រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបាននាំគ្នាសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសដែលកាក់កបឈុតអោបថើបលោក យុទ្ធ ឋានះ បានប្រកាសជាសាធារណៈពីគោលបំណងចង់ចូលស្តីដណ្តឹងតារាសម្តែងនាង សូដា នីតា ។
យ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា ការប្រកាសយ៉ាងដូច្នេះពីលោក យុទ្ធ ឋានះ ជាការពិតឬជាការលេងសើចនៅឡើយទេ? ប៉ុន្តែបើតាមអ្វីដែលលោកបានសរសេរបង្ហោះតាមហ្វេសប៊ុកនោះ បានបញ្ជាក់ថា លោកនឹងចូលស្តីដណ្តឹង សូដា នីតា ប្រសិនបើនាងបើកភ្លើងខៀវ។

តារាសម្តែងលោក យុទ្ធ ឋានះ បានបង្ហោះសារអមជាមួយនឹងរូប សូដា នីតា យ៉ាងដូច្នេះថា ក្រោកឡើងមានអាម្មណ៍នឹកមនុស្សស្រីម្នាក់នេះ កាន់តែស្គាល់ កាន់តែដឹង កាន់តែយល់ និងកាន់តែអាណិត។
លោកបញ្ជាក់ថា គាត់ជាមនុស្សស្រីដ៏រឹងមាំ ចូលចិត្តយកអាសាមនុស្សជុំវិញខ្លួនជាមនុស្សល្អ មិនថាអ្នកណាក៏ដោយគាត់តែងតែយកអាសាគេជានិច្ច ។ ខ្ញុំសូមសរសើរគាត់ ក្នុងចំណោមមនុស្សដែលខ្ញុំស្គាល់កន្លងមកមានតែគាត់ទេ ដែលអាចកែប្រែខ្ញុំបាន សំដីគាត់និយាយមកលើខ្ញុំ គឺសុទ្ធតែពាក្យល្អៗ ប្រាប់នេះប្រាប់នោះអោយខ្ញុំក្លាយជាមនុស្សម្នាក់ចាស់ទុំ ចេះដឹងរកស៊ី ។

ហើយសរសើរ១ចំណុចទៀតដែរ គាត់លើសពីស្រីដទៃនោះគឺគាត់ជាមនុស្សស្រីរស់នៅក្នុងចំណោមសិល្បៈនឹងគេដែរ តែគាត់មិនចេះស្រវ៉ា ឬសំលឹងមើលទ្រព្យរបស់មនុស្សប្រុសម្នាក់ណាឡើយ។ ខ្ញុំមិនខ្វល់ តើគាត់ជាអ្នកណា? ហើយក៏មិនខ្វល់អ្នកណាសើចយំខ្ញុំឡើយ អោយតែគាត់ព្រម ខ្ញុំនឹងសុំអ្នកម៉ាក់ដណ្តឹងគាត់ គាត់ជាមនុស្សស្រីដែលដឹង (សំណាបយោងដី ស្ត្រីយោងប្រុស) អរគុណពេលវេលាដែរអោយខ្ញុំស្គាល់គាត់ So Danita។
ជុំវិញបញ្ហាខាងលើនេះ លោក យុទ្ធ ឋានះ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចដោយខ្លីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះថា អ្វីដែលលោកបានសរសេរបង្ហោះនោះ គឺជាការពិត។ ចំណែកនាង សូដា នីតា មិនទាន់មានការបកស្រាយអោយបានច្បាស់លាស់នៅឡើយទេ ជុំវិញបញ្ហានេះ ប៉ុន្តែនាងត្រឹមបង្ហោះសារដោយខ្លីថា អូចឹងផង៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ