ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមរសៀលនេះ! ផ្ទុះហិ.ង្សារវាង​ក្រុម​កម្មករតវ៉ា​និង​ក្រុមសមត្ថកិច្ច​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​គិតមកត្រឹមវេលាម៉ោ​ង​១និង​២៩នាទីរសៀល​ថ្ងៃទី​២០ មករា ឆ្នាំ​២០២១ ក្រុមកម្មកររោងចក្រកាត់ដេរ វ៉ាយ ដាប់ប៊លយូ (YW)…

​រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​គិតមកត្រឹមវេលាម៉ោ​ង​១និង​២៩នាទីរសៀល​ថ្ងៃទី​២០ មករា ឆ្នាំ​២០២១ ក្រុមកម្មកររោងចក្រកាត់ដេរ វ៉ាយ ដាប់ប៊លយូ (YW) ដែល​លើកគ្នាធ្វើបាតុ​កម្ម​បិទផ្លូវ​​២១៧ ហៅ​ផ្លូវចម្ការ​ដូង ដើម្បីទាមទារលក្ខខណ្ឌ​ការ​ងារ​កាលពីព្រឹកមិញ​ ​បាន​ឈានដល់​ការ​ផ្ទុះ​អំពើហិង្សាហើយ​​ ដោ​យ​ខាង​ក្រុម​កម្មករ​បាន​គប់ដុំថ្ម​ និង​ទឹកសុទ្ធទៅលើ​សមត្ថកិច្ច បណ្តាល​ឱ្យ​​ក្រុមសមត្ថកិច្ច​រងរបួស ហើយ​ក្រុម​កម្មករបានលើកគ្នា​​ដេញ​តាម​រថយន្តរបស់​សមត្ថកិច្ច​​ផងដែរ​ ។​

ក្រោយពេល​មានការផ្ទុះ​អំពើហិង្សា​ខាងលើ​រួចមក​ គេសង្កេតឃើញ​​​ខាង​ក្រុមសមត្ថកិច្ច​ អាជ្ញាធរ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​បាន​នាំគ្នាដកថយអស់ហើយ ​។ ដោយឡែក​ក្រុម​កម្មករនៅបិទផ្លូវជា​បន្តទៅទៀត​ ។​

​គួររំលឹក​ថា មានករណីកម្មកររោងចក្រកាត់ដេរ វ៉ាយ ដាប់ប៊លយូ (YW) បាននាំគ្នា​​ធ្វើ​បាតុកម្ម​​បិទផ្លូវ​​២១៧ ហៅផ្លូវ​ចម្ការដូង ដើម្បី​ទាមទារ​​លក្ខខណ្ឌការងារ​​ចំនួន​​​២ចំណុច ​ដោយ​ចំណុចទី​១-​ទាមទារប្រាក់​៥ភាគរយដែលកន្លែងមក​រោង​ចក្រ​​ធ្លាប់​​បើកឱ្យ​​កម្មករ​ដែល​ចូលថ្មីរយៈពេល​៣ខែគឺបើកម្តង ដោយឡែកអ្នកដែលចូលធ្វើការយូរមកហើយនោះគឺ​បើករយៈពេល​៦ខែ​ ទើប​បើកម្តង និង​ចំណុចទី​២-ទាមទារ​ប្រាក់​​បំ​ណាច់ឆ្នាំ​ ដោយពួកគាក់លើកឡើង​ថា តាំងពីរោងចក្រ​​បើក​ដំណើរការ​រហូតមកដល់ពេលបច្ចុប្បន្ននេះ​ គឺពួកគាត់មិនដែលទទួលបាន​​ប្រាក់​​បំ​ណាច់ឆ្នាំនោះទេ ។​

ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​​កាលពីវេលាម៉ោង៩​និង​​​៣០នាទីព្រឹកថ្ងៃទី​២០ មករា ឆ្នាំ​២០២១ នៅ​ចំណុចរោងចក្រវ៉ាយដាប់ប៊លយូ (YW) តាម​បណ្តោយ​ផ្លូវ​​២១៧ ហៅផ្លូវ​ចម្ការដូង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌ​ដង្កោ ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ពួកគាត់​បាន​​ទាមទារ​ដោយសន្តិវិធី​អស់​មួយ​រយៈពេល​​​កន្លងមកហើយ ប៉ុន្តែ​មិនទាន់ត្រូវរ៉ូវគ្នា​ជាមួយថៅកែរោងចក្រ រហូតមកដល់​វេលា​ម៉ោង​ខាងលើ​ក៏លើកគ្នា​ធ្វើបាតុ​កម្ម គឺបិទកំណាត់​ផ្លូវ​​​​២១៧ ត្រង់​ចំណុចមុខរោង​ចក្រ​ជិត​ផ្សារព្រែកជ្រៃ ។

គិតមកត្រឹមវេលាម៉ោង​​​១១​និង​​​​៧នាទីព្រឹកថ្ងៃដដែល គេសង្កេតឃើញ​លោក ជ គឹមស៊ អភិបាល​រងខណ្ឌដង្កោ បានចុះមកសម្របសម្រួលជាមួយ​​ក្រុមកម្មករមានរយៈពេលជិត​២០នាទី​នៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ ។

គិតមកត្រឹម​វេលាម៉ោង​​​១២ថ្ងៃត្រង់ថ្ងៃដដែល ក្រុមកម្មករបានយល់ព្រមបើកផ្លូវ​រយៈពេល​២ម៉ោង បន្ទាប់ពីមានការ​សម្របសម្រួល​ពីសំណាក់អាជ្ញាធរ​ខណ្ឌដង្កោ ។ សូម​បញ្ជាក់ថា មុនមានការ​បើកផ្លូវ​​​នេះដែរ គឺ​អាជ្ញាធរ​បម្រុងនឹង​ប្រើធម៌ក្តៅ​ដើម្បីបំបែកហ្វូងបាតករហើយ លុះបន្តិចក្រោយមក ទើបបាតុករយល់ព្រមបើកផ្លូវ គឺបើកផ្លូវឱ្យតែ​រយៈ​២ម៉ោង​ប៉ុណ្ណោះ ដើម្បី​ឱ្យ​តំណាងរោងចក្រ និង​តំណាងកម្មករ ព្រមទាំង​អាជ្ញាធរ​ចរចាគ្នា ប្រសិនបើដោះស្រាយគ្នា​អត់ត្រូវរ៉ូវគ្នាទេ គឺក្រុមកម្មករ​បន្តធ្វើបាតុ​កម្ម​បិទផ្លូវ​ជា​បន្តទៀត ។

បើ​តាមការ​សាកសួរពីក្រុមកម្មករបាន​ឱ្យ​​ដឹង​ថា រោង​ចក្រខាងលើមាន​កម្មករធ្វើការ​ប្រមាណ​ជាង​៧ពាន់នាក់ ដោយមានកម្មករខ្លះ​ធ្វើការវេនថ្ងៃ និងខ្លះទៀត​ធ្វើការ​​វេនយប់ ។ ដោយឡែក​ក្រុមកម្មករដែលធ្វើការវេនថ្ងៃបាន​នាំគ្នាធ្វើបាតុ​កម្មនា​ពេលនេះ ។​

គិតមកត្រឹមវេលាម៉ោង​​​១និង​​​​១៦​នាទី​រសៀលថ្ងៃដដែល លោកមាន ច័ន្ទយ៉ា​ដា អភិបាល​រងរាជធានីភ្នំពេញ រួមជាមួយលោកស្រី គឹម ញិប អភិបាល​ខណ្ឌដង្កោ និង​មន្ត្រីពាក់ព័ន្ធនានា បាន​ចុះមកសម្របសម្រួលជាមួយកម្មករ ដោយឱ្យ​ក្រុម​កម្មករ​​រើសតំណាងខ្លួន​ចំនួន​១០នាក់​ ចូលជួបធ្វើការ​ដោះស្រាយគ្នា​ជាថៅកែរោង​ចក្រនៅ​ក្នុងរោងចក្រ​ខាងលើ ។​ ​នា​ពេលនេះ គឺ​ក្រុមកម្មករ​នៅមិនទាន់បើកផ្លូវ​នៅឡើយ ដោយសារ​ពួកគាត់កំពុង​រើសតំណាងរបស់ខ្លួន​ឱ្យ​ចូល​ដោះស្រាយដែរ ប៉ុន្តែ​មិនទាន់មាន​កម្មករណាមួយ​ចេញមុខធ្វើជា​តំណាងនោះទេ ហើយការបិទផ្លូវ​នៅតែបិទ​ដដែល ហើយបើស្ថានភាពនៅតែបែបនេះ អាជ្ញាធរ​អាចនឹងប្រើកម្លាំងបំបែកហើយ ។

តាមសេចក្តីរាយការណ៍​បានបន្ត​ថា នាខណៈនេះផងដែរ លោកអភិបាលរាជធានីភ្នំពេញបាន​ប្រកាសលេខទូរស័ព្ទ ដើម្បី​​ឱ្យ​​ក្រុមកម្មករ​មានទំនុកចិត្ត​ ដោយ​លោក​ធានា​ថានឹង​ដោះស្រាយជូន​ ​ប៉ុន្តែ​ក្រុមកម្មករ​នៅតែមិនព្រមបើកផ្លូវដដែល ព្រោះពួកគាត់​រើស​តំណាង​របស់ខ្លួនមិនទាន់បាន ហើយ​ក្រុម​កម្មករក៏បានអះអាង​ថា ពួកគាត់​ក៏​មាន​តំណាងចាស់​រ​បស់ខ្លួន​ចំនួន​​​១០​​ដែរ តែអ្នក​តំណាងចាស់​នោះធ្វើការមិនល្អ ។

លោកអភិបាល​រាជធានីភ្នំពេញបាន​ប្រាប់ដល់​បងប្អូន​កម្មករ​កុំឱ្យ​យក​ផ្លូវ​​២១៧​ខាងលើធ្វើជា​ចំណាប់ខ្មាំង ដែលធ្វើ​ឱ្យ​ប៉ះពាល់ដល់អ្នក​ដំណើរទូទៅ និង​ខុសច្បាប់ ប្រសិនបើចង់តវ៉ា ក៏តវ៉ាទៅចុះ មិនមានការហាមឃាត់នោះ​ទេ តែសូម​បើកផ្លូវ ដើម្បី​ឱ្យ​អ្នក​ដំណើរ​​ធ្វើចរាចរណ៍បានរលូនផង​ ។

គិតមកត្រឹមរសៀល​ថ្ងៃដដែល ​ស្រាប់តែ​​មានការ​ផ្ទុះហិង្សាកើតឡើង​ ​ដោយ​ក្រុម​កម្មករ​​បាន​គប់ដុំថ្ម និង​ទឹកសុទ្ធ​ទៅលើ​ក្រុម​សមត្ថកិច្ច ហើយ​ក្រុមសមត្ថកិច្ច​ក៏ធ្វើ​ការ​ដកថយអស់ផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ