រាជធានីភ្នំពេញ ៖ លោក ពេជ្រ សារ៉ាត ដែលគេស្គាល់ថា ជាអ្នកអភិរក្សចាប៉ីដងវែងជំនាន់ក្រោយម្នាក់ និងពលរដ្ឋ២៦គ្រួសារទៀត បានកំពុងស្នើសូមសម្តេចនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យម្ចាស់ផ្ទះ ដែលយកលុយកក់ពីពួកគាត់ម្នាក់ៗជាងម៉ឺនដុល្លារហើយនោះចេញមុខមកដោះស្រាយ និងសាងសង់ផ្ទះឲ្យហើយដល់ពួកគាត់តាមកិច្ចសន្យាទិញលក់។ លោក ពេជ្រ សារ៉ាត និងពលរដ្ឋ ២៦គ្រួសារផ្សេងទៀតអះអាងថា បានទិញផ្ទះល្វែង និងដីឡូត៍ នៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅដើមឆ្នាំ២០១៨ ពីលោកស្រី អ៊ុង សុភា និងលោក ឯម សុខពៅ។

អ្នកទាំងពីរមានងារជាឯកឧត្តម និងលោកជំទាវផង។ សម្រាប់ផ្ទះគឺមួយល្វែង មានតម្លៃ៣៩ ០៥៩ដុល្លារ។ អ្នកទិញបានបង់ប្រាក់ ជាងម៉ឺនដុល្លារឲ្យទៅអ្នកលក់ ដោយសន្យាថា ក្នុងរយៈពេល១០ខែនឹងសាងសង់រួចរាល់ ប៉ុន្តែក្រោយទទួលប្រាក់កក់ពីពួកគាត់បាន៥ឆ្នាំមកហើយ ផ្ទះបានត្រឹមរៀបឥដ្ឋជញ្ជាំងប៉ុណ្ណោះ។ លោក សារ៉ាត និងមនុស្សផ្សេងទៀត បានស្វែងរកម្ចាស់គម្រោង ដោះស្រាយប៉ុន្តែអ្នកមិនចេញ ដោះស្រាយឡើយ បើទោះបីក្រុមពលរដ្ឋរងគ្រោះ បានដាក់ពាក្យបណ្តឹង ដល់អាជ្ញាធរមូលដ្ឋានហើយក្តី។ ពលរដ្ឋរងគ្រោះថា «មានតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានេះបាន»។
ពលរដ្ឋរងគ្រោះ ដែលមានទាំងគ្រូបង្រៀនចាប៉ីដងវែង លោក ពេជ្រ សារ៉ាត ផងនោះបានត្អូញត្អែរថា ពួកគាត់ជាពលរដ្ឋក្រីក្រ ខំសន្សំប្រាក់មួយកាក់មួយសេន ទម្រាំបាន១ម៉ឺនៗ យ៉ាងវេទនា មិនគួរគេបោកប្រាក់បែបនេះឡើយ។ សម្រាប់លោក ពេជ្រ សារ៉ាត់ ថាផ្ទះដែលគាត់ទិញនោះបម្រុងយកធ្វើជាថ្នាលបណ្តុះបណ្តាល ចាប៉ីដងវែងទៀតផង។ ពលរដ្ឋអ្នករងគ្រោះតែងតែជួបជុំគ្នានៅលើទីតាំងគម្រោង និងបានលើករូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយអន្តរាគមន៍៕ ដោយ៖ អ.សួស្តី
ចែករំលែកព័តមាននេះ