លោកកែវ ឯម មានទេពកោសល្យខ្ពស់ក្នុងការនិពន្ធបទភ្លេង និងទំនុកច្រៀង ។ មិនតែប៉ុណ្ណោះលោកអាចលេងឧបករណ៍តន្ត្រីច្រើនប្រភេទយ៉ាងស្ទាត់ជំនាញទៀតផង ពិសេសឧបករណ៍ត្រុំប៉ែត និងលេងព្យ៉ាណូ យ៉ាងប៉ិនប្រសប់ ។
លោកកែវ ឯម បន្សល់ស្នាដៃក្នុងសិល្បៈចម្រៀងជាច្រើនសុទ្ធតែ ពីរោះៗគាប់ចិត្តប្រិយមិត្តអ្នកស្ដាប់ ។

ទោះជាយ៉ាងណាក្ដីលោកកែវ ឯម គឺជាសិល្បកររងវិបត្តិដួងចិត្តដ្បិតស្នេហ៍ ។ ជាក់ស្ដែងបទចម្រៀង«ព្យ៉ាណូបាក់ខ្ទង់(អូនជារៃមាស)» គឺជាបទចម្រៀងលាតត្រដាងរឿងរ៉ាវប្រេះឆារវាងរូបលោក និងភរិយាអ្នកស្រីសូ សាវឿន ដោយភរិយាបានចាកចោលរូបលោក ទៅមានគូថ្មី ។
បើតាមលោកប៊ី សោភ័ណ ដែលដឹងរឿងរ៉ាវជាច្រើន ពិសេសក្នុងរង្វង់សិល្បៈភាពយន្ត និងចម្រៀង បានលើកឡើងថា លោកកែវ ឯម ស្រឡាញ់អ្នកស្រីសូ សាវឿន ណាស់ ។ មិនតែប៉ុណ្ណោះលោកក៏ប្រចណ្ឌអ្នកស្រីសូ សាវឿនណាស់ដែរ ។
ប្រភពដដែលឲ្យដឹងថា ក្នុងអំឡុងពេលបាត់ភរិយាអ្នកស្រីសូ សាវឿន នោះ លោកខំតាមរកគ្រប់ច្រកល្ហក ដោយសួរគេឯងដែលធ្លាប់ស្គាល់នាង តែគ្មានដំណឹងសោះ ។ «លោកកែវ ឯម ទ្រាំរស់នៅក្នុងនាមជាបុរសពោះម៉ាយកូន៣ ។ លុះពេលបានដំណឹងបែរជាអ្នកស្រីសូ សាវឿន មានប្តីថ្មីទៅហើយ គឺជាអ្នកមានបុណ្យសក្តិ មានទ្រព្យ មានកិត្តិយសជាងរូបលោក គឺ លោកសក្តិ៥ មាស ច័ន្ទលាភ ។ តើលោកកែវ ឯម ឈឺចាប់ប៉ុនណា ?» ។
លោកកែវ ឯម គឺជាសិល្បករក្នុងវង់តន្ត្រីយោធាភិរម្យ រួមជាមួយមិត្តសិល្បកររួមជំនាន់ជាច្រើនទៀត ៕

ចែករំលែកព័តមាននេះ