រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងដែលបានវិវត្តខ្លួនទៅជាតារាសម្តែងបន្តទទួលបានប្រជាប្រិយភាពខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ បើទោះបីជាមានតារាសម្តែងវ័យក្មេងៗ និងស្រស់ស្អាតជាច្រើនដួងយ៉ាងណាក៏ដោយ កញ្ញា ញឹម ច័ន្ទថន នៅតែមានក្តោបបានការងារសិល្បៈ និងមានភាពមមាញឹកនៅក្នុងការងារជាងមុនទៅទៀត ។

ក៏ប៉ុន្តែអ្វីដែលមហាជនកំពុងកត់សម្គាល់នោះ គឺថា មួយរយៈចុងក្រោយនេះតារាសម្តែងស្រីចាស់វស្សា និងមានវ័យច្រើនគួរសមដែរនោះ នៅតែស្រស់ស្អាតក្មេងជាងវ័យ ហើយនាងថែមទាំងបានផ្លាស់ប្តូរនូវស្ទីលនៃការរៀបចំខ្លួនយ៉ាងទាន់សម័យ ដោយជ្រើសយកការស្លៀកពាក់បែបសិចស៊ីជាមួយនឹងការថែរក្សាសម្រស់ឲ្យនៅតែមានភាពស្រស់ស្អាត និងរាងខ្ពស់ស្រឡៈឡើងស្លីម ហើយមើលទៅនាងពិតជា ស្រស់ស្រាយនាពេលបច្ចុប្បន្ននេះផងដែរ ។

ជាងនេះទៅទៀត នាងហាក់បើកចំហរកាន់តែខ្លាំងជាងមុនជុំវិញស្ទីលនៃការតុបតែងកាយ តែមិនមែនរឿងស្លៀកពាក់សិចស៊ីតែម្យ៉ាងនោះទេ អ្វីដែលពិសេសនោះ គឺទោះបីវ័យកាន់តែជ្រេរ នាងកាន់តែស្អាត ហើយតារាសម្តែងស្រីពូកែសម្តែងក្នុងអង្គតួកាចឆ្នាស់រូបនេះបានបង្ហាញមហាជននៅស្ទីលប្លែកមួយទៀត ដោយរូបនាងបានជ្រើសយកការចាក់សាក់នៅលើភ្លៅយ៉ាងធំជារូបសញ្ញាព្រួញ ដែលរុំព័ទ្ធជុំវិញជារូបផ្កាកុលាបធំយ៉ាងស្រស់ស្អាត នៅពេលរូបនាងស្លៀកខ្លីបញ្ចេញវាម្តងៗ ។

ជាក់ស្តែងសង្កេតឃើញថា ញឹម ច័ន្ទថន មានរូបសម្រស់ស្អាតជាងមុន និងកាន់តែមានប្រជាប្រិយភាពនោះក៏ព្រោះតែរូបនាងបានទៅកែកុនខ្ទង់ច្រមុះបន្ថែម និងកាត់ត្របកភ្នែកឲ្យពីរជាន់អោយកាន់តែឃើញទម្រង់ប្លែកជាងមុនថែមទៀត ។

គួរបញ្ជាក់ផងដែរថា កញ្ញា ញឹម ច័ន្ទថន ជាតារាមួយដួងដែលឈរជើង នៅក្នុងវិស័យសិល្បៈអស់ជាយូរឆ្នាំ និងមិនខ្វល់ពីភាពចាយសម្រស់នៃភាពនៅលីវរបស់នាងឡើយនៅពេលនេះ ៕



ចែករំលែកព័តមាននេះ