រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥ និង៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ គណៈបញ្ជារការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក កុល បុន បានធ្វើការចុះបង្ក្រាបទីតាំងលួចបើកហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង នៅចំណុចផ្ទះលេខ៧០១ ក្នុងភូមិមានជ័យ១ ក្រុមទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ម្ចាស់ទីតាំងមានឈ្មោះ លៀង ស៊ីម ភេទស្រី អាយុ៥០ឆ្នាំ មុខរបរបើកអាជីវកម្មខាងលើ ។ អាជ្ញាធរបន្តថា ក្រោយការចុះបង្ក្រាប សមត្ថកិច្ចបានដកហូតនូវ ទូហ្គេមបាញ់ត្រីចំនួន២ទូ រួមទាំងកៅអីសម្រាប់អង្គុយលេង ចំនួន៨ យកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ រងចាំវាយកម្ទេចចោល ។ ចំណែកម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចយកទៅសាកសួរបន្ថែម នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ។
លោកឌី រ័ត្នខេមរុណ បានថ្លែងអោយដឹងថា ដោយអនុវត្តទៅតាមបទបញ្ជា ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដែលតែងតែក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ខ្ពស់ ចំពោះទីតាំងហ្គេមខុសច្បាប់ ដែលកំពុងកើតមានក្នុងមូលដ្ឋាន មិនថា ជាប្រភេទហ្គេមបាញ់ត្រី ឬចាក់សេះ ឬដាក់កាក់យកលុយជាច្រើនទៀតនោះទេ អោយតែកើតមាន គឺត្រូវតែបង្ក្រាប ។ ទើបរហូតមកទល់នៅរសៀលថ្ងៃទី២៩នេះ អាជ្ញាធរយើងបានបើកការស្រាវជ្រាវ ចុះធ្វើការបង្ក្រាបទីតាំងខាងលើ បានជាក់ស្តែងតែម្តងទៅ ។
លោកអភិបាលរង បានបន្តទៀតថា ហ្គេមទាំងនេះ គឺជាប្រភេទហ្គេមមួយដែលយកលុយ ទៅប្តូរជាកាកមកវិញ ដើម្បីលេង ហើយវាគឺជាប្រភេទហ្គេម ដែលពង្វក់ស្មារតីរបស់ក្មេងៗតូចៗ ឬយុវជនមួយចំនួន អោយបំភ្លេច ក៏ដូចជាបោះបង់ការរៀនសូត្រចោល ។ ដូច្នេះហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន យើងត្រូវតែធ្វើការបង្ក្រាប និងទប់ស្កាត់ជាបន្ទាន់ ដោយយើងមិនបណ្តែតបណ្តោយអោយមានទីតាំងបែបនេះ រីករាលដាលកាន់តែច្រើន នៅក្នុងភូមិសាស្ត្រជាដាច់ខាត ៕
ចែករំលែកព័តមាននេះ