រាជធានីភ្នំពេញ ៖តារាសម្តែង និងបង្ហាញម៉ូដសុផា លីនដា បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈ ជាមួយនឹងការបើកមុខជំនួញរួមគ្នាចំណាយទុនរាប់ម៉ឺនដុល្លារផងដែរ ។ សុផា លីនដា បានចាប់ដៃគ្នាជាមួយគូស្នេហ៍វ័យក្មេង និងជាអាណិកជនខ្មែរបើកភោជនីយដ្ឋានមួយនៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដា រាជធានីភ្នំពេញ ។
មិត្តភក្តិ និងប្រិយមិត្តអ្នកគាំទ្រជាច្រើនរបស់សុផា លីនដា បានសម្តែងការអបអរសាទរ ក្នុងពេលដែលនាងបានបង្ហោះរូបភាពកៀកកើយជាមួយគូស្នេហ៍ អមជាមួយសារថា «ចុងភៅប្រចាំជីវិត»។
បើទោះបីជាសុផា លីនដា មិនបានបង្ហើបឲ្យដឹងថា ចំណងស្នេហ៍របស់នាងបានកើតឡើងនៅពេលណា និងមានរយៈពេលប៉ុន្មានឆ្នាំនោះក៏ដោយ ប៉ុន្តែនាងមិនបានបដិសេធនោះឡើយពីការទាក់ទងស្និទ្ធស្នាលជាមួយគ្នា ។
កន្លងមកសុផា លីនដា ត្រូវគេដឹងថា បានភ្ជាប់ចំណងស្នេហ៍ក្រៅឆាកជាមួយតារាចម្រៀងលោកនៅ ស៊ីនឿន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែគេមិនទេថាអ្នកទាំងពីរបានដើរដល់ផ្លូវបំបែកដោយមិននឹកស្មានដល់ ក្នុងពេលដែលលោកនៅស៊ី នឿន បានងាកទៅភ្ជាប់ពាក្យជាមួយនារីអាណិកជន ។
ក្រោយពីផ្តាច់ការទាក់ទងគ្នានោះមក គេមិនបានឃើញអ្នកទាំងពីរបង្ហាញមុខរួមគ្នានៅក្នុងកម្មវិធីសិល្បៈណាមួយទៀតឡើយ ។ ក្នុងពេលនៅ សុីនឿន បានភ្ជាប់ពាក្យរង់ចាំតែថ្ងៃរៀបការនោះក៏ដោយ ប៉ុន្តែសុផា លីនដា មិនដែលបានបង្ហាញមុខគូស្នេហ៍ថ្មីរបស់នាងឡើយ ក្រៅពីស្និទ្ធស្នាលជាមួយតារាប្រុសក្នុងសិល្បៈប៉ុណ្ណោះ ។ ទើបតែពេលនេះនាងបង្ហាញមុខគូស្នេហ៍របស់នាងជាសាធារណៈ ក្នុងពេលដែលនាងក៏ចង់បង្ហាញពីការចាប់ជំនួញរួមគ្នាផងដែរ។
បើទោះបីជា សុផា លីនដា បង្ហាញមុខគូស្នេហ៍យ៉ាងបើចំហនាពេលនេះក៏ដោយ ប៉ុន្តែគម្រោងចូលរោងការនៅពេលណានោះ មិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ៕






ចែករំលែកព័តមាននេះ