រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដែលធ្លាប់ល្បីក្នុងចង្កោមយុវវ័យ និងបានបាត់មុខពីរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីរៀបការសាងជីវិតគ្រួសារ នាង អេន ជី ថ្មីៗនេះសម្រេចចិត្តទម្លាយប្រវត្តិគ្រួសាររបស់ខ្លួនទៅដល់មហាជនទំរាំខ្លួនមានបានដូចសព្វថ្ងៃនេះ។

ក្រោយពីមានសុភមង្គលជាមួយប្តី និងទទួលបានចំណងដៃកូនដែលនាងកំពុងតែពពោះផងដែរនោះ នាង អេន ជីបានបង្ហោះសារពីជីវិតស្នេហាជាមួយនឹងស្វាមី ដោយរងនូវការឈឺចាប់ជាច្រើនថា «ជួបគ្នាជានិស្ស័យ និស្ស័យជាប្ដីប្រពន្ធ ១០០ឆ្នាំ សុភមង្គលមិនមែនកើតចេញពីពាក្យស្លោក ឬពាក្យគេថា តែវាកើតឡើងតាមសកម្មភាព និងទង្វើរបស់យើងជាអ្នកសាងឡើងជាប្រចាំ។

អរគុណចំពោះការមើលងាយ និងបញ្ហាព្យុះភ្លៀងជាច្រើនដែលធ្វើឲ្យយើងរឹងមាំរហូតដល់ថ្ងៃនេះ អ្នកដទៃអាចមើលមកយើងខុស តែយើងត្រូវអោយតម្លៃនិងលើកទឹកចិត្តខ្លួនឯងជានិច្ច ព្រោះមានតែយើងទេដែលស្គាល់ខ្លួនឯងយើងច្បាស់»។
យ៉ាងណាមិញគេសង្កេតឃើញថា ជីវិតគ្រួសាររបស់អតីតតារាចម្រៀងរបស់ផលិតកម្ម M រូបនេះពិតជាទទួលបានសុភមង្គល និងមានសេចក្តីនៅក្នុងក្រុមគ្រួសារពិតមែន បន្ទាប់ពីរៀបការអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា អេនជី បានបាត់មុខនៅក្នុងរង្វង់សិល្បៈជាច្រើនឆ្នាំមកហើយ ដោយនៅក្នុងនោះសង្កេតឃើញថា តារាចម្រៀងស្រីរាងច្រឡឹងរូបនេះ កំពុងតែមានភាពមមាញឹកជាមួយនឹងជំនួញថ្មី ដែលកំពុងតែរីកចម្រើន ហើយនិយាយពីរូបសម្រស់វិញគឺកាន់តែស្រស់ស្អាតពេលនាងកំពុងពរផ្ទៃ ៕ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ