ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឿងញៀន! យុវជន ៥នាក់ ត្រូវប៉ូលិសចាប់ នៅក្នុង​សណ្ឋាគារ​មួយ នៅមណ្ឌលគិរី

1 ខែ មុន
  • Mondulkiri

ខេត្តមណ្ឌលគិរី​៖ យុវជន ៥នាក់ អាយុចាប់ពី ២១ឆ្នាំ ដល់ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ខណៈពួកគេ…

ខេត្តមណ្ឌលគិរី​៖ យុវជន ៥នាក់ អាយុចាប់ពី ២១ឆ្នាំ ដល់ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ខណៈពួកគេ បានប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅ​សណ្ឋាគារមួយ ក្នុងខេត្តមណ្ឌលគិរី។ ពេលឃាត់ខ្លួនយុវជនទាំង ៥នាក់ ដែលក្នុងនោះ មាននារីម្នាក់ ប៉ូលិសបាន​ដកហូតវត្ថុតាង រួមមាន សារធាតុសង្ស័យ​លាយ​ជាមួយសារធាតុញៀន មា​នសណ្ឋា​នជាក្រាម​ពណ៌សថ្លា ចំនួន ៤៦កញ្ចប់ ( ៤៥កញ្ចប់តូច និង០១កញ្ចប់ធំ ) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀន​មួយចំនួន កែវសម្រាប់ជក់ថ្នាំញៀន ចំនួន ០៦ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ កន្រ្តៃ ០១ដើម ប្រាក់ដុល្លារចំនួន ២០$ ប្រាក់រៀល ចំនួន ២៥.០០០៛ និង​ម៉ូតូ ០១គ្រឿងម៉ាក អ៊ិចសាយត័រ​​។

លោក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ បានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការសហការ និងរាយការណ៍​ពីម្ចាស់សណ្ឋាគារ ស្រ៊ី លាងហ៊ីម កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ និងកម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណី​ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ​សណ្ឋាគារ ស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ចបានឃាត់ឈ្មោះ សុខ សុវណ្ណ ហៅ ម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ និងនាំខ្លួនមនុស្សពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀត ក្នុងនោះ មានស្រីម្នាក់។ ១.ឈ្មោះ រ៉េត រ៉ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ មួន ទូច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ៣.ឈ្មោះ តាយ រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ី​។ ៤.ឈ្មោះ ស្រន់ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​។

​​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃ​អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ​ រៀបចំ​​កសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕ សាយ ករុណា