ោងជាង៩ព្រឹកថ្ងៃដដែលទទួលបានដំណឹងថា គ្មានដំណោះស្រាយនៅឡើយ ទើបពួកគាត់នាំគ្នាចេញពីក្នុងរោងចក្ររួចចាប់ផ្ដើមបិទផ្លូវបន្តទៀតតែម្ដង ហើយបើនៅតែគ្មានដំណោះស្រាយទេនោះពួកគាត់និងមិនឈប់បិទផ្លូវឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ក្រុមបាតុករកម្មករខាងលើបានបិទផ្លូវចំនួន២លើក គឺលើកទី១បិទចាប់ពីវេលាម៉ោង៩និង៥០នាទីព្រឹករហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ទើបបើកវិញដើម្បីឲ្យកម្មកររោងចក្រផ្សេងៗបានធ្វើដំណើរទៅហូបបាយថ្ងៃត្រង់ ។ លុះ១ម៉ោងក្រោយមកនោវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល បន្ទាប់ពីកម្មកររោងចក្រផ្សេងៗហូបបាយរួចត្រឡប់ដល់រោងចក្រវិញក៏បានបិទផ្លូវឡើងវិញជាលើកទី២ទៀត ។ ប៉ុន្តែទោះបីជាបែបណា ពុំមានអំពើហិង្សាឬការប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចដូចកាលពីថ្ងៃដំបូងនោះឡើយ ព្រោះកម្លាំងសមត្ថកិច្ចអត់បានចូលទៅជិតឡើយ ហើយក៏ពុំមានមន្ត្រីណាមួយទៅធ្វើការសម្របសម្រួលដូចថ្ងៃដំបូងដែរ។
សូមបញ្ជាក់ថា កម្មករដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់Y&Wនេះសរុបប្រមាណជាង៧ពាន់នាក់ដោយធ្វើការចែកចេញជា២វេន គឺយប់១ក្រុម និងថ្ងៃ១ក្រុម ហើយកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានផ្ទុះការតវ៉ាបិទផ្លូវដំបូង ។
ខណៈនោះពួកកម្មករបានទាមទារនូវលក្ខខណ្ឌការងារចំនួន២ចំណុចសំខាន់ៗពីថៅកែរោងចក្រជនជាតិចិន ក្នុងនោះរួមមានទី១-សុំឲ្យថៅកែផ្ដល់ប្រាក់បំណាច់ឆ្នាំ ព្រោះរោងចក្រមួយនេះចាប់តាំងពីបង្កើតឡើងពេលណាមក ពុំដែលផ្ដល់ប្រាក់បំណាច់ឆ្នាំជូនដល់កម្មករម្ដងណាឡើយ និងទី២-សុំឲ្យថៅកែផ្ដល់ប្រាក់៥ភាគរយឬហៅថាប្រាក់UBCជូនពួកគាត់ទាំងអស់គ្នាដូចដើមឡើងវិញ ព្រោះកម្មករខ្លះ២ទៅ៣ឆ្នាំកន្លងមកហើយដែលថៅកែបានបិទបំបាត់ប្រាក់៥ភាគរយនេះសូន្យឈឹងឈប់បើកឲ្យកម្មករតែម្ដង។
តាមប្រភពដែលបានបន្តទៀតថា អាជ្ញាធរនិងនគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជ គឹមស៊ ដែលជាអភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះទៅធ្វើការសម្របសម្រួល ជាមួយកម្មករដើម្បីឲ្យបើកផ្លូវឡើងវិញ ។ ប៉ុន្តែទោះជាបែបណា ក៏កម្មករមិនព្រមបើកផ្លូវភ្លាមៗឡើយ ការចចារបានអូសបន្លាយពេលរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលបន្ទាប់ពីបិទផ្លូវរយៈពេលជិត៣ម៉ោង ទើបក្រុមកម្មករដែលតវ៉ា ព្រមបើកផ្លូវឡើងវិញតែបានដាក់ឱសានុវាទជាមួយអាជ្ញាធរថា ទុកពេលឲ្យតែ២ម៉ោងប៉ុណ្ណោះដើម្បីដោះស្រាយ បើដោះមិនចេញពួកគាត់និងបិទផ្លូវឡើងវិញហើយពេលនោះអាជ្ញាធរក៏យល់ព្រម។
តាមប្រភពខាងលើបានបន្តថា លុះអ្នកតវ៉ាតាំងពីព្រឹកនោះបើកផ្លូវឡើងវិញបានត្រឹមតែ១០នាទីប៉ុណ្ណោះ ស្រាប់តែកម្មករ១ក្រុមទៀតចេញពីក្នុងរោងចក្រមកបិទផ្លូវបន្តដោយអ្នកទាំងនោះនិយាថា ពុំបានដឹងគោលការណ៍អ្វីទាំងអស់ហើយបើចង់ឲ្យបើកផ្លូវទាល់តែដោះស្រាយលក្ខខណ្ឌការងារសិន ។ ការបិទផ្លូវជាលើទី២នេះបានប្រព្រឹត្តទៅរហូតដល់វេលាម៉ោង១រសៀលថ្ងៃដដែលទើបលោមាន ចាន់យ៉ដា អភិបាលរងរាជធានីភ្នំពេញអមដំណើរដោយលោកស្រីគឹម ញ៉ឹប អភិបាលរងខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះទៅធ្វើការសម្របសម្រួលជាលើកទី២ ។
ខណៈនោះលោអភិបាលរងរាជធានីភ្នំពេញបានធ្វើការពន្យល់កម្មករឲ្យធ្វើការតវ៉ាដោយសន្តិវិធី ដោយប្រាប់ទៅកម្មករថាចង់ធ្វើការតវ៉ាក៏ធ្វើទៅ ប៉ុន្តែត្រូវបើកផ្លូវ កុំយកផ្លូវធ្វើជាចំណាប់ខ្មាំងបែបនេះ ហើយការសម្របសម្រួលរហូតដល់វេលាម៉ោង១និង២៥នាទីរសៀលថ្ងៃដដែល ប៉ុន្តែកម្មករនៅតែមិនស្ដាប់ទើបលោកអភិបាលរងរាជធានីភ្នំពេញបញ្ជាឲ្យកម្លាំងបើកផ្លូវហើយអំពើងិង្សាក៏បានកើតឡើងដោយកម្មករបានប្រដុំថ្មនិងដបទឹកសុទ្ធគប់ដាក់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានរត់ខ្ចាត់ខ្ចាយអស់ហើយកម្មករបានបន្តបិទផ្លូវទៀត មិនតែប៉ុណ្ណោះបានរឹបអូសយករថយន្តនគរបាល១គ្រឿងនិងរនាំងដែក(បារ៉ាស់)របស់នគរបាលជាច្រើនផ្ទាំងទៅប្រើប្រាស់ក្នុងការបិទផ្លូវថែមទៀតផង ៕





















ចែករំលែកព័តមាននេះ