រាជធានីភ្នំពេញ ៖ លោក សុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ បានចេញមកច្រានចោលនូវការចុះផ្សាយនូវព័ត៌មានមួយចំនួនដែលអះអាងថា កូនស្រីរបស់លោក គឺ នីឡា បានសម្រេចចិត្តចុះអេតាស៊ីវិលជាមួយគូដណ្តឹង ដោយមិនមានពិធីមង្គលការនោះឡើយ ស្របពេលដែលពិធីមង្គលការកូនស្រីរបស់លោកត្រូវបានលើកពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ការចេញមកច្រាលចោលព័ត៌មានដែលបានផ្សព្វផ្សាយនូវរឿងរ៉ាវខាងលើនេះពីលោក សុវណ្ណរិទ្ធី នាពេលនេះ បានធ្វើឡើងបន្ទាប់ពីកូនស្រីរបស់លោក គឺ នីឡា បានបង្ហោះសារមួយខ្លីដោយបានអះអាងថា «រៀបចំមង្គលការខ្នាតតូចមនុស្សពីរគ្រួសារ ចុះអេតាស៊ីវិល សល់លុយរកស៊ី អ្នកណាសើចយំកុំខ្វល់ សំខាន់យើងមានសុភមង្គលសល់លុយ»។
តាមរយៈខ្លឹមសារដែល នីឡា បង្ហោះដូច្នេះបាននាំឲ្យមហាជនមានការសន្និដ្ឋានពីការមិនមានការរៀបចំមង្គលការពិតប្រាកដមែន ក្នុងពេលដែលអត្ថន័យមួយនេះក៏ត្រូវបានសារព័ត៌មាននានា បាននាំគ្នាចុះផ្សាយជាបន្តបន្ទាប់ នាំឲ្យមានការភ្ញាក់ផ្អើល។

ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ លោកតា វ៉ិចទ័រ បានចេញមកធ្វើការបដិសេធចោលទាំងស្រុងនូវអ្វីដែលសារព័ត៌មានចុះផ្សាយ និងបានចាត់ទុកការបង្ហោះសារពីកូនស្រីរបស់លោកនាពេលនោះ គឺគ្រាន់ជាការសរសេរចោលតាមអារម្មណ៍ពីនីឡាប៉ុណ្ណោះ។
លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចដោយខ្លីថា ដោយសារតែផ្អែកលើសំណេរកូនស្រីរបស់លោកខាងលើនេះហើយ ដែលទំនងនាំឲ្យគេមានការភាន់ច្រឡំ តែធាតុពិតនោះគ្រាន់តែជាការសរសេរចោលតាមអារម្មណ៍ប៉ុណ្ណោះ។

លោកបញ្ជាក់ថា រហូតមកទល់ពេលនេះ នីឡា មិនបានធ្វើរឿងដូចដែលបានចុះផ្សាយ នោះឡើយ សូមកុំមានការយល់ច្រឡំ ខណៈពេលដែលទាំងអស់នោះគឺជាការសសេរលេងប៉ុណ្ណោះ។
យ៉ាងណា បើតាមលោក តាវ៉ិចទ័រ ថា ពិធីមង្គលការរបស់ នីឡា គឺនៅតែរក្សាដដែល មិនបានលុបចោលឡើយ គ្រាន់តែយើងបានផ្អាកតាមការកំណត់នាពេលកន្លងមក ដោយសារតែក្រុមគ្រួសាររបស់លោកត្រូវគោរពតាមគោលការណ៍ណែនាំពីក្រសួងសុខាភិបាលជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាការកត់សម្គាល់កន្លងមក លោកតា វ៉ិចទ័រ ធ្លាប់បានលើកឡើងថា តាមគម្រោង នីឡា ត្រូវរៀបការកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ប៉ុន្តែដោយសារតែជំងឺសារកូវីដ-១៩ កំពុងតែផ្ទុះ ហើយត្រូវគោរពតាមការណែនាំពីក្រសួងសុខាភិបាលនោះ ទើបក្រុមគ្រួសារទាំងសងខាងសម្រេចលើកពេល ហើយអាចគ្រោងនឹងធ្វើនៅខែសីហា ឆ្នាំ២០២០ខាងមុខវិញ។ យ៉ាងណា បើតាមលោកតា វ៉ិចទ័រ ប្រសិនបើរហូតដល់ថ្ងៃកំណត់ជាថ្មី តែជំងឺកូវីដ-១៩ មិនទាន់ស្ងាត់ទៀត នោះមង្គលការរបស់កូនស្រីរបស់លោកក៏អាចនឹងប្រែប្រួលទៅតាមនឹងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ