រាជធានីភ្នំពេញ ៖រហូតមកទល់ពេលនេះតារាកំប្លែកនាយចេក នៅមិនទាន់លក់ផ្ទះរបស់ខ្លួនដាច់នៅឡើយទេ ដែលជាហេតុធ្វើឲ្យតារាកំប្លែករូបនេះបារម្ភកាន់តែខ្លាំងឡើង ដ្បិតបំណុលធនាគារកំពុងតែរួមរឹត ។
កន្លងមក រហូតដល់ពេលនេះនាយចេក បានប្រកាសលក់ផ្ទះរបស់ខ្លួនក្នុងតម្លៃជាង១០ម៉ឺនដុល្លារ ក្នុងពេលដែលលោកជួបការលំបាកខ្លាំងមិនអាចរកចំណូលអ្វីបានដូចមុន ព្រោះតែវិបត្តិកូវីដ-១៩ ។ នាយចេក ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ក្រោយពីលោកបានប្រកាសលក់ផ្ទះនោះមក គឺមានអ្នកមកសួរនាំជាបន្តបន្ទាប់ ប៉ុន្តែមិនបានត្រូវតម្លៃគ្នាឡើយ ។ លោកបញ្ជាក់ថា «ខ្លះមកសួរនាំហើយក៏បាត់ទៅវិញ ហើយខ្លះគេមកមើលហើយក៏ថាចេះ ថាចុះ ពោលគឺមិនត្រូវគ្នាតែម្តង ។ ការលក់ផ្ទះមិនទាន់ដាច់នេះ បានធ្វើឲ្យខ្ញុំកាន់តែបារម្ភខ្លាំង ព្រោះមិនមានលុយសម្រាប់បង់ធនាគារដែលបានជំពាក់ ។
ឥឡូវខ្ញុំកាន់តែចាស់ ហើយឧស្សាហ៍ឈឺថ្កាត់ និងរកអ្វីមិនបាន ហេតុនេះខ្ញុំបារម្ភ ក្រែងថ្ងៃក្រោយទៅមានអ្វីកើតឡើង នោះកូនច្បាស់ជាវ័ណ្ឌកនឹងបំណុលធនាគារមិនខាន »។ រហូតមកទល់ពេលនេះនាយចេក មិនបោះបង់ចោលគំនិតលក់ផ្ទះទេ ព្រោះនេះជាជម្រើសចុងក្រោយដែលលោកត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាទាល់នាពេលនេះ ។
តារាកំប្លែងនាយចេក បានប្រកាសលក់ផ្ទះដែលខ្លួនកំពុងរស់នៅ ដើម្បីដោះស្រាយបំណុលធនាគារ ខណៈពេលដែលតារាកំប្លែងរូបនេះ បានបាត់បង់ឱកាសស្ទើរទាំងស្រុងក្នុងការសម្តែង ហើយរស់នៅដោយការលក់ដូរបន្តិចបន្តួចនៅរមណីយដ្ឋានគិរីរម្យនាពេលបច្ចុប្បន្ននេះ ។ ផ្ទះដែលនាយចេកប្រកាសលក់នោះមានទីតាំងនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ខាងក្រោមថ្ម ។ តារាកំប្លែងរូបនេះបានប្រកាសលក់ក្នុងតម្លៃប្រមាណ១៧ម៉ឺនដុល្លារ ។
នាយចេក បញ្ជាក់ថា បើសិនជាលោកលក់ដាច់ផ្ទះនេះ លោកអាចនឹងត្រឡប់ទៅរស់នៅឯនៅស្រុកកំណើតនាខេត្តតាកែវវិញ ។ គាត់បានជំពាក់បំណុលធនាគារប្រមាណជិត២ម៉ឺនដុល្លារ ដោយលោកទើបតែបង់បាន១ឆ្នាំនៅសល់៨ឆ្នាំទៀត និងបំណុលឯកជនមួយចំនួនទៀតផង ៕



ចែករំលែកព័តមាននេះ