រឿងក្តី វ៉ាន់នីឡា នឹងប្រកាសសាលក្រមនៅចុងខែសីហានេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាឧទ្ទរណ៍បានបើកសវនាការរឿងក្តី វ៉ាន់ នីឡា ជាមួយនឹងអតីតគូស្នេហ៍ហើយកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ខណៈពេលការប្រកាសសាលក្រម…
រាជធានីភ្នំពេញ ៖ សាលាឧទ្ទរណ៍បានបើកសវនាការរឿងក្តី វ៉ាន់ នីឡា ជាមួយនឹងអតីតគូស្នេហ៍ហើយកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ខណៈពេលការប្រកាសសាលក្រម…
រាជធានីភ្នំពេញ ៖ សាលាឧទ្ទរណ៍បានបើកសវនាការរឿងក្តី វ៉ាន់ នីឡា ជាមួយនឹងអតីតគូស្នេហ៍ហើយកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ខណៈពេលការប្រកាសសាលក្រម នឹងត្រូវបានលើកពេលប្រកាសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
បើតាមបងប្រុសនាង វ៉ាន់ នីឡា គឺលោក សុខ ជំនោរ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា រឿងក្តីប្អូនស្រីរបស់លោក ត្រូវបានបង្វិលពីតុលាការកំពូល មកសាលាឧទ្ទរណ៍វិញ ខណៈពេលដំណើរការកាត់ក្តីកាលពីព្រឹកមិញនេះ គឺមិនមានវត្តមានចូលរួមពីដើមបណ្តឹង និងជនជាប់ចោទឡើយ។
លោកបញ្ជាក់ថា ភាគីទាំងសងខាង គឺមានតំណាងមេធាវីមកចូលរួមរៀងខ្លួន ព្រោះប្អូនស្រីរបស់លោកបានបង្ហាញពីការភ័យខ្លាច និងការខ្មាស់អៀនចំពោះរឿងរ៉ាវដែលបានកើតឡើងនៅឡើយ ហើយនាងក៏បានបង្ហាញបញ្ហានេះប្រាប់មេធាវីរបស់នាងផងដែរ។
លោកបន្តថា មេធាវីប្អូនស្រីរបស់លោកបានជជីកដេញដោលជាច្រើនជាមួយមេធាវីតំណាងជនជាប់ចោទ ដោយខាងយើងបានបង្ហាញនូវអង្គហេតុ និងភស្តុតាង ហើយជាពិសេសយើងបានសង្កត់ធ្ងន់លើកូនក្តីរបស់យើង ។ ដោយសារតែ វ៉ាន់ នីឡា មិនបានដឹងសវនាការនៅសាលកំពូលឡើយ ហើយយើងក៏មិនបានសរសេរសារណាទាញទឹកតាងរបស់យើងដែរ ហើយការសម្រេចរបស់សាលាកំពូលនោះ គឺផ្អែកតែទៅភាគីជនជាប់ចោទតែម្ខាងប៉ុណ្ណោះ។
បើតាមលោក សុខ ជំនោរ នៅពេលរឿងក្តីដល់សាលាកំពូលនោះ គឺភាគីខាងប្អូនស្រីលោកមិនត្រូវបានកោះហៅឲ្យចូលបំភ្លឺនោះឡើយ ដូច្នេះដំណើរការក្តីកាលពីព្រឹកមិញនេះគឺយើងសង្កត់លើរឿងមួយនេះ។
លោកបានឲ្យដឹងថា ចំពោះលោក និងប្អូនស្រីនៅតែមានក្តីសង្ឃឹមពីការទទួលបានយុត្តិធម៌ ព្រោះយើងធ្លាប់បានទទួលការសម្រេចឲ្យឈ្នះក្តីនេះតាំងពីសាលាដំបូង រហូតដល់កំពូល ទាំងនេះជាក្តីរំពឹងខ្ពស់មួយសម្រាប់គ្រួសារលោក។
យ៉ាងណាលោកនៅតែរង់ចាំមើល ការសម្រេចក្តីរបស់សាលាឧទ្ទរណ៍នៅបំណាច់ខែសីហាខាងមុខនេះ ខណៈពេលដែលដំណាក់កាលសាលាឧទ្ទរណ៍នាពេលនេះ គឺមានតែ២ប៉ុណ្ណោះ ដោយទី១ គឺរក្សាទុកសាលក្រមលើកមុន និងទី២ ទម្លាក់ចោលការចោទប្រកាន់។
គួររំលឹកថា រឿងក្តីជនជាប់ចោទលោក គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន២០០លានរៀល ។
គួររំលឹកទៀតថា នៅក្នុងការប្រកាសសាលក្រមនេះ គេពុំបានឮពីការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ គុយ សិទ្ធិសក្តិ ទេ តែបានបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់បន្ត ខណៈជនជាប់ខាងលើនេះ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦។ លោក គុយ សិទ្ធិសក្តិ ត្រូវបានគេដឹងថា បច្ចុប្បន្នលោកជាមន្ត្រីប៉ូលិសពាក់សក្តិ៤កន្លះ និងកំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕
ចែករំលែកព័តមាននេះ