អ៊ុំ សំ​ថា​រ័​ត្នថា «បើ​ពុក​ឈរ​បាន យើង​ឡើង​ឆាក​ជាមួយ​គ្នា ពុក​កូត​វូ​យូ​ឡុ​ង កូន​ច្រៀង​»


រាជធានី​ភ្នំពេញ ៖ ​អាការ​ជំងឺ​តន្ត្រីករ​ជើង​ចាស់​លោក​អ៊ុំ ដ​រ៉ា កាន់តែ​ដុប​ដាប​ខ្លាំង ខណៈ​ពេល​ដែល​​ក្រុម​គ្រួ​សារបាន​បង្វែរ​ពី​ការ​ព្យាបាល​ជំងឺ​របស់​លោក​ពី​ពេទ្យវិទ្យា​សាស្ត្រ មក​ព្យាបាល​តាម​បែប​ខ្មែរ​បុរាណ​វិញ ក្នុង​ពេល​ស្ថានភាព​ជំងឺ​របស់​លោក​ទំនងជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ។ នេះ​បើ​តាម​អះអាង​ពី​កូនស្រី​របស់​គាត់ គឺ​កីឡាការិនី​អ៊ុំ សំ​ថា​រ័​ត្ន ។

អ៊ុំ សំ​ថា​រ័​ត្ន បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​ពួក​យើង​បាន​សម្រេចចិត្ត​សា​ជា​ថ្មី ដែល​ផ្ដល់​ការ​ព្យាបាល​ឆ្អឹង​លោកឪពុក ទៅ​ឲ្យ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​បុរាណ ព្រោះថា​ទៅ​មើល​ពេទ្យវិទ្យា​សាស្ត្រ គេ​លែង​ទទួល​ព្យាបាល​ឆ្អឹង​លោក​ពុក​ហើយ ដោយសារ​ពុក​ចាស់​ជ្រុល ហើយ​ខ្សោយ​មិន​អាច​ទប់ទល់​បាន​នូវ​ការ​អនុវត្ត​ព្យាបាល​របស់​ពេទ្យ​ទេ ។

ដូច្នេះ​មាន​តែ​វិធី​អាគម​ផ្សំ​អាយុ ដែល​ប្រហែល​​នឹង​អាច​ជួយ​ពុក​បាន ។ ថ្លៃ​ព្យាបាល​ក៏​អស់​មិន​តិច​ដែរ​ដល់​ទៅ​២០០០​ដុល្លា​ឯណោះ ។ ទៅ​រក​ឯណា​បាន ភ្លាម​ៗ ! តែ​កូន​ៗ​ចង់​ឃើញ​ពុក​ឈរ​បាន មាន​តែ​ត្រូវ​ប្រឹងរក​លុយ ។ ខ្ញុំ​ជឿ ហើយ​ខ្ញុំ​សង្ឃឹម ទោះ​មិន​ដូច​ដើម​១០០​ភាគរយ ក៏​យ៉ាង​ហោច​ណាស់ ពុក​បាន​ថយ​ការ​ឈឺចាប់ និង​ក្រោកឈរ​បាន​វិញ និង​ចង់​ឲ្យ​ពុក បាន​អង្គុយ​ឲ្យ​បាន​យូរ និង​កូតវីយូឡុង​ឲ្យ​ពួក​ខ្ញុំ​ស្ដាប់​ទៀត ឬ​បើ​ពុក​ឈរ​បាន​វិញ​មែន កូន​នឹង​សុំ​គេ​អូស​ពុក​ឡើង​ឆាក​តន្ត្រី​ណាមួយ​ជាមួយ​គ្នា ហើយ​ពុក​លេង​វី​យូ​ឡុ​ង កូន​អ្នក​ច្រៀង ។

សូម​អរគុណ​ពុក ដែល​បាន​សហការ​ជាមួយ​កូន​អំឡុង​ពេល​កូន​នៅ​មើលថែ ពេល​ដែល​ពុក​ស្ថិត​ក្នុង​ដង្ហើម​ផិតផើយ ប្រឹង​រស់​បន្តជីវិត ដើម្បី​ជា​ជន​គំរូ សម្រាប់​សង្គម​គ្រួសារ​យើង និង​ប្រទេស​ជាតិ​យើង និង​ឲ្យ កូន​ៗ​បាន​មើល និង​រៀនសូត្រ​តាម ទោះបី​ពុក​មិន​បាន​សម្ដី​វោហា​ស្ដីប្រដៅ​ដូច​ពុក​គេ​ដទៃ តែ​អំពើ​ដែល​ពុក​បាន​បង្ហាញ គឺ​មាន​ន័យ​ណាស់​ទៅ​ហើយ ។

ស្ថានភាព​គ្រួសារ​យើង​ពី​មុន​លូន​(​វេទនា​) ឥឡូវនេះ​ពួក​យើង​បាន​អង្គុយ​គ្រាន់ សង្ឃឹមថា​ថ្ងៃ​ខាង​មុខ ពួក​យើង​នឹង​បាន​ឈរ​យ៉ាង​ស្រស់ស្រាយ​ក្ដី​សុខ​បំផុត ។

ត្រលប់​ទៅ​មើល​រូបថត និង​អនុស្សាវរីយ៍​លោក ពី​មុន​ៗ ស្រក់​ទឹកភ្នែក ស្ដាយ ស្ដាយ​ពុក​ប្រញាប់​ធ្លាក់ខ្លួន​ឈឺ ពុក​អត់​ទាន់​បាន​ដេញ​ធាក់​កូន​ៗ​ឲ្យ​រៀន​ភ្លេង រៀន​និពន្ធ​អី​ផង ។ ក៏​មិន​ដែល​ឮ​ពុក​អួត​ប្រាប់​កូន​មួយ​ម៉ាត់​ថា នែ ឪ​ពី​មុន​ល្បី​ដែរ​ណា ! អួត​មួយ​ម៉ាត់​ពីរ​អី អត់​សោះ អា​កូន​នេះ មិន​ដែល​ដឹង​ទេព​កោសល្យ​ស្នាដៃ​ឪ​អី​ម៉េច​ទេ​! ទៅ​ជា​ដឹង​ពី​សិស្ស​របស់​ពុក និង​លោកពូ សេង​តារា ទៅ​វិញ ។

លោក​ឪលោក​ម៉ែ កូនសុំ​ទោស ដែល​មិន​បាន​ដើរ​តាម​ផ្លូវ​ឪ ឪ​បាន​ចំណូល​មិន​ឈឺ​សាច់​ដូច​កូន​មែន តែ​ឪ​ចុក​រួយ​ចង្កេះ ឈឺក្បាល ស្ត្រេ​ស ព្រោះ​ឪ​ប្រើ​ខួរក្បាល​គិត​ច្រើន ។ តែ​រឿង​ធ្វើការ​បម្រើ​ជាតិ គឺ​កូន​គិត​ថា កូន​ដើរ​ផ្លូវ​ជាមួយ​ឪ ។ អ៊ីចឹង សូម​ឪ និង​ម៉ែ កុំ​ខកចិត្ត​អី ។

សូម​ឲ្យ​ព្រះ​ប្រទាន​ដល់​ពួក​យើង​ទាំងអស់​គ្នា ។ (​សរសេរ​ទាំង​ញញឹម​ផង ទឹកភ្នែក​ផង​នេះ​)»​។

កវី​ដ៏​ល្បី​ទសវត្សរ៍​៦០ និង​ជា​តន្ត្រីករ​ផ្នែក​វី​យូ​ឡុ​ង​ដ៏​ឆ្នើម​អ៊ុំ ដា​រ៉ា មាន​វ័យ​កាន់តែ​ជរា​រស់នៅ​ជាមួយ​ប្រពន្ធ​ថែទាំ​ជា​ប្រចាំ អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​លោក​ព្រឹទ្ធាចារ្យ​លែង​ធ្វើ​ចលនា​ទៅ​ណា​បាន​ឆ្ងាយ​ក្រៅពី​រង្វង់​គ្រែ​ដែល​លោក​ស្នាក់​នៅ ។

បច្ចុប្បន្ន​លោក អ៊ុំ ដា​រ៉ា បាន​ស្នាក់​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ដ៏​សមរម្យ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ក្រុម​ទី​១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ ដោយ​រួមរស់​ជាមួយ​ប្រពន្ធ​ឈ្មោះ សំ វ​ណ្ណា អាយុ​ជាង​៥០​ឆ្នាំ និង​មានកូន​ពីរ​នាក់ ស្រី​មួយ ប្រុស​មួយ កូនប្រុស​ធ្វើការ​អង្គការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​កូនស្រី​ជា​កីឡាការិនី​ផ្នែក​ល្បុក្កតោ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ